ជាតិ
សេដ្ឋកិច្ច
ប្រធាន CATA ថា ខ្មែរកម្សាន្តក្រៅប្រទេសច្រើនក្នុងបុណ្យអុំទូក បើទោះចំនួនជើងហោះហើរនៅមានកម្រិត
× ភ្នំពេញ៖ ពលរដ្ឋខ្មែរចេញទៅកម្សាន្តក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានសន្ទុះកើនឡើង ដែលអាចច្រើនជាងឆ្នាំមុនទៅទៀត។ នេះបើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភា្នក់ងារទេសចរណ៍កម្ពុជា (CATA)។
លោកស្រី ឆាយ ស៊ីវលីន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៩ខែវិច្ឆិកាថា ស្របពេលដែលកម្រិតជីវភាពប្រសើរឡើង ពលរដ្ឋខ្មែរមាននិន្នាការធ្វើទេសចរណ៍ទៅក្រៅប្រទេសកាន់ច្រើន ពិសេសក្នុងឱកាសបុណ្យអុំទូកនេះ។ លោកស្រីប្រាប់ដូច្នេះថា៖«ពលរដ្ឋទៅក្រៅប្រទេស នឹងកើនខ្លះៗដែរ ហើយពួកគាត់ចូលចិត្តទៅកន្លែងទេសចរណ៍ប្លែកៗ។ ពលរដ្ឋនឹងចេញទៅប្រទេសចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ កូរ៉េ ជប៉ុន ហើយទៅខាងអារ៉ាប់ជាដើម»។
ប្រធានសមាគម CATA រូបនេះ បន្ថែមថា ចំនួនទេសចរទៅបរទេសក្នុងបុណ្យអុំទូក នឹងមានសន្ទុះជាងការព្យាករនេះទៅទៀត បើកម្ពុជាមានជើងហោះអន្តរជាតិចេញ-ចូល ច្រើនជាងសព្វថ្ងៃ។ «តាមពិត សន្ទុះអាចកើនជាងនេះទៀត តែដោយសារជើងហោះហើរនៅមានកម្រិត សំបត្រុយន្តហោះមិនអាចផ្ដល់បានច្រើនគ្រប់គ្នា»។ លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ដូចនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com