ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យអុំទូក
ទូកង​ខ្វះ​អ្នក​ឧបត្ថម្ភ​អាច​ឈប់​ចូលរួម​ប្រកួត​នៅ​ឆ្នាំក្រោយ​បើ​នៅតែ​ខ្វះខាត​ស្បៀង​
22, Nov 2018 , 9:49 am        
រូបភាព
​ភ្នំពេញ​៖ ទូកង​ដែល​មក​ចូលរួម​ប្រណាំង​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ មួយចំនួន​មាន​អ្នក​ឧបត្ថម្ភ​គ្រប់គ្រាន់ តែ​មួយចំនួនទៀត មានការ​ខ្វះខាត​ច្រើន ព្រោះ​មិនមាន​អ្នក​ដែលជា​ជំហរ​ឧបត្ថម្ភ​។ ទូក​ដែល​ខ្វះខាត​អ្នក​ឧបត្ថម្ភ ច្រើនតែ​ជា​ទូក​នៅតាម​បណ្ដា​ខេត្ត​។ ដោយសារ​តែងតែ​ជួប​ការលំបាក​លើ​បញ្ហា​ស្បៀង ទូក​ដែល​ខ្វះខាត​ទាំងនោះ អាច​នឹងមិន​មក​ចូលរួម​ប្រកួត​នៅ​ឆ្នាំក្រោយៗ​ទៀតឡើយ​។


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្នុង​ឆ្នាំ​២០១៨​នេះ​ទូកង​ដែល​មក​ចូលរួម​ប្រណាំងប្រជែង ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីព សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​ជិត​៣០០​គ្រឿង ដែល​មកពី​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដាល​ខេត្ត​នានា​។ ក្នុងចំណោម​ទូក​ទាំងនោះ ទូក​ខ្លះ​មាន​ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ អ្នកមាន​ទ្រព្យ​ច្រើន ឬ ក្រុមហ៊ុន​ជួយឧបត្ថម្ភ ការចំណាយ និង​ស្បៀងអាហារ​គ្រប់បែបយ៉ាង ប៉ុន្តែ​មាន​ទូក​ខ្លះទៀត មិនមាន​អ្នក​ជួយ​ឧ​ត្ថ​ម្ភ​ឡើយ​។ ទូក​ដែល​គ្មាន​អ្នក​ឧបត្ថម្ភ​ទាំងនោះ ត្រូវ​ស្វះស្វែង​ដើររក​សុំ​ស្បៀង​និង​ទឹក​ឬ​ភេ​ស​ជ្ជះ​ពី​តាម​វត្ត​នានា នៅ​រាជធានី​ភ្នំពេញ បន្ថែម​ពី​ជំនួយ​របស់​អ្នកភូមិ​របស់​ពួកគេ​អស់​។ ទូក​ខ្វះ​អ្នក​ឧបត្ថម្ភ​ខ្លះ បាន​និយាយថា ឆ្នាំក្រោយ​អាច​នឹង​មិនមាន​វត្តមាន​វត្តមាន​ទូក​របស់​ពួកគេ ចូលរួម​ប្រកួត​ទៀតឡើយ បើ​នៅតែ​ខ្វះខាត​បែបនេះ​។​
 
​លោក ផ្លេក ភា​រុន គឺជា​កីឡាករ​ទូកង​មកពី​ខេត្តកំពង់ចាម ក្នុងស្រុក​បាធាយ បាន​ត្អូញត្អែរថា ទូក​របស់លោក​មិនមាន​អ្នកមាន​ទ្រព្យ ឬ ក្រុមហ៊ុន​ណា​ជួយឧបត្ថម្ភ​ឡើយ រាល់​ការចំណាយ​ផ្សេងៗ និង​ស្បៀង​ផង លោក​បាន​ពី​វត្ត និង​អ្នកភូមិ​រ៉ៃ​គ្នា​ជួយ​តែប៉ុណ្ណោះ​។ លោក ភា​រុន បញ្ជាក់​៖ «​ដើរ​សុំ​តាម​វត្ត សុំ​គ្រប់​សព អង្ករ ទឹក​សុទ្ធ មី ឱ្យតែ​សប្បុរសជន​ឱ្យទទួល​ទាំងអស់​»​។ 


