ជាតិ
បុណ្យអុំទូក
អបិយជំនឿ! ព្រះអង្គ ឌី សារិ ពន្យល់មូលហេតុដែលដាក់ឈ្មោះទូក«អធិរាជស្ដេចកន»
× ភ្នំពេញ៖ អបិយជំនឿ! ទូក«អធិរាជស្ដេចកន តេជោសែនជ័យ» គឺជាទូកដែលបានប្រែឈ្មោះពីទូក«រកាអារ សែនជ័យ» អស់រយៈពេល៥ឆ្នាំមក ពោលគឺចាប់តាំងបីឆ្នាំ២០១៣មក។ មូលហេតុដែលប្តូរឈ្មោះទៅជា«អធិរាជស្ដេចកន»នេះ ដោយសារតែប្រជាពលរដ្ឋ មានជំនឿលើបារមីរបស់«ព្រះស្ដេចកន»។
ព្រះអង្គ ឌី សារិ ព្រះចៅអធិការវត្ត រកាអារ មានសង្ឃដីកាពន្យល់ថា ការប្ដូរឈ្មោះទូកនេះ ដោយសារតែព្រះអង្គ បានសុបិនឃើញព្រះស្ដេចកន មកសុំទូកមួយពីព្រះអង្គ ហើយព្រះអង្គក៏សន្យាប្រគល់ទូកមួយ ឲ្យព្រះស្ដេចកន នៅក្នុងសុបិននោះ។ ក្រោយពីសន្យារួចហើយ ស្រាប់តែប៉ុន្មានថ្ងៃក្រោយ ក៏មានអភូតហេតុកើតឡើង ដោយទូកមួយគ្រឿងក្នុងវត្តបានរសាត់បាត់តាមទឹកទៅ រហូតរកឃើញនៅកន្លែងផ្សេងទៅវិញ។ ដូច្នេះទើបព្រះអង្គ សម្រេចប្ដូរប្រសិទ្ធនាមទូក ពី«រកាអារ សែនជ័យ» មកទូក«អធិរាជស្ដេចកន តេជោសែនជ័យ»វិញ។
សូមលោក-អ្នកនាងស្ដាប់សង្ឃដីការបស់ព្រះអង្គ ឌី សារិ ព្រះចៅអធិការវត្ត រកាអារ ដែលពន្យល់ប្រាប់សារព័ត៌មានថ្មីៗដូចតទៅ៖
ទូក«អធិរាជស្ដេចកន តេជោសែនជ័យ» ត្រូវបានកីឡាករចំណុះទូក រួមទាំងគណៈកម្មាធិការទូកនេះ មានជំនឿខ្លាំងលើបារមី «ព្រះស្ដេចកន» ដែលតែងតែជួយដល់កីឡាករក្នុងការទទួលបានជ័យជម្នះ ហើយចំណាត់ថ្នាក់លេខ១ និងលេខ២ កន្លងមក។ ប៉ុន្តែដើម្បីទទួលបានជ័យជម្នះនោះ កីឡាករទាំងអស់ មិនត្រូវជេរគ្នា ឬពាក់ស្បែកជើង ឡើងលើទូកមុនពេលប្រកួតឡើយ ព្រោះជាត្រណមរបស់ទូក«អធិរាជស្ដេចកន»។
Tag:
អុំទូក
អធិរាជស្ដេចកន
© រក្សាសិទ្ធិដោយ thmeythmey.com