ជាតិ
បុណ្យអុំទូក
សេដ្ឋកិច្ច
អ្នកជំនាញ​៖ កម្ពុជា​នៅ​ខ្វះខាត​ទាំង​សេវាកម្ម និង​ផលិតផល ដើម្បី​ទទួល​គំហុក​ទេសចរ​ពេល​បុណ្យទាន​
22, Nov 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចំនួន​ពលរដ្ឋ​ចេញ​ដើរ​កម្សាន្ត​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ នឹងមាន​សន្ទុះ​ខ្លាំង ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ប៉ុន្តែ​អ្នក​ក្នុង​វិស័យនេះ​មើលឃើញថា កម្ពុជា​នៅ​ខ្វះខាត​សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ដើម្បី​ទទួល​គំហុក​ទេសចរ​ទាំងនោះ ក្នុងពេល​បុណ្យទាន​ម្ដងៗ​។​


 
​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) បាន​ឲ្យ​ដឹងថា ពលរដ្ឋ នឹងមាន​សន្ទុះ​ដើរ​កម្សាន្ត​នៅ​ខេត្ត​គោលដៅ ដែល​លោកស្រី​សង្កត់ធ្ងន់​នៅ​តំបន់ឆ្នេរ និង​ភូមិភាគ​ឦសាន​។ តែ​អ្នកស្រី​បន្ថែមថា តំបន់​ទេសចរណ៍​ខេត្តមណ្ឌលគិរី និង​រតនគិរី មិនទាន់​អាច​ទទួលភ្ញៀវ​បាន​គ្រប់គ្រាន់ ដោយនៅ​ខ្វះខាត​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​។​
 
​ប្រធាន CATA រូបនេះ បាន​មើលឃើញ​ពី​និន្នាការ​ពលរដ្ឋ​ទៅ​កម្សាន្ត​នៅ​ខេត្តកំពត និង​កែប​កាន់តែច្រើន ដោយសារ​ខេត្ត​ព្រះសីហនុ ខ្វះខាត​សេវាកម្ម​ស្នាក់នៅ​។ 
 
​លោកស្រី ស៊ីវ​លីន ហាក់​បារម្ភ​ពី​និន្នាការ​ធ្លាក់ចុះ​ពលរដ្ឋ​ទៅលេង​ខេត្ត​ព្រះសីហនុ ដោយសារ​បញ្ហា​ដែល​កើតឡើង​កន្លងមក ទាក់ទង​នឹង​គំហុក​ភ្ញៀវ​ចិន និង​បញ្ហា​សណ្ដាប់ធ្នាប់​។ «​កាលណា​មាន​បរទេស​មក​ច្រើនពេក​ទៅ ហើយ​ការរៀបចំ សណ្ដាប់ធ្នាប់ មិនទាន់​បានល្អ​ជាដើម ក៏មាន​ការប៉ះពាល់​ដែរ ពលរដ្ឋ​ក៏​អត់​ចង់​ទៅលេង​ដែរ​»​។ តែ​ទន្ទឹមនឹងនេះ​លោកស្រី​បាន​រំពឹង​ពី​ការចាប់អារម្មណ៍​របស់​ពលរដ្ឋ ទៅ​កម្សាន្ត​នៅ​បណ្ដា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជួយ​បំពេញ​ការ​ថមថយ​ណាមួយ​នៅ​តំបន់ឆ្នេរ​។​
 
​ពលរដ្ឋ នាពេល​សព្វថ្ងៃ មាន​និន្នាការ​ចង់​ដើរ​កម្សាន្ត​ទៅ​តំបន់​ថ្មីៗ ស្របពេល​ពួកគាត់​មាន​ប្រាក់ចំណូល​កាន់តែ​ប្រសើរ​។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី ឆាយ ស៊ីវ​លីន ដែល​លោកស្រី​ជំរុញ​អ្នកពាក់ព័ន្ធ​ត្រូវ​រៀបចំ​សេវាកម្ម ផលិតផល​ទេសចរណ៍ និង​សណ្ដាប់ធ្នាប់ បន្ថែមទៀត​ដើម្បី​ទាក់ទាញ​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក​កាន់​ច្រើន ជាជាង​ការចំណាយ​ទៅ​ក្រៅប្រទេស​៕
 

Tag:
 អុំទូក​
 ​ ឆាយ ស៊ីវ​លីន​
© រក្សាសិទ្ធិដោយ thmeythmey.com