ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របាយការណ៍​សិក្សា​៖ រា​ង្គ​កាយ​ធាត់​ជ្រុល​ត្រូវ​ប្រឈម​នឹង​ជំងឺមហារីក​ខ្ពស់​
22, Nov 2018 , 8:39 pm        
រូបភាព
​កោសិកា​ពិសេស​ម្យ៉ាង​របស់​មនុស្ស​ដែលមាន​នាទី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​មិនអាច​ធ្វើការ ដោយ​ប្រក្រតី​ឡើយ បើ​នៅក្នុង​សរសៃឈាម​សំបូរ​ទៅដោយ​ជាតិ​ខ្លាញ់​។ ដូច្នេះហើយ អ្នក​ដែល​ធាត់​ងាយ​ប្រឈម​នឹង​ជំងឺមហារីក​។

 
​យោងតាម​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុខភាព​នៅ​សាកលវិទ្យាល័យ Trinity នៅឯ​ទីក្រុង Dublin របស់​ប្រទេស​អៀឡង់ កោសិកា​ពិសេស​នៅក្នុង​រូបរាងកាយ​មនុស្ស​មាន​តួនាទី​សំខាន់​ក្នុងការ​ប្រឆាំង​មេរោគ​មហារីក​។ ប៉ុន្តែ​វា​ប្រឈម​នឹង​បញ្ហា​នៅពេលដែល​សារធាតុ​ខ្លាញ់​កើនឡើង​ក្នុង​សរសៃឈាម​មនុស្ស​នោះ​។​
 
​ជាធម្មតា មនុស្ស​ភាគច្រើន​បានដឹង​ច្បាស់​ថា ការ​ពិសារ​បារី ស្រា​បៀរ ឬ​ការហូប​អាហារ​ដែលមាន​ជាតិគីមី​ច្រើន​អាចជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​កើតមាន​ជំងឺមហារីក​។ ប៉ុន្តែ​បើតាម​ការសិក្សា​ខាងលើ​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC  រា​ង្គ​កាយ​មនុស្ស​ដែល​ធាត់​ជ្រុល និង​សម្បូរ​ដោយ​ខ្លាញ់​ក្នុង​សរសៃឈាម​អាច​ប្រឈម​នឹង​ជំងឺមហារីក​ខ្លាំង​ផងដែរ​។ 
​របាយការណ៍​នោះ​បង្ហាញថា នៅក្នុង​ប្រទេស​អង់គ្លេស មួយ​ក្នុងចំណោម​ម្ភៃ​ករណី​នៃ​ជំងឺមហារីក​គឺ​កើតឡើង​ដោយសារ​រា​ង្គ​កាយ​ធាត់​ជ្រុល​នេះ​។ ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​ខាង​ឱសថ​សាស្ត្រ​កំពុងតែ​សិក្សា​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​ផលិត​ឪ​សថ​ដែល​អាច​ទប់ស្កាត់​នឹង​បញ្ហា​នេះ​បាន​។ ឱសថ​ថ្មី​ដែល​គេ​ស្រាវជ្រាវ​នេះ​គឺ​ផ្តោតលើ​តួនាទី​ជំរុញ​តួនាទី​របស់​កោសិកា​ប្រឆាំង​ជំងឺមហារីក​ឡើងវិញ​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី អ្នកជំនាញ​ខាង​ផ្នែក​សុខភាព​តែង​ផ្តល់​ដំបូន្មាន​ដល់​មនុស្ស​ឲ្យ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ទៀត​ទាត់ រួមជាមួយ​ការកាត់បន្ថយ​គ្រឿង​ស្រវឹង បារី និង​ពិសារ​អាហារ​ដែល​សម្បូរ​ដោយ​​ជីវជាតិ​។ នេះ​ក៏ដោយ​សារ វា​ជា​វិធីសាស្ត្រ​ដែល​ល្អ​ក្នុង​ការបញ្ចៀស​ជំងឺមហារីក ដោយ​មិនចាំបាច់​ប្រើប្រាស់​ថ្នាំ​ឬ​ឱសថ​ផ្សេងៗ​ដែលមាន​តាម​មន្ទីរពេទ្យ​នោះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com