ជាតិ
ព័ត៍មានសុខភាព
អ្នកជំនាញ​៖​ជំងឺ​ក្រួស​ក្នុង​តម្រងនោម កំពុងតែ​កើតឡើង​ច្រើន​នៅ​កម្ពុជា​
21, Nov 2018 , 9:59 pm        
រូបភាព
​ជំងឺ​ក្រួស​ក្នុង​តម្រងនោម កំពុងតែ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ លើ​ពលរដ្ឋ​កម្ពុជា​។ នេះ​បើតាម​ទីភ្នាក់ងារ​សា​ព័ត៌មាន​កម្ពុជា ដែល​បាន​ស្រង់​សម្តី លោក​វេជ្ជបណ្ឌិត ប៊ូ សុភាព  អ្នកឯកទេស​ជំនាញ​លើ​ការវះកាត់ ជម្ងឺ​តម្រងនោម និង​វះកាត់​ទូទៅ​។ អ្នកជំនាញ​រូបនេះ​បញ្ជាក់​ដូច្នេះ​៖« «​អ្នកជំងឺ​ក្រួស​ក្នុង​តម្រងនោម​ដែល​បានមក ពិនិត្យ និង​វះកាត់​តាម​មន្ទីរពេទ្យ កំពុងតែ​មានការ​កើនឡើង​»​។​


 
​ការកើត​ក្រួស​ក្នុង​តម្រងនោម​នេះ គឺ​បណ្ដាលមកពី មូលហេតុ​ចម្បងៗ ជាច្រើន​ដូចជា​អ្នកជំងឺ​ហូប​ទឹក​តិច បង្ក​ឱ្យ​ទឹកនោម​ខាប់ ការមិន​ហាត់ប្រាណ ដើម្បី​បញ្ចេញ​ញើស ឬ​ជាតិ​ខ្លាញ់​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ប៊ូ សុភាព ដោយបាន​ពន្យល់​ដូច្នេះ​៖«​ការហូប​សាច់​ច្រើន​សម្រាប់​អ្នក​ធាត់ របប​អាហារ​មិន​ត្រឹមត្រូវ អាច​បង្ក​ឱ្យ​កើតមាន​ក្រួស ដក់​ជាប់​ស្អិត​កកើត​ជា​ដុំ នៅ​នឹង​តម្រងនោម​។ ជាពិសេស​ជំងឺ​នេះ កើត​ឡើងលើ​បុរស​ច្រើនជាង​ស្ដ្រី​»​។​
 
​បើតាម​វេជ្ជបណ្ឌិត​ដដែល  រោគសញ្ញា​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម មានដូចជា​ឧស្សាហ៍​ឈឺ​ចុក​ឆ្អឹងខ្នង ឈឺពោះ ឬ​ឈឺ​ចុង​ភ្លៅ ឈឺ​ចុកចាប់​ពេល​នោម ឬ​នោម​ចេញឈាម  ព្រមទាំង​មាន​អាកា​រៈ​ក្អួតចង្អោរ​ជាដើម​។ ដើម្បី​ចៀសវាង​ជំងឺ​ក្រួស​ក្នុង​តម្រងនោម វេជ្ជបណ្ឌិត​ជំនាញ​បាន​ណែនាំ​ឲ្យ​ហូប​ទឹក​ឱ្យបាន​ច្រើន យ៉ាងហោចណាស់​២​លីត្រ​កន្លះ ឬ​៣​លីត្រ​ក្នុង​មួយថ្ងៃ​,​ហាត់ប្រាណ​ជាប្រចាំ​,​បន្ថយ​ការបរិភោគ​សាច់ និង​ប្រភេទ​អាហារ​ដែលមាន​ជាតិ​អាស៊ីតខ្លាំង ឬ​វីតាមីន C ៕
 
​ប្រភព​៖ AKP 

Tag:
 ជំងឺ​ក្រួស​ក្នុង​តម្រងនោម​
 ​សុខភាព​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com