 
​ត្រូវ​មក​មុន​ថ្ងៃ​ប្រកួត​ប៉ុន្មាន​ថ្ងៃ ស្បៀង​បម្រុង​ក៏​កាន់តែ​ហោចទៅ លោក​ត្រូវ​ទៅ​ដើរ​សុំ​ជំនួយ​ផ្សេងៗ ដូចជា អង្ករ ទឹក និង​ភេសជ្ជៈ​ផ្សេងៗ​នៅតាម​វត្ត​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទ្រទ្រង់​កីឡាករ​បាន​ខ្លះ​។ ទូកង​មកពី​ខេត្តកំពង់ចាម​ដែល​បានមក​ចូលរួម​ប្រណាំង​ជិត​២០​ឆ្នាំ​មកហើយ​នេះ រំពឹង​ទៅលើ​តែ​ការដើរ​សុំ​ជំនួយ​ពី​វត្ត នៅ​រាជធានី​ភ្នំពេញ និង​ពី​ទូក​ដូចគ្នា​ដែល​សំបូរ​ដោយ​គេ​ចែករម្លែក​ឱ្យ​ខ្លះ​៖ ចំណាយ​សព​មុខ​អស់​ច្រើនណាស់ ខ្វះ​អ្វី​ទិញ​ហ្នឹង​។ អ្នកភូមិ​រៃ​គ្នា​មក​បាន​៣០​ម៉ឺន ខ្វះខាត​ចេះតែ​ដើរ​សុំ​គេ​»​។ 
 
​ក្នុង​មួយថ្ងៃ​យ៉ាង​ហោ​យ​ណាស់​ទូក​មួយគ្រឿង​នេះ ត្រូវ​ចំណាយ​អង្ករ​អស់​មួយ​បេ​កន្លះ និង​ចំណាយ​ប្រមាណ​៥០​ម៉ឺន​រៀល ទៅលើ​ម្ហូបអាហារ និង​ទិញ​សម្ភារៈ​ចាំបាច់​មួយចំនួន​។ «​មួយថ្ងៃ​ចំណាយ​៥០​ម៉ឺន​តូច​បំផុត ធ្វើ​ម្ហូប​តាម​សមរម្យ​ធ្វើ​ពីរ​មុខ អង្ករ​អស់​ជួន​ខ្ចី​គេ ឬ​ទិញ​ទៅ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ភា​រុន​។​
 
​លោក ភា​រុន ត្អូញត្អែរ​ពី​ការពិបាក​ស្វែងរក​ជំនួយ និង​បាន​សំណូមពរ​ដល់​សប្បុរស​ជន​យ៉ាង​ដូច្នេះ​ថា​៖ «​ពិបាក​ណាស់​កំពុង​ដើរ​សុំ​គេ​ខ្វែង​ជើង​ខ្វែង​ដៃ​។ អ្វី​ក៏ដោយ​ឱ្យតែ​គេ​ឱ្យ យក​ទាំងអស់​។ ព្រឹក​មិញ​មាន​ក្រុមហ៊ុន​គេ​ឱ្យ​ទូក​ផ្សេងៗ តែ​ខ្ញុំ​ទៅ​គេ​ថា​មិនមាន​ឈ្មោះ គេ​មិនឱ្យ​»​។​
 
​ចំណែក​ទូក​របស់លោក ស៊ឺន យ័ន មកពី​កំពង់ចាម ដែល​ចូលរួម​ប្រកួត​៣​ឆ្នាំ​ហើយ​នោះ ក៏​មិនមាន​អ្នក​ឧបត្ថម្ភ​ដែរ​។ លោ​កថា​រាល់​ឆ្នាំ​តែងតែ​ពិបាក​រក​ស្បៀង និង​ខ្វះខាត​គ្រប់យ៉ាង ហើយ​បើ​នៅតែ​ដូច្នេះ​ទៀត​ទូក​របស់លោក​អាច​នឹង​មិនមាន​វត្តមាន​នៅ​ឆ្នាំក្រោយ​ទៀត​ទេ។​ 
 
​អ្នកដឹកនាំ​ទូក​រូបនេះ​ថា កីឡាករ​តែងតែ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​រួម​៖ «​ជួយ​បានតែ​ត្រឹម​វត្ត​ហ្នឹង បើ​វត្ត​អត់​ក៏​យើង​អត់​ដែរ​ហ្នឹង អ្នកស្រុក​គាត់​អត់​ដែរ​។ គេ​មិន​ចង់​មកទៀត​ទេ ព្រោះ​ចេះតែ​ខ្វះខាត​ចឹ​ង ហើយ​គេ​ត្រូវ​ចំណាយ​ប្រាក់​ខ្លួនឯង​បួន​ប្រាំ​ម៉ឺន​ទៀត​។ ចង់ឱ្យ​តែ​គេ​ជួយ​ឱ្យ​ច្រើន បាន​ហូប​គ្រប់គ្រាន់​គេ​ចេះតែ​ចង់​មក​»​។​
 
