ជាតិ
បុណ្យអុំទូក
កីឡាករ «​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» ស្នាក់​នៅលើ​ស្រឡាង ដែល​ជួល​តម្លៃ​៧០០​ដុល្លារ
22, Nov 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ កីឡាករ​ទូក «​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» ស្នាក់​នៅលើ​ស្រឡាង ដែល​ជួល​តម្លៃ​៧០០​ដុល្លារ ក្រោម​ការរៀបចំ​របស់​ព្រះអង្គ ឌី សា​រិ ព្រះចៅអធិការ​វត្ត រកាអារ ។ 
​ព្រះអង្គ ឌី សា​រិ មាន​សង្ឃដីកា​ថា ការជួល​ស្រឡាង​ឲ្យ​កីឡាករ​ស្នាក់នៅ​នេះ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ពួកគេ ហើយ​វា​ក៏​ជាការ​លើកទឹកចិត្ត​ដល់​កីឡាករ​ក្នុងការ​ប្រកួត​ផងដែរ​។ បើតាម​ព្រះអង្គ ឌី សា​រិ ការជួល​ស្រឡាង​នេះ វា​ជួយ​សម្រួល​ច្រើន​ដល់​កីឡាករ​អុំទូក ដែល​អាច​ឲ្យ​ពួកគេ​សម្រាក​ទាំងយប់​-​ថ្ងៃ រួមទាំង​ការពារ​អាកាសធាតុ​បណ្ដោះអាសន្ន​ខ្លះ​ផងដែរ​។​


 
​នៅក្នុង​ស្រឡាង​នោះ មាន​គ្រែ​មួយ មុង និង​អង្រឹង រួមទាំង​សម្ភារ​របស់​កីឡាករ​ជាច្រើន​ទៀត សម្រាប់​សម្រាក​និង​ប្រើប្រាស់​ផ្ទាល់ខ្លួន ក្រោយ​បញ្ចប់​ការប្រកួត​។ យុវជន ឌី សំណាង ដែល​កំពុង​អង្គុយ​លើ​គ្រែ ក្រោយពី​ទទួលទាន​អាហារ​រួចរាល់​នោះ បាន​និយាយថា ការ​ស្នាក់​នៅលើ​ស្រឡាង​នេះ គឺ​វា​ផ្ដល់​ភាពកក់ក្តៅ​មួយ ដល់​កីឡាករ​ទាំងអស់ ហើយក៏​ជា​កម្លាំងចិត្ត​ដល់​ពួកគេ​បន្ថែម ក្នុងការ​ខំប្រឹង​យកជ័យ​ជម្នះ សម្រាប់​ការប្រណាំង​ទូក​នេះ​។ 
 
​យុវជន សំណាង ដែល​បាន​សម្រាក​នៅលើ​ស្រឡាង​នេះ អស់​រយៈពេល​៣​ថ្ងៃ​មកហើយ​នេះ បាន​និយាយ​ដូច្នេះ​ថា​៖ ចំពោះ​អារម្មណ៍​កីឡាករ​ទាំងអស់ បើសិន​ទទួល​បានការ​ស្នាក់នៅ​ល្អ​ស្រួល វា​គឺជា​ទឹកចិត្ត​មួយ​។ ហើយ​បើសិនជា​យើង​រស់នៅ​អត់​មាន​កន្លែង​ជ្រកកោន​ត្រឹមត្រូវ ហើយ​ស្អាត​នោះ វា​ក៏​ជា​បញ្ហា​មួយ​ដល់​សុខភាព​ដែរ​»​។​
 
​ចំពោះ​ការចំណាយ​លើ​ការជួល​ស្រឡាង​តម្លៃ​៧០០​ដុល្លារ​នេះ គឺមាន​ជំនួយ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​ខាង​គណៈកម្មាធិការ​ទូក ដែលមាន​ព្រះអង្គ ឌី សា​រិ ជា​អ្នករ៉ាប់រង​ដោះស្រាយ ពោលគឺ​មិនមាន​បញ្ហា​អ្វី​ឡើយ​។ នេះ​បើតាម​ព្រះអង្គ សា​រិ ដែល​បាន​បន្ថែមថា ថវិកា​ចំណាយ​សម្រាប់​ឲ្យ​កីឡាករ ចូលរួម​ប្រកួត​ប្រណាំងទូក​ឆ្នាំនេះ គឺមាន​ខ្ទង់ចំណាយ​គ្រប់គ្រាន់​៕
 

Tag:
 អុំទូក​
  ព្រះអង្គ ឌី សា​រិ​
© រក្សាសិទ្ធិដោយ thmeythmey.com