ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក​៖ សុខទុក្ខ​ពលរដ្ឋ គឺជា​សុខទុក្ខ​របស់​អាជ្ញាធរ​!
21, Nov 2018 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខណៈដែល​ពលរដ្ឋ កំពុង​សម្រុក​មកលេង​តាម​បណ្ដោយ​មាត់ទន្លេ ដែលជា​ទីកន្លែង​ប្រារព្វ​ពិធីបុណ្យ​អុំទូក​នោះ សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​មមាញឹក​ក្នុងការ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់​ដល់​ពលរ​ដ្ឋ​ផងដែរ​។ គ្រប់​ផ្លូវ​នៅតាម​ទីតាំង​សំខាន់ៗ​ចូលទៅ​តំបន់​បណ្ដោយ​មាត់ទន្លេ នៃ​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក​នោះ ត្រូវ​បានដាក់​រនាំង​ហាមឃាត់​ឡាន និង​ម៉ូតូ ចេញ​-​ចូល ពោលគឺ​ទាល់តែ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​។


 
«​សុខទុក្ខ​ពលរដ្ឋ គឺជា​សុខទុក្ខ​របស់​អាជ្ញាធរ​»​។ ពាក្យ​នេះ​គឺ​ចង់​សំដៅ​ទៅលើ​កាត​ព្វ​ជា​ចម្បង​មួយ​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ត្រូវ​ធានា​ការការពារ​សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ពិធីបុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃនេះ​។ បើ​ពលរដ្ឋ​បាន​សុខ អាជ្ញាធរ​ក៏មាន​សេចក្តីសុខ​ដូចគ្នា ពោលគឺ​មិន​ទទួលរង​ការស្តីបន្ទោស​ពី​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​បើ​ពលរដ្ឋ​មានទុក្ខ អាជ្ញាធរ​ក៏​គ្មាន​សេចក្តីសុខ​ដែរ​។ ដូច្នេះ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃនេះ អាជ្ញាធរ​គឺជា​ទី​ពំនាក់​របស់​ពលរដ្ឋ​។​


 
​ទាក់ទង​នឹង​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នេះ អគ្គ​ស្នងការរង​នគរបាលជាតិ លោក ទូច ណារ៉ុថ បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​ត្រៀមកម្លាំង​ទាំង​ចំហរ និង​សំងាត់ ជាង​១​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ វិច្ឆិកា​។ 


 
​បើតាម​លោក ទូច ណារ៉ុថ កងកម្លាំង​ចំហ ជា​កងកម្លាំង​ប្រចាំ​គោលដៅ និង​ចល័ត ហើយ​មាន​ឯកសណ្ឋាន និង​មាន​អាវុធ​នៅជាប់​ខ្លួន​។ ចំណែក កងកម្លាំង​សម្ងាត់​វិញ ជា​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ មាន​តួនាទី ដើរ​ប្រាប់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ដើរ​ចាប់​មុខសញ្ញា​ជនល្មើស ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៕
 
























Tag:
 ​អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com