ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការអភិវឌ្ឍ ភាពអយុត្តិធម៌ និង​វិនាសកម្ម​ផែនដី បង្ហាញ​ក្នុង​គំនូរ​បី​ផ្ទាំង​
25, Nov 2018 , 3:29 pm        
រូបភាព
​ភ្នំពេញ​៖ គំនូរ​វិចិត្រកម្ម​រប​ស់​វិចិត្រករ​ចំនួន​២១​រូប ដែល​បានដាក់​តាំងពិព័រណ៍​នៅក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ បានបង្ហាញ​ពី​អត្ថន័យ​ពេលវេលា ទៅតាម​ការ​ស្រមើល​ស្រមៃ និង​ក្ដីកង្វល់​របស់ខ្លួន ដែល​បាន​ពី​ការ​ឃើញ​តថភាព​ជាក់ស្ដែង​។ ក្នុងចំណោម​គំនូរ​ទាំងនោះ គំនូរ​ខ្លះ​បង្ហាញ​ពី​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ខ្លះ​និយាយ​ពី​វិនាសកម្ម​របស់​ពិភពលោក​ដោយ​ការបំពុល​បរិស្ថាន និង​ការស្វែងរក​យុត្តិធម៌​ក្នុងសង្គម​ជាដើម​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




 
​បើ​គេ​ដើរចូល​ទៅក្នុង​សាល​ពិព័រណ៍​គំនូរ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ នា​បន្ទប់​អាគារ​ផ្នែក​ខាងត្បូង នោះគេ​នឹង​ឃើញ​មាន​រូបគំនូរ​សហ​សម័យ​ជាច្រើន ដាក់តាំង​បង្ហាញ​ឱ្យ​ទស្សនិកជន​ទស្សនា​។ គំនូរ​នៅទីនេះ​ទាំងអស់​សុទ្ធសឹងតែ​បាន​សម្រិតសម្រាំង​គុណភាព អត្ថន័យ និង​ខ្លឹមសារ​អប់រំ​ជ្រាលជ្រៅ​។ 


 
​ឆ្ពោះ​ពី​មាត់ទ្វារ​ទៅ​ត្រង់ គំនូរ​នៅ​ផ្នែក​ខាងស្ដាំ​ដៃ​ចុង​ផុត​គេ នា​ជ្រុង​ម្ខាង​នៃ​សាល បានបង្ហាញ​ពី​អនាគត​របស់​ពិភពលោក​។ គំនូរ​នេះ​មាន​រំលេច​រូប​ផែនដី​មូល នៅ​ពីក្រោយ​អាគារ​ខ្ពស់ៗ ព្រមទាំង​មាន​មនុស្ស​កំពុង​ធ្វើ​សកម្មភាព​ផ្សេងៗ នៅ​ផ្ទៃ​ខាងមុខ​គេ​នៃ​គំនូរ​។ គំនូរ​មួយ​ផ្ទាំង​នេះ​ជា​ស្នាដៃ​របស់​វិចិត្រករ តូច រ៉ា ដែល​ធ្វើការ​នៅ​នាយកដ្ឋាន​សិល្បៈ​សូន​រូប​និង​សិប្បកម្ម​។​


 
​គំនូរ​ដែល​ពណ៌​នាពី​វិនាសកម្ម​របស់​ផែនដី​ដោយសារតែ​ការបំពុល​បរិស្ថាន ត្រូវបាន​លោក តូច រ៉ា បញ្ជាក់ថា ការ​ជឿនលឿន​ក្នុងសម័យ​បច្ចុប្បន្ន ដែល​ពោរពេញ​ដោយ​កាកសំណល់​គ្រប់​ប្រភេទ ផ្សែង​ពុល និង​ការបំពុល​ផ្សេងៗ​នោះ អ្នកវិទ្យាសាស្ត្រ ហាក់​មិនសូវ​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន​ឡើយ​។ លោក តូច រ៉ា បន្ថែមថា មនុស្ស​ខំ​បំផ្លាញ​ធម្មជាតិ​និង​កែច្នៃ​វា​គ្រប់បែបយ៉ាង ដើម្បី​តែ​បំពេញតម្រូវការ​របស់​ខ្លួន ហើយ​ធម្មជាតិ​ក៏​កំពុង​បំផ្លាញ​មនុស្ស​ជា​បណ្ដើរៗ​ហើយ​ដែរ​។​
  


