ជាតិ
កូនលោក ជា យុទ្ធ​ថន គ្រោង​ដាំ​បន្លែ​ធ្វើជា​មធ្យោបាយ​ជួយ​កុមារកំព្រា ក្រៅពី​សុំ​ជំនួយ​សប្បុរសជន
25, Nov 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ លោក ថន ថា​រិ​ទ្ធ​សាវ​ភី បាន​បង្កើត​សមាគម​អប់រំ និង​ជួយ​ក្មេង​ក្រីក្រ នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​២០០៦ ដែល​ពី​ដើមឡើយ​មាន​ឈ្មោះថា សមាគម​អប់រំ និង​ថែទាំ​ក្មេង​កំព្រា​។ បច្ចុប្បន្ន​លោក​កំពុង​ស្វះស្វែង​សុំ​ជំនួយ​ពី​សប្បុរសជន​គ្រប់ទិសទី ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​សាងសង់​អាគារ និង​ផ្គត់ផ្គង់​ចំណីអាហារ​ដល់​កុមារ​ក្រីក្រ​ជាង​១០០​នាក់​។ ដោយ​មើលឃើញ​ពី​និរន្តរភាព​នៃ​ការជួយ​កុមារ លោក ថន ថា​រិ​ទ្ធិ​សាវ​ភី គ្រោង​រៀបចំ​ឱ្យមាន​កន្លែង​ដាំ​បន្លែ និង​ផលិត​ទឹក​សុទ្ធ ដើម្បី​ទ្រទ្រង់​សមាគម​ទៅ​ថ្ងៃ​អនាគត​។

 
​ជា​កូនប្រុស​តែ​ម្នាក់​របស់លោក ជា យុទ្ធ​ថន និង​អ្នកស្រី សោម វណ្ណ​ស៊ូ​ដា​នី ដែលជា​តារា​សម្ដែង​ដ៏​ល្បី​ក្នុង​ទសវត្សរ៍​ទី​៦០  លោក ថន ថា​រិ​ទ្ធិ​សាវ​ភី ក្នុងនាម​ជា​ស្ថាបនិក​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ លោក​មាន គោលដៅ​ធំ​បំផុត​មួយ គឺ​ការកសាង​សមត្ថភាព​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ដល់​កុមារ​។ 
 
​ដើម្បី​សម្រេច​គោលដៅ​នេះ សមាគម​លោក​បានរៀបចំ​ឲ្យ​មាន​ថ្នាក់រៀន សម្រាប់​កុមារ​ក្រីក្រ ដើម្បី​ជម​រុញ​ឲ្យ​ពួកគេ​បាន​រៀនសូត្រ​ដូច​កុមារ​ដទៃ​ដែរ​។ សមាគម​នេះ​មាន​បង្រៀន​សិស្ស​ពី​ថ្នាក់​ទី​១​ដល់ទី​១២ សម្រាប់​ក្មេង​ដែល​បោះបង់ចោល​ការសិក្សា និង​គ្មាន​លទ្ធភាព​រៀន​បន្ត​ការសិក្សា ព្រមទាំង​បង្រៀន​បំប៉នបន្ថែម​ភាសា​ខ្មែរ អង់គ្លេស បារាំង ចិន កំ​ព្យូ​ទ័​រ រូបវិទ្យា និង​គណិតវិទ្យា​។ នៅទីនេះ​ក៏មាន​បង្រៀន​អក្ខរកម្ម​ផងដែរ​។ 
 
​ដោយសារ​ការខ្វះខាត លោក ថន ថា​រិ​ទ្ធ​សាវ​ភី បាន​ស្វះស្វែង​សុំ​ជំនួយ​ពី​សប្បុរសជន ទាំង​ក្នុង​នឹង​ក្រៅប្រទេស តាមរយៈ​ការ​ច្រៀង​សុំ​ជំនួយ​។ សប្បុរសជន​ដែល​ផ្ដល់ជំនួយ​ដល់​លោក មានដូចជា អាមេរិក អូស្ត្រាលី បារាំង  បែ​ល​ស្ហិ​ច កាណាដា និង​តាម​បណ្ដា​រដ្ឋ​ជាច្រើន​ទៀត​។ សម្រាប់​ប្រាក់​ដែល​លោក ថា​រិ​ទ្ធ​សាវ​ភី ទទួលបាន​ពី​សប្បុរសជន នឹង​យកទៅ​សាងសង​អាគារ​ស្នាក់នៅ បណ្ដា​ល័យ អាគារ​សិក្សា ផ្ទះបាយ និង​កន្លែង​ទាត់​បាល់ ដែល​ទើបតែ​សាងសង់​បាន​ប្រមាណ​៣០​ភាគរយ​នោះ​។​


