ជាតិ
កម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយ លាយជាមួយខ្យល់បក់បោក ពីថ្ងៃទី២៥-២៧ វិច្ឆិកា
× ភ្នំពេញ៖ ឥទ្ធិពលព្យុះទីហ្វុង USAGI នឹងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសកម្ពុជា នាយប់ថ្ងៃទី ២៥ ខែវិច្ឆិកានេះ។ ឥទ្ធិពលរបស់ព្យុះនេះ នឹងនាំមកនូវទឹកភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំជាមួយខ្យល់បក់បោក។ នេះបើតាមសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលចេញផ្សាយនៅល្ងាចថ្ងៃទី ២៤ វិច្ឆិកា។
ក្រសួងធនធានទឹក បញ្ជាក់ថា កូនព្យុះ USAGI បានវិវត្តខ្លួន និងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុង ជាមួយនឹងល្បឿនអតិបរមាក្បែរផ្ចិតរបស់ព្យុះមានល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម។
បើតាមការព្យាករខាងលើ ព្យុះទីហ្វុង USAGI នឹងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសកម្ពុជា នាយប់ថ្ងៃទី ២៥ ខែវិច្ឆិកានេះ។ ឥទ្ធិពលព្យុះនេះ នឹងនាំមកនូវទឹកភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំជាមួយខ្យល់បក់បោកក្នុងល្បឿន ពី ១៣ ទៅ ១៥ ម៉ែត្រក្នុងមួយវិនាទី ពិសេសនៅតំបន់ទំនាបកណ្ដាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ (ពីថ្ងៃទី ២៥ ដល់២៧ ខែវិច្ឆិកា។
ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅរាជធានី-ខេត្តមួយចំនួន នៃតំបន់ទំនាបកណ្ដាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ។ ទន្ទឹមនឹងនេះ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៥-២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។ នេះបើតាមសេចក្ដីដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com