តាមរយៈ​គំនូរ​របស់ខ្លួន​វិចិត្រករ តូច រ៉ា ស្នើ​ដល់​ពិភពលោក​ទាំងមូល​គិតគូរ​ពី​បញ្ហា​កែច្នៃ​កាកសំណល់​គ្រប់​ប្រភេទ យកមកប្រើ​ប្រាស់​ឡើងវិញ​ឱ្យអស់​លទ្ធភាព ដើម្បី​សុវត្ថិភាព​មនុស្ស​ជំនាន់​ក្រោយ​។ ទោះ​បាន​ឃើញថា​ការចូលរួម​ពី​អ្នកប្រើប្រាស់​ផ្ទាល់ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក៏ដោយចុះ តែ​លោក តូច រ៉ា នៅតែ​ទទូច​ឱ្យ​ក្រសួងបរិស្ថាន​យកចិត្តទុកដាក់​ឱ្យ​កាន់តែ​ច្រើនជាង​មុន ក្នុងការ​គ្រប់គ្រង​សំរាម​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ លោក តូច រ៉ា បញ្ជាក់​៖« យើង​នៅ​រាល់ថ្ងៃ​ហ្នឹង តាមផ្លូវ តាម​វាល មាន​សំរាម​គ្រប់កន្លែង​។ បើ​មិន​នាំគ្នា​គិត​ទេ អនាគត​ទៅ​ពិភពលោក​និង​ដូច​សិល្បករ​ស្រមើល​ស្រមៃ ព្រោះ​ប្លា​ស្តិ​ក​រាប់ពាន់​ឆ្នាំ​បាន​រលាយ​។ ទាំង​អ្នកប្រើប្រាស់​ទាំង​អ្នកគ្រប់គ្រង​ទាំង​អ្នក​ផ្សព្វផ្សាយ ក្រសួងបរិស្ថាន​ត្រូវតែ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​ដឹង​»​។​


 
​ចំណែក​គំនូរ​របស់​វិចិត្រករ ចន្ទ សោ​ភ័​ណ្ឌ វិញ និយាយ​អំពី​ភាពអយុត្តិធម៌​ក្នុងសង្គម​។ គំនូរ​រូប​ក្បាលមនុស្ស​ស្រោប​មុខយក្ស ដែល​បង្ហាញ​ផ្ទៃមុខ​មនុស្ស​ញញឹម​ប្រកបដោយ​ការគិត​ពិចារណា នៅ​ពីក្រោយ​បំណែក​មុខយក្ស​ដែល​ស្រោប​ពីលើ​។ ផ្ដល់​ក្ដីសង្ឃឹម​តាមរយៈ​គំនូរ បុរស​សម្បុរ​សរូប​នេះ ចង់ឱ្យ​មនុស្ស​បន្ត​ក្ដីសង្ឃឹម​របស់ខ្លួន​ជានិច្ច​ក្នុងការ​ស្វែងរក​យុត្តិធម៌ ដែល​ខ្លួន​ចង់បាន ស្របពេល​ដែល​លោក​បាន​មើលឃើញថា សង្គម​បច្ចុប្បន្ន​យុត្តិធម៌​មិនទាន់​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់​នោះ​។​
 
​គ្រូ​ផ្នែក​សិល្បៈ​សូ​ន្រ​រូប​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​រូបនេះ បាន​លើក​ឧទាហរណ៍ ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា តាំងពី​សម័យបុរាណរ​ហូត​ដល់​សម័យ​ប៉ុលពត ដែល​បុព្វបុរស​ខ្មែរ​បាន​តស៊ូ​ទាមទារ​រក​យុត្តិធម៌ រហូត​ទទួលបាន​សិទ្ធ​ពេញលេញ​។​
 
