ជាតិ
បុណ្យអុំទូក
សង្គមជាតិ
ចាស់ៗ​អាយុ​៦២,៦៧,៦៨​ឆ្នាំ មក​មើល​ការប្រណាំង​ទូក​«​ង​»​មិនដែល​ខាន​ឡើយ​
21, Nov 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពិធីបុណ្យ​អុំទូក ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ជាច្រើន​ដែល​មកពី​បណ្តា​ខេត្ត និង​ភ្នំពេញ នាំគ្នា​មក​ទស្សនាការ​ប្រណាំងទូក​ង នៅ​ទន្លេចតុមុខ​។ ចាស់ៗ ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ នៅតែ​បន្ត​មក​មើល​ការប្រណាំង​ទូកង​មិនដែល​ខាន ដើម្បី​គាំទ្រ​ដល់​កីឡាករ​អុំទូក និង​មក​ដំណើរ​កម្សាន្ត​ផងដែរ នា​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​២១ ដល់​២៣ ខែវិច្ឆិកា​។ 


 
​លោក ទន់ ចែ​ន មាន​អាយុ​៦៧​ឆ្នាំ ជា​អ្នករស់នៅ​ខេត្តព្រៃវែង បាន​នាំ​ក្រុមគ្រួសារ​មក​ភ្នំពេញ មើល​ការប្រណាំង​ទូកង នា​ពិធី​បុណ្យអុំទូក​។ រយៈពេល​៨​ឆ្នាំ​ហើយ ដែល​លោក​តែងតែ​ឡើងមក​ភ្នំពេញ ដើម្បី​មក​មើល​ការ​ប្រណាំងទូក លើកលែងតែ​ឆ្នាំ​គេ​គេ​មិន​រៀបចំ​ប៉ុណ្ណោះ​។ ជា​អតីត​អ្នកធាក់ស៊ីក្លូ លោក ទន់ ចែ​ន បញ្ជាក់ថា​៖«​អ៊ំ​មក​មើល​ការ​អុំទូក​នេះ​រហូតដល់​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​អុំ​ទុក​តែម្តង​។  អ៊ំ​ចង់​មក​សប្បាយ​ឃើញ​គេ​អុំទូក ដោយសារ​នេះ​ជា​ពិធី​បុណ្យជាតិ​យើង ហើយ​អ៊ំ​ចង់ដឹងថា​ទូក​ខេត្ត​ណា​ឈ្នះ​ផង​»​។​


 
​មុន​ឡើងមក​ភ្នំពេញ​ដើម្បី​មើល​ការ​ប្រណាំងទូក លោក ទន់ ចែ​ន បាន​ទស្សនាការ​ប្រណាំងទូក​«​ង​»​វែង​ជាងគេ​ដែល​អុំ​នៅ​ខេត្តព្រៃវែង​រួចមកហើយ​។ តែ​ដោយ​ចង់​មើល​ទៀត លោក ទន់ ចែ​ន សម្រេចចិត្ត​ឡើងមក​ភ្នំពេញ មកលេង​ពិធីបុណ្យ​អុំទូក​ដែលមាន​ទូក​ចូលរួម​ច្រើន​នេះ​ទៀត​។ លោក ទន់ ចែ​ន បញ្ជាក់ថា​៖«​អ៊ំ​ចង់​មើល​ការប្រណាំង​ទូកង នៅ​ភ្នំពេញ​ជាង ព្រោះ​មាន​ទូក​អុំ​ច្រើន ហើយ​ចង់​ដើរលេង​ជួបជុំ​ក្រុមគ្រួសារ​»​។ 
 
​ដូចគ្នា​ដែរ  អ្នកស្រី លៀង សំអុល ជា​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់ថា អ្នកស្រី​នឹង​មក​មើល​ការប្រណាំង​ទូក​នេះ​រយៈពេល​បី​ថ្ងៃ ដោយសារតែ​ផ្ទះ​របស់​អ្នកស្រី​នៅក្បែរ​កន្លែង​អុំទូក​។ មាន​អាយុ ៦២​ឆ្នាំ អ្នកស្រី សំអុល បាន​និយាយ​ដូច្នេះ​ថា​៖ «​អ៊ំ​ឭ​គេ​ផ្សាយ​ថា មាន​ទូកង​វែង​ជាងគេ​មក​អុំ​ដែរ ដូច្នេះ​អ៊ំ​ចង់ឃើញ​ផ្ទាល់ ម្យ៉ាងទៀត​អ៊ំ​ចង់​មក​ស្រូបយក​ខ្យល់អាកាស​ផង និង​បានមក​មើលគេមើលឯង​ផង កុំ​ឲ្យ​អផ្សុក​ពេក​។ ពេល​ល្ងាច​អីហ្នឹង អ៊ំ​នឹង​មក​មើល​គេ​បណ្តែតប្រទីប បាញ់​កាំជ្រួច និង​មើល​ការប្រគុំ​តន្ត្រី​»​។ 


 
​ស្រដៀង​គ្នា​ដែរ លោក គ្រី យ៉ាង មាន​អាយុ​៦៨ ឆ្នាំ កំពុង​អង្គុយ​មើល​គេ​ប្រណាំង​ទូកង រំភើបចិត្ត​នៅពេល​មាន​ពិធី​បុណ្យអុំទូក​នេះ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ខកខាន​ពិធីបុណ្យ​អុំទូក ដោយសារ​តែមាន​បញ្ហា​ផ្សេងៗ​កើតឡើង​។ អ្នក​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បញ្ជាក់ថា​៖ «​អ៊ំ​សប្បាយចិត្ត​នៅពេល​ពេល​រដ្ឋ​ខ្មែរ រក្សា​នូវ​វប្បធម៌​ខ្មែរ​ពី​បុរាណ​មក ដូចជា​ពិធីបុណ្យ​អុំទូក​នេះ  ហើយ​អ៊ំ​ពិតជា​រំភើប​ណាស់​នៅពេល​មាន​មនុស្សម្នា​មក​មើល​ច្រើន​ដូច្នេះ​»​។   
 
​នៅក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំនេះ មាន​ទូកប្រណាំង​ចំនួន​២៩៥ និង​មាន​កីឡាករ​អុំទូក ចំនួន​១៩០០១៧​នាក់​។ ជាមួយគ្នា​ដែរ គណៈកម្មការ​រៀបចំ​បុណ្យជាតិ បាន​ត្រៀម​កាណូត​ជាច្រើន​គ្រឿង​ផងដែរ សម្រាប់​សង្គ្រោះ បើ​មាន​ករណី​លិច​ទូក ក្នុងអំឡុងពេល​ប្រណាំងទូក​៕ 

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com