 
​ក្មេង​ក្រីក្រ​ដែល​សមាគម​នេះ​ជួយ មាន​បី​ប្រភេទ គឺ​ក្មេង​ដែលមាន​លទ្ធភាព​ខ្លះ ពួកគេ​អាចមក​ស្នាក់នៅ​ក្នុង​មណ្ឌល​បណ្ដោះ​អាស​ន្ត ថ្ងៃ​សៅរ៍​និង​អាទិត្យ ពួកគេ​អាច​ទៅផ្ទះ​ដើម្បី​យកប្រាក់ ឬ​អង្ក​រម​ករៀន​វិញ និង​ជួយ​មណ្ឌល​ខ្លះ​ផង​។ ក្មេង​ដែរ​មានលទ្ធភាព​តែ​ផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា ពួកគេ​អាច​នៅក្នុង​មណ្ឌល​មួយថ្ងៃ​ពេញ ហើយ​ពេល​ល្ងាច​ឡើង​ត្រឡប់ទៅផ្ទះ​វិញ​។ ចំណែក​ក្មេង​ដែល​ក្រីក្រ​ខ្លាំង ដោយសារ​ម្ដាយ​ឪពុក​មិនមាន​លទ្ធភាព​ឱ្យទៅ​រៀន ពួកគេ​អាចម​ករៀន ទទួលទាន​អាហារ និង​ស្នាក់​នៅក្នុង​មណ្ឌល ហើយ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ពួកគេ​អាច​ទៅលេង​គ្រួ​សារបាន​។ 
 
​ដោយ​មើលឃើញ​ពី​ការជួយ​កុមារ​ជា​និរន្ដរ៍ ស្ថាបនិក​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ លោក ថន ថា​រិ​ទ្ធិ​សាវ​ភី បានរៀបចំ​កន្លែង​ដាំ​បន្លែ សម្រាប់​ផ្គត់ផ្គង់​ក្នុង​សមាគម​ផង និង​លក់​ខ្លះ​ផង ដើម្បី​បាន​ចំណូល​ខ្លះ​ទ្រទ្រង់​សមាគម​។ ក្រៅពីនោះ​គម្រោង​ធ្វើ​ទឹកបរិសុទ្ធ និង​បញ្ជូន​សិស្ស​ឱ្យទៅ​បង្រៀន​ភាសា​ក្រៅ​ម៉ោង​នៅ​ខាងក្រៅ​សមាគម ក៏​ជា​ចំណែក​មួយ​ជួយ​រកប្រាក់​ទ្រទ្រង់​សមាគម​បាន​ខ្លះ​ដែរ​។​
 
​លោក ថន ថា​រិ​ទ្ធិ​សាវ​ភី បញ្ជាក់​៖« យើង​បាន​គិតគូរ​ពី​និរន្តរភាព​ជួយ​ក្មេង​ដែរ​។ ខ្ញុំ​បាន​ដាំ​បន្លែ​ខ្លះ​ហើយ តែដោយសារ​គ្មាន​របង ដូច្នេះ​សត្វ​ចេះតែ​មក​ស៊ី​អស់​។ ពេល​មានលទ្ធភាព​យើង​នឹងធ្វើ​របង​ឱ្យបាន​ជាប់លាប់ ហើយ​យើង​នឹង​រៀបចំ​ការដាំដុះ​ឱ្យបាន​ត្រឹមត្រូវ​។ យើង​មាន​គម្រោង​ផលិត​ទឹក​សុទ្ធ​លក់ និង​ការបង្រៀន​ក្រៅ​ម៉ោង​នៅ​កន្លែង​ផ្សេងៗ តែ​យើង​យកប្រាក់​ពី​សិស្ស​ក្នុងតម្លៃ​តិចតួច​បំផុត​។ ឥឡូវ​គម្រោង​ទាំងនោះ​មិនទាន់​ដំណើរការ​ទេ ព្រោះ​យើង​នៅ​ខ្វះ​លទ្ធភាព​ច្រើនណាស់​»​។​
 
