ជាតិ
បុណ្យអុំទូក
អុំទូកថ្ងៃដំបូង៖ អ្នកមានបញ្ហាសុខភាពជិត២ពាន់នាក់ តែមិនធ្ងន់ធ្ងរ រូបថត AFP
× ភ្នំពេញ៖ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានមនុស្សមានបញ្ហាមានសុខភាពជិត២ពាន់នាក់ត្រូវបានជួយសង្គ្រោះពិនិត្យ និងព្យាបាល។ ប៉ុន្តែពុំមានបញ្ហាអ្វីធ្ងន់ធ្ងរនោះឡើយ។
យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន១,៩៧៩នាក់ មានបញ្ហាសុខភាពតិចតួចក្នុងអំឡុងពេលដើរកម្សាន្តថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ពិនិត្យ និងព្យាបាល។ ក្នុងនោះជួយសង្គ្រោះដោយផ្តល់ថ្នាំមានចំនួន១,៩៤៧នាក់ សង្គ្រោះបឋមចំនួន៣១នាក់(ស្រី១៤នាក់) បញ្ជូនទៅមន្ទីរពេទ្យ១នាក់។
ទោះបីយ៉ាងនេះក្តី ក្នុងចំណោមពួកគេខាងលើពុំមានបញ្ហាសុខភាពធំដុំនោះទេ ពោលគឺត្រូវបានជួយសង្គ្រោះនៅតាមស្តង់ពេទ្យ ដែលបានដាក់ពង្រាយនៅតាមតំបន់នានាក្នុងបរិវេណប្រារព្ធពិធីបុណ្យតែម្តង។ បន្ថែមលើករណីខាងលើ ក៏មានករណីក្មេងវង្វេងឪពុកម្តាយ ឬសាច់ញាតិបងប្អូនមួយចំនួនផងដែរ នៅថ្ងៃទី១នេះ។
ប្រជាពលរដ្ឋប្រមាន៦០ម៉ឺននាក់បានចូលរួមទស្សនាការប្រណាំងទូក ប្រគុំតន្ត្រី និងដើរកម្សាន្តតាមតំបន់នានាក្នុងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍របស់លោក ឆាយ គឺមខឿន ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com