ជាតិ
បុណ្យអុំទូក
ការបង្កើត​បុណ្យអុំទូក គឺ​ដើម្បី​រម្លឹក​វីរភាព​នៃ​កងទ័ពជើងទឹក​ខ្មែរ​
10, Nov 2019 , 10:29 pm        
រូបភាព
​ការប្រណាំង​ទូក ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា​។ ការប្រណាំង​ទូក មាន​រយៈពេល​៣​ថ្ងៃ​តែម្តង គឺ​ចាប់​ពីថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែកត្តិក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែកឯ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​តែ​នៅ​ថ្ងៃទី​២​ប៉ុណ្ណោះ ពោលគឺ នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។​


 
​ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេស នៅ​ឆ្នាំ​១១៨១ និង​បានធ្វើ​ឲ្យ​ប្រទេសជាតិ រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។​
 
​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម នា​សម័យ​នោះ​។ 
 
​ពិធី​នេះ បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​តែង​នាំគ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី​។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។ ក្នុងឱកាស​បុណ្យអុំទូក ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត ក្រុង​មួយចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ឲ្យ​ខេត្ត​របស់ខ្លួន​ទៀតផង​។ 
 
​ក្នុង​ពិធី​នេះ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប គឺ​ដើម្បី​សម្តែង​ការ​រឭកគុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាកសិករ​។ ក្រៅពី​បណ្តែតប្រទីប ក៏មាន​ការបាញ់​កាំជ្រួច​ព្រោងព្រាត​ថែមទៀត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​ញ៉ាំង​ឲ្យ​ពិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​។​
 
​ឈានដល់​ថ្ងៃទី​២ គឺ​ថ្ងៃ​១៥ ខែ​ក​ក្តិ​ក នឹងមាន​ពិធី​មួយទៀត ហៅថា​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​។ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​ធ្លាប់​យោង​យកកំណើត​ជា​ទន្សាយ​៕  
 
​ប្រភព​៖ គេហទំព័រ​ទ្រឹស្តី​ពុទ្ធចក្រ​

Tag:
 ​អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com