​ក្រៅពី​ជួយ​កុមារ​កុមារកំព្រា និង​ក្រីក្រ សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ តា​សៅ​ថ្មដា ដែល​ស្ថិត​ក្នុងស្រុក​វាលរេញ ខេត្ត​ព្រះសីហនុ ក៏មាន​គម្រោង​ទទួល​ចាស់ជរា​មក​ថែទាំ​ផងដែរ​។ «​ចាស់ជរា​ដែល​គាត់​គ្មាន​ទីពឹង គ្មាន​កូនចៅ​មើលថែ យើង​អញ្ជើញ​គាត់​មក​ក្នុង​មណ្ឌល​។ ក្មេងៗ​កំព្រា​ដែល​គាត់​នៅទីនេះ យើង​ឱ្យ​គាត់​ថែទាំ​ចាស់ជរា ដើម្បីឱ្យ​គាត់​សន្សំ​បុណ្យ​ផង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សាវ​ភី​។​
 
​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ កំពុងតែ​ស្វែងរក​ម្ចាស់ជំនួយ ដើម្បី​គាំទ្រ​គម្រោង​ជួយ​ក្មេង​បោះបង់ចោល​ការសិក្សា ដោយសារតែ​កត្តា​ជីវភាព ដោយ​ឱ្យ​ជា​អង្ករ​ក្នុង​មួយខែ​១០​គីឡូ​ទៅ​គ្រួសារ​ក្មេង ដើម្បីឱ្យ​ពួកគេ​មានឱកាស​មក​រៀន​។ លោក សាវ​ភី បញ្ជាក់​៖«​បើ​ផ្ទះ​គាត់​មិនមាន​អង្ករ មិនមាន​អ្វី​ហូប ពួកគាត់​មិនអាច​ទៅ​រៀន​បានទេ​។ ពួកគាត់​ក្មេងៗ តែ​គា​ត់ទៅ​ដាក់​អន្ទាក់​សត្វ​នៅលើ​ភ្នំ​ឆ្ងាយៗ​ពី​ភូមិ​ណាស់ ដូច្នេះ​វា​គ្រោះថ្នាក់​ណាស់ ហើយ​គាត់​ក៏​គ្មាន​ពេល​មក​រៀន​ដែរ​»​។​
 
​សព្វថ្ងៃ​ក្មេង​ក្រីក្រ​ខ្វះ​លទ្ធភាព និង​ក្មេង​កំព្រា ដែល​សមាគម​អប់រំ និង​ថែទាំ​ក្មេង​ក្រីក្រ បាន​ជួយ​ទំនុកបម្រុង​មាន​ចំនួន​១១៥​នាក់​។ ជា​គ្រូ​ដែល​បង្រៀន​នៅ​សាលា​រដ្ឋ​ផង និង​ឆ្លៀតពេល​បង្រៀន​នៅក្នុង​សមាគម​ខ្លះ​ផង​នោះ លោក សាវ​ភី បាន​បញ្ជាក់ថា សមាគម​របស់លោក​ទ​ទួល​ក្មេង​ក្រីក្រ និង​កំព្រា​គ្រប់ទិសទី បើសិនជា​ពួកគេ​ចង់​រៀន​បន្ត ហើយ​គ្មាន​លទ្ធភាព ដោយ​គ្រាន់តែ​មានការ​បញ្ជាក់​ពី​ភូមិ​ឃុំ​ថា​ពិតជា​ក្រីក្រ​មែន​។ លោក​ក៏បាន​សំណូមពរ​ដល់​សប្បុរស​ជន​គ្រប់ទិសទី សូមមេត្តា ជួយ​ដល់​ក្មេង​ក្រីក្រ ឱ្យបាន​ចូលរៀន ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​ផងដែរ​៕
 

Tag:
 ភ្នំពេញ​
  សមាគម​អប់រំ និង​ជួយ​ក្មេង​ក្រីក្រ​
  ថន ថា​រិ​ទ្ធិ​សាវ​ភី​
  កូនលោក ជា យុទ្ធ​ថន​
  កុមារ​ក្រីក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com