ជាតិ
បុណ្យអុំទូក
ជាង​ធ្វើ​ទូក បារម្ភ​ខា្ល​ច ទូកង បាត់បង់​ក្នុង​ថ្ងៃ​អនាគត ព្រោះ​ខ្វះ​ដើម​គគីរ​
23, Nov 2018 , 7:09 am        
រូបភាព
​កណ្ដាល​៖ លោក ទ្រី ប៊ុនហួរ ជាង​ធ្វើ​ទូក​ជាង​៣០​ឆ្នាំ បាន​ត្អូញត្អែរ​ពី​ការពិបាក​រក​ឈើ​គគីរ ដែលជា​ឈើ​ល្អ​បំផុត​សម្រាប់ធ្វើ​ទូក​។ លោក បាន​ឲ្យ​ដឹងថា ដើម​គគីរ ដែល​អាច​យកមក​ធ្វើ​ទូក​បាន​ទាល់​តែមាន​អាយុកាល​ច្រើន​ឆ្នាំ​។ បើ​អស់​ដើម​គគីរ ទូក​«​ង​»​វែង ក៏​បាត់បង់​ដែរ​។  លោក ទ្រី ប៊ុនហួរ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​គគីរ​ឥឡូវ មិនសូវមាន​ទេ ព្រោះ​គេ​កាប់​ច្រើនពេក បាត់បង់​ទៅៗ​។ បើតាម​ខ្ញុំ​ប៉ាន់ស្មាន​មើល ប្រហែល​៤ ទៅ​៥​ឆ្នាំ​ទៀត អាច​ថា​អស់​ឈើ​គគីរ​ធ្វើ​ទូក​វៃ​ង​ហើយ ប្រហែល​យក​ទូក​ចាស់ៗ ទៅ​កែកុន​ថ្មី​ហើយ ដោយសារ​គគីរ​គេ​ត្រូវការ​ច្រើន ជាពិសេស​គេ​យកទៅ​ធ្វើ​ផ្ទះ តុ ទូ និយាយ​ឲ្យ​ចំ​កន្លែង​សិប្បកម្ម​»​។


​ជាង​ធ្វើ​ទូក​ដែល​ចេះ​ពី​ឪពុក​ខ្លួន​រូប​រូបនេះ បាន​សម្ដែង​ក្តីបារម្ភ​ថា ក្នុង​ថ្ងៃ​អនាគត អាច​នឹង​បាត់បង់​ដើម​គគីរ​សម្រាប់ធ្វើ​ទូកង​វែង​។ លោក បន្ថែមថា សព្វថ្ងៃ ដើម​គគីរ មានតែ​នៅ​តំបន់​ព្រៃ​អភិរក្ស​ព្រះ​រកា  នៅ​ខេត្តព្រះវិហារ​។ លោក​អះអាងថា ដើម​គគីរ​មួយ​ដើម​មាន​ប្រវែង​ចាប់ពី ២៩ ទៅ​ជាង ៣០​ម៉ែត្រ​។ ហើយ​ទូក​មួយ ត្រូវ​ចំណាយ​ដើម​គគីរ​មួយ​ដើម ប៉ុន្តែ​បើ​ធ្វើ​ទូក​ពីរ ត្រូវ​ចំណាយ​ដើម​គគីរ​បី​ដើម​។ 
 
​លោក លើកឡើងថា​បែបនេះ​ថា​៖«​ចំពោះ​គគីរ ដែល​យកមក​ធ្វើ​ទូក​ក្នុង​មួយឆ្នាំ ចំណាយ​អស់​ប្រហែល ៤ ទៅ​១០​ដើម​ទេ ហើយ​ទូក​មួយ​អាច​ប្រើ​បាន​រយៈពេល ៥០​ឆ្នាំ ប៉ុន្តែ​អ្នកកា​ប់យក​ទៅធ្វើ​សិប្បកម្ម​ប្រមាណ​១០០ ទៅ​១០០០​ដើម មិនតិច​ទេ ខ្ញុំ​ឃើញជាក់ស្ដែង​»​។ 
 
​លោក ប៊ុនហួរ ដែល​កំពុង​ត្រួត​ពិនិត្យមើល​កូនជាង ធ្វើ​ទូក​ថ្មី នៅ​ខាងក្រោយ​វត្ត​ពិជ័យ​រង្សី  ស្ថិតនៅក្នុង ភូមិ​អ​ញ្ជែ​ង ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​បន្ថែមថា​៖«​ដើម្បី​បាន​ទូក​មួយ ម្ចាស់​ទូក​សុំច្បាប់​ពី​អាជ្ញាធរ​ថ្នាក់​មូល​ដ្នា​ន រហូត​ថ្នាក់​ខេត្ត រាជធានី​។ ពេល​ស្នើសុំ​រួច ម្ចាស់​ទូក​ត្រូវ​ឲ្យ​លិខិតអនុញ្ញាត​មក​ខ្ញុំ​។ ខ្ញុំ​យក​លិខិត​នោះ​ទៅ​ជួប​មេព្រៃ ដើម្បី​សុំ​ការអនុញ្ញាត​។ ពេល​កាប់ ត្រូវ​មើល​ដើម​គគីរ​ណា ដែល​មិន​ប៉ះពាល់​ដល់​ដើមឈើ​ដទៃ​។ មិន​ចេះតែ​កាប់​ផ្ដេសផ្ដាស​នោះទេ​»​។ 
 
​លោក បាន​អរគុណ​រាជរដ្ឋាភិបាល ដែល​បាន​ជួយ​អភិរក្ស​ព្រៃឈើ​នាពេល​កន្លងមក​។ លោក​បានស្នើ​ដល់​រាជរដ្ឋាភិបាល ឲ្យ​ជួយ​ការពារ​ដើម​គគីរ​បន្ថែមទៀត​៕ 

Tag:
 ទូកង
© រក្សាសិទ្ធិដោយ thmeythmey.com