​មិន​ខុសគ្នា​ពី​ទូក​ខាងលើ​ឡើយ ទូក​របស់លោក ភ្លូ ចូក ដែល​មកពី​វត្ត​មេ​ព្រីង ស្ថិតក្នុង​ខេត្តកមពង់ចាម ក៏ត្រូវ​ដើរ​សុំ​ជំនួយ​ពី​វត្ត​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ដែរ​។ ទូក​នេះ​បាន​ធូរ​ជាង​ទូក​ខាងលើ​បន្តិច ដោយសារតែ​ខាង​ខេត្ត​បាន​ជួយ​ជា​អង្ករ​ខ្លះៗ សម្រាប់​ផ្គត់ផ្គង់​កីឡាករ​។ លោក ភ្លូ ចូក បញ្ជាក់​៖«​តាៗ​នៅ​វត្ត​ជួយ​បាន​២០​ម៉ឺន​ជាង ហើយ​អង្ករ ខាង​ខេត្ត​ជួយ​បាន​៨​បេ​ដែរ​»​។​
 
​ងាក​មក​ទូកង​មកពី​ខេត្តស្ទឹងត្រែង​វិញ​ម្ដង​។ ក្នុងចំណោម​ទូកង​ដែល​ខ្ញុំ​បាន​សម្ភាស​ទាំងអស់ ទូកង​ដែលមាន​ឈ្មោះថា សេ​កង់​សែន​ជ័យ​បារមី​ព្រះអង្គ​ធំ ដែល​មកពី​ខេត្តស្ទឹងត្រែង​មួយ​នេះ ហាក់​មានសំណាង​ជាងគេ ព្រោះ​មាន​អភិបាលខេត្ត​ស្ទឹងត្រែង​ជួយ​ទំនុកបម្រុង​យ៉ាង​យកចិត្តទុកដាក់​។ «​គាត់​មក​មើល​ការហូប​របស់​កីឡាករ គ្រប់គ្រាន់​ឬ​អត់ ក្នុង​ម្នាក់​គាត់​ឱ្យ​ចុងភៅ​ចំណាយ​ក្នុង​ម្នា​ក់បួន​ម៉ឺន​រៀល ហើយ​ប្រាក់ឧបត្ថម្ភ​ទៅ​ស្រុក​វិញ​ផ្សេងទៀត​»​។ នេះ​ជាក​ការបញ្ជាក់​របស់លោក ឡាប់​ពុ​ទ្ធី​។​


 
​ក្នុង​ឆ្នាំ​ពី​២០១៨​នេះ ទូកង​ដែល​មកពី​ខេត្តស្ទឹងត្រែង មានតែ​មួយ​នេះ​តែប៉ុណ្ណោះ​ដែល​មក​ប្រណាំង​ក្នុង​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​។ កីឡាករ​ទាំងអស់​ត្រូវ​បាន​ទំនុកបម្រុង​អាហារ​និង​ភេសជ្ជៈ​យ៉ាង​បរិបូរ​។ 
 
​លោក ឡាប ពុ​ទ្ធី ជា​អនុប្រធាន​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង និង​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង​ទូក​របស់​ខេត្តស្ទឹងត្រែង ដែល​ដឹកនាំ​ក្រុម​កីឡាករ​ទូកង សេ​កង់​សែន​ជ័យ​បារមី​ព្រះអង្គ​ធំ បាន​និយាយថា​៖ ប្រគល់ឱ្យ​អ្នកទទួលខុសត្រូវ​ផ្នែក​ម្ហូប​គ្រាន់តែ​បណ្ដោះអាសន្ន​១០​លាន​រៀល មួយពេល​២​មុន ហើយ​មាន​ពងមាន់​មួយពេល​២​គ្រាប់​បំប៉ន​ទៀត ចំណែក​ភេសជ្ជៈ​មាន​ដាក់​ទៅតាម​ទូក បំប៉នកម្លាំង​មិនឱ្យ​ខ្វះ​ទេ​»​។​
 
​ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីព សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ ក៏មាន​ទូកង​របស់​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​ផងដែរ​។ លោក ប៊ុន មុនី ជា​អ្នកដឹង​នាំ​ទូកងរ​កម្ពុជា​ក្រោម​មានជ័យ ថា​ទូកង​នេះ​មាន​ខ្មែរក្រោម​ទូទាំង​ពិភពលោក​ជួយឧបត្ថម្ភ​។ «​ជា​រៀងរាល់ឆ្នាំ​ពួក​ខ្ញុំ​តែងតែ​មក​ប្រកួត​មិនដែល​ខាន​ទេ លើកលែងតែ​ឆ្នាំ​ដែល​គេ​មិន​អុំ​។ ជំនួយ​គ្មាន​អ្នកណា​ឧបត្ថម្ភ​ផ្ដាច់មុខ​ទេ គឺ​បាន​បងប្អូន​ខ្មែរ​ទូទាំង​ពិភពលោក​ជួយ​ម្នាក់​បន្តិចៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ុន មុនី​៕

Tag:
 បុណ្យអុំទូក​
  ទូក​
  បុណ្យជាតិ​
 
© រក្សាសិទ្ធិដោយ thmeythmey.com