​លោក សោ​ភ័​ណ្ឌ នៅតែមាន​ក្ដី​សង្ឃឹមថា យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់រូប នឹង​កើត​មាននៅ​ថ្ងៃ​ណាមួយ ដរាបណា​ប្រជាជន​ទាំងអស់​មិន​អស់សង្ឃឹម និង​ព្យាយាម​ទាមទារ​យក​វា​ដោយ​សន្តិវិធី ប្រកបដោយ​បញ្ញា​។ វិចិត្រករ​ដែលមាន​វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​ផ្ដាំ​ទៅ​ប្រជាជន​ខ្មែរ​គ្រប់រូប សូម​បន្ត​ក្ដីសង្ឃឹម​របស់ខ្លួន​ជានិច្ច​ទាមទារ​រក​យុត្តិធម៌ សម្រាប់​ក្មេងជំនាន់ក្រោយ​យក​គំរូរ​តាម​។ «​រដ្ឋាភិបាល​កំពុងតែ​កែប្រែ​បន្តិច​ម្ដងៗ​។ យុត្តិធម៌​វា​មិនមែនជា​រឿង​មួយ​យើង​អាច​ទៅ​ទិញ​នៅ​ផ្សារ​បានទេ ហើយ​វា​ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។ ខ្ញុំ​សុំឱ្យ​ពួកយើង​កុំ​អស់សង្ឃឹម យើង​ត្រូវតែ​ព្យាយាម​ស្វែងរក​វា​ដោយ​ខ្លួនឯង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សោ​ភ័​ណ្ឌ​។ 
 
​ងាក​មក​គំនូរ​សហ​សម័យមួយ​ផ្ទាំង​ទៀត​ដែលមាន​ទំហំ​ធំជាងគេ​នៅក្នុង​សាល​ទាំងមូល នោះ​ជា​គំនូរ​ស្ដីពី​ការអភិវឌ្ឍ​ប្រទេស ប្រកបដោយ​សន្តិភាព ដែលជា​ស្នាដៃ​របស់​វិចិត្រករ លៀង ស៊ី​កន​។ ផ្ទាំងគំនូរ​បាន​រំលេច​ឱ្យឃើញ​ស្ពាន​ភ្ជាប់​ពី​ខេត្តកណ្ដាល​មក​ភ្នំពេញ​ដំបូង​គេ​បង្អស់ នៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​ផ្ទាំងគំនូរ​។ ចំណែក​ផ្នែក​ខាងឆ្វេង​នៃ​ផ្ទាំងគំនូរ​មាន​រូបចម្លាក់​ពី​សម័យបុរាណ គ្រង​អលង្ការ​មាស ដែល​មាស​ទាំងនោះ​បរទេស​បាន​សង​មក​កម្ពុជា​វិញ​កាលពីពេល​កន្លងទៅ​។ ហើយ​នៅ​ផ្នែក​ខាងស្ដាំ​នៃ​ផ្ទាំងគំនូរ មាន​រូប​នាយករដ្ឋមន្ត្រី​ខ្មែរ ព្រមទាំង​មាន​រូប​ពស់នាគរាជ​ខ្មែរ​និង​នាគ​ចិន​នៅ​ចំ​កណ្ដាល​ផងដែរ​។ 
 
