ជាតិ
ស​.​ស​.​យ​.​ក រៀបចំ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​រយៈពេល ២​ថ្ងៃ ដែលមាន​យុវជន​ចូលរួម​ប្រមាណ ១៣០០​នាក់
24, Nov 2018 , 5:01 pm        
រូបភាព
រូបភាពពីសហភាពសហព័ន្ធយុវជនកម្ពុជា
រូបភាពពីសហភាពសហព័ន្ធយុវជនកម្ពុជា
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ ដែល​ស្រប​នឹង​ខួប​ទី​៤០​ឆ្នាំ​របស់ខ្លួន នៃ​ការប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ក្នុងការ​រួមចំណែក​ក​សាង​បន្ថែម និង​លើកកម្ពស់​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤​នេះ ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។​



​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១២–២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨–២០២៣ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​កណ្តាល ។ ក្នុង​មហាសន្និបាត​នេះ នឹងមាន​កិច្ចពិភាក្សា និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​
 
​ក្នុង​ពិធី​បើក​មហាសន្និបាត​លើក​ទី​៤​នេះ នឹងមាន​ការចូលរួម​ពីស​ម្តេច សាយ ឈុំ  ប្រធានព្រឹទ្ធសភា​, លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី  ខេត្ត  និង​វិស័យ រួមទាំង​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សរុប​ទាំងអស់​ចំនួន ១៣០០​នាក់​។ ដោយឡែក ពិធី​បិទ​មហាសន្និបាត​នេះ នឹងមាន​អញ្ជើញ​ចូលរួម​ពីស​ម្តេច ហ៊ុន សែន  និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ដោយ​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។ 
 
​សូមបញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា  ជា​រណសិរ្ស​ទូលំទូលាយ​នៃ​យុវជន​កម្ពុជា ដែល​បាន​បន្ត​បេសកកម្ម​ពី​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​សមាគមយុវជន​កម្ពុជា ដែល​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្នុង​គោលដៅ​សំខាន់បំផុត​ដើម្បី​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួមចំណែក​ក​សាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​៕

Tag:
 ស​.​ស​.​យ​.​ក​
 ​សន្និបាត​
© រក្សាសិទ្ធិដោយ thmeythmey.com