ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា ស្លឹក​ដំឡូងជ្វា ល្អប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​
24, Nov 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹង​អំពី​អត្ថប្រយោជន៍​ជាច្រើន​នៃ​មើម​ដំឡូងជ្វា​ចំពោះ​សុខភាព​។ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ស្មាន​ដល់​ទេ​ថា ស្លឹក​នៃ​ដំឡូងជ្វា ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ​, វីតាមីន​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​, អាស៊ីត​ហ្វូ​លិ​ក​, សារធាតុ niacin, សារធាតុ thiamin, សារធាតុ riboflavin, ជាតិ​ស​សៃ និង​គុណសម្បត្តិ​ព្យាបាល​ផងដែរ​។ មិន​ត្រឹមតែ​មើម​ប៉ុណ្ណោះ​ទេ ស្លឹក​នៃ​ដំឡូងជ្វា​ក៏​អាច​ទទួលទាន​បានដែរ ដោយ​យកមក​ចម្អិន​ដូច​ប​ន្លៃ​ស្ពៃ ឬ​ធ្វើជា​អន្លក់​។ ខាងក្រោម​វេ​ប​សាយ​
Health.com.kh នឹង​បង្ហាញ​ពី​ឥទ្ធិពល​វិជ្ជមាន​មិនគួរ​ឲ្យ​ជឿ​នៃ​ការ​ទទួលទាន​ស្លឹក​ដំឡូងជ្វា​ចំពោះ​សុខភាព ៖
 
១. សុខភាព​ឆ្អឹង​
 
​មនុស្ស​ភាគច្រើន​គិតថា មានតែ​ជាតិ​កាល់ស្យូម​ប៉ុណ្ណោះ ដែល​ត្រូវការ​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​រឹងមាំ​ល្អប្រសើរ​។ ទោះបីជា​ស្លឹក​ដំឡូងជ្វា​មិនមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ប៉ុន្តែ​បរិមាណ​ដែលមាន​ផ្ទុក គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ជម្រុញ​ពង្រឹង​សុខភាព​ឆ្អឹង​។ លើសពីនេះ​ស្លឹក​ដំឡូងជ្វា ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន K ដែលមាន​ប្រសិទ្ធភាព​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង រួមទាំង​ការបាត់បង់​ម៉ាស​នៃ​ឆ្អឹង​ផងដែរ​។​
 
២. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
 
​ស្លឹក​ដំឡូងជ្វា មាន​ប្រសិទ្ធិភាព​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​កាត់បន្ថយ​ភាព​ធន់​នៃ​អាំង​ស៊ុយ​លីន​។ ហេតុនេះហើយ​ទើប​ស្លឹក​ដំឡូងជ្វា ជា​ជម្រើស​នៃ​បន្លែ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។​
 
៣. សុខភាព​ភ្នែក​
 
​ស្លឹក​ដំឡូងជ្វា មាន​ផ្ទុក​នូវ​វីតាមីន A ដែល​ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​ភ្នែក និង​បង្កើន​សុខភាព​ភ្នែក​ឲ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ផងដែរ​។​
 
៤. សុខភាព​អញ្ចាញធ្មេញ​
 
​បញ្ហា​ផ្សេងៗ​នៃ​អញ្ចាញធ្មេញ រួមទាំង​ធ្មេញ​ពុក​ប្រហោង គឺជា​លទ្ធផល​មួយ​នៃ​ការ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​កម្រិត​នៃ​វីតាមីន A, C, D និង វីតាមីន K ទាប​។ ប៉ុន្តែ​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ និង​វីតាមីន ជួយ​ទប់ស្កាត់​ជំងឺ​អញ្ចាញធ្មេញ និង​ជំងឺ​ពុក​ធ្មេញ​។ លើសពីនេះទៅទៀត ស្លឹក​ដំឡូងជ្វា មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ដែល​ធ្វើការ​រួមជាមួយ​ជាតិ​រ៉ែ និង​វីតាមីន​ដទៃទៀត​ក្នុង​រាងកាយ​កម្ចាត់​ចោល​នូវ​រាល់​ពពួក​បាក់តេរី​ដែល​បំផ្លាញ​កាចា​ធ្មេញ​។​
 
៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
 
​ស្លឹក​ដំឡូងជ្វា ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ឥទ្ធិពល​ជួយ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ លើសពីនេះទៅទៀត ស្លឹក​ដំឡូងជ្វា ក៏មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយផ្ដល់​ឲ្យ​រាងកាយ​នូវ​របាំង​ការពារ​ប្រឆាំង​មេរោគ​ឆ្លង រួមទាំង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក​។​
 
៦. ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ​
 
​ស្លឹក​ដំឡូងជ្វា មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ហើយ​ដំណើរការ​នៃ​ការរំលាយ​អាហារ​ត្រឹមត្រូវ​នឹងធ្វើ​ឲ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​បញ្ហា​នៃ​ជំងឺមហារីក​ពោះវៀនធំ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com