​ម្ចាស់​ស្នាដៃ​ដែលមាន​វ័យ​៤៨​ឆ្នាំ​រូបនេះ បាន​ពន្យល់​ពី​គំនូរ​របស់ខ្លួន​យ៉ាង​ដូច្នេះ​៖ «​ផ្ទាំងគំនូរ​នេះ​យើង​បាន​បរិយាយ​អំពី​អ​តី​កាល បច្ចុប្បន្នកាល និង​អនាគតកាល​។ ត្រង់​បច្ចុប្បន្ន​យើង​និយាយ​ពី​ការអភិវឌ្ឍ​របស់​សម្តេច​ដែលមាន​សន្តិភាព មាន​បក្សី​សន្តិភាព រូប​បដិមា និង​គ្រឿងអលង្ការ​មាស ដែល​យើង​បាត់បង់​ពី​សម័យអង្គរ តែ​បាន​ប្រទេស​អង់គ្លេស​គេ​ទុក ហើយ​គេ​បានប្រគល់​ជូន​សារមន្ទីរ​ជាតិ​យើង​វិញ អីចឹង​បានជា​ខ្ញុំ​ដាក់​រូប​ជា​អវតា​វាយ​ហ្វា​យ បានន័យថា​ជា​អ្នក​ជំនាន់​មុន ហើយនឹង​មនុស្ស​ជំនាន់​ថ្មី​។ មិត្តភាព​រវាង​វប្បធម៌​ចិន ទំនាក់ទំនង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​មិត្តភាព​គឺ​មិនមាន​អ្នកណា​ខ្ពស់ជាង​អ្នកណា ដោយ​យើង​មាន​សញ្ញា​បូក​នៅ​ចំ​ចន្លោះ​កណ្ដាល ដោយ​តំណាងឱ្យ​ឱសថ​សម្រាប់​ព្យាបាល​»​។​
 
​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប​និង​សិប្បកម្ម​លោក ឈឹម សុធី បាន​បញ្ជាក់ថា ការរៀបចំ​ឱ្យមាន​ការតាំងពិព័រណ៍​គំនូរ​វិចិត្រកម្ម​ក្រោម​ប្រធានបទ "​ពេលវេលា​” នេះ ក្នុង​គោលបំណង​បង្ហាញ​ដល់​សាធារណៈជន ឱ្យ​យល់​កាន់តែច្បាស់​ពី​សារសំខាន់​នៃ​ពេលវេលា​។ ហើយ​ការតាំងពិព័រណ៍​នេះ​ក៏​ជា​ឱកាស​ឱ្យ​សិល្បករ​បាន​ជួបពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក ពី​បច្ចេកទេស​គូរគំនូរ​ផងដែរ​។ «​ពេលវេលា​មាន​សារសំខាន់​សម្រាប់​មនុស្ស តាំងពី​កើត​រហូតដល់​ស្លាប់​គឺ​ស្ថិតក្នុង​ពេលវេលា​ទាំងអស់​។ ការអភិវឌ្ឍន៍​ស្រុកទេស​ធ្វើឱ្យ​ប្រទេស​រីកចម្រើន និង​ថយចុះ​ក៏​ស្ថិតក្នុង​ពេលវេលា​ដែរ​។ បើ​យើង​ចាយ​ពេលវេលា​ឥតប្រយោជន៍​គឺ​គ្មាន​ប្រយោជន៍​តែម្ដង តែបើ​យើង​ចាយ​ឱ្យមាន​ប្រយោជន៍ គឺ​វា​ទុកជា​កេរ្តិ៍​សម្រាប់​សង្គមមនុស្ស​ក៏ដូចជា​ពិភពលោក​ទាំងមូល​»​។ នេះ​ជាការ​បន្ថែម​របស់លោក ឈឹម សុធី​។​
 
​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការតាំងពិព័រណ៍​គំនូរ​វិចិត្រកម្ម​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​សារមន្ទីរ សហការ​ជាមួយនឹង​នាយកដ្ឋាន​សិល្បៈ​សូន​រូប​និង​សិប្បកម្ម​។ ការតាំងពិព័រណ៍​នេះ ចាប់ពី​ថ្ងៃទី​២៥ ខែតុលា រហូតដល់​ថ្ងៃទី​២៥​ខែ​វិច្ចិកា ឆ្នាំ​២០១៨ ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​កន្លះ​ល្ងាច​៕
 

Tag:
 ភ្នំពេញ​
  គំនូរ​វិចិត្រកម្ម​
  សារមន្ទីរ​ជាតិ​ភ្នំពេញ​
  ការតាំងពិព័រណ៍​គំនូរ​
  គំនូរ​សហ​សម័យ​
 
© រក្សាសិទ្ធិដោយ thmeythmey.com