ជាតិ
អុំទូក​៣​ថ្ងៃ អ្នកស្រី កុសល លក់​នំ​លំអង​ចេក​បាន​៩០​ម៉ឺន​រៀល​
25, Nov 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  អ្នកស្រី សាំង កុសល ជា​អ្នកធ្វើ​នំ​លំអង​ចេក​ជិត​១០​ឆ្នាំ​មកហើយ​។ នៅក្នុង​ពិធីបុណ្យ​អុំទូក​មាន​មនុស្សម្នា​ជាច្រើន​បានមក​មើល​ការប្រណាំង​ទូក និង​មក​ដើរ​កម្សាន្ត​នៅតាម​មាត់ទន្លេ​ចតុមុខ និង​មាន​លក់​របស់របរ​ជា​ច្រើន ជាពិសេស​ឃើញ​មាន​លក់​នំចំណី​។ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​នេះ អ្នកស្រី  សាំង កុសល រក​ចំណូល​ពី​ការ​នំ​លំអង​ចេក​បាន​៩០​ម៉ឺន​រៀល​។



​ជិត​១០​ឆ្នាំ​មកហើយ​ដែល​អ្នកស្រី កុសល ប្រកបមុខរបរ​លក់​នំ​លំអង​ចេក​។ បើតាម​អ្នកស្រី កុ​សស ក្នុង​មួយថ្ងៃ គាត់​អាច​រកចំណូលបាន​ពី​ការធ្វើ​នំ​លំអង​ចេក​បាន​៣០​ម៉ឺន​រៀល នៅក្នុង​ថ្ងៃបុណ្យ​អុំទូក​។ នៅ​ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃ​បុណ្យជាតិ​ផ្សេងៗ​អ្នកស្រី កុ​សស តែង​យកនំ​មក​លក់​នៅតាម​ផ្សារ និង​ទីកន្លែង​កម្សាន្ត​នានា​នៅ​ភ្នំពេញ​ផងដែរ​។ 


 
​ព្រឹក​ព្រលឹម​ម៉ោង​៥ អ្នកស្រី កុសល ចាប់ផ្តើម​កិន​អង្ករ កូរ​ស្ករត្នោត និង​កោស​ខ្ទិះដូង ដើម្បី​ធ្វើ​នំ​លំអង​ចេក សម្រាប់​ចែកចាយ​ទៅ​អតិថិជន​នៅ​ផ្សារ​ទួល​ទំពូង ផ្សារ​ថ្មី និង​ផ្សារ​អូរឫស្សី​ផងដែរ​។ សម្រាប់​បុណ្យអុំទូក​នេះ អ្នកស្រី កុសល បានធ្វើ​ដំណើរ​មក​លក់​នៅ​ទល់មុខ​ព្រះបរមរាជវាំង ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៧​ល្ងាច ហើយ​អាច​លក់បាន​ជាង​៣០០​នំ ក្នុង​មួយថ្ងៃ​។ មាន​វ័យ​៣៧​ឆ្នាំ អ្នកស្រី កុសល ថា ខ្លួន​រកចំណូលបាន​៩០​ម៉ឺន​រៀល នៅ​ពិធី​បុណ្យអុំទូក​៣​ថ្ងៃនេះ​។  


 
​មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ អ្នកស្រី កុសល  និយាយថា របរ​នេះ​អាច​រកចំណូលបាន​គួរសម  ដែល​អាចជួយ​សម្រួល​ជីវភាព​គ្រួសារ និង​ទូទាត់​ការចំណាយ​ប្រចាំថ្ងៃ​ផងដែរ​។ ទោះបី​របរ​នេះ​ស្រួល​រកលុយ និង​រក​ចំណូល​ច្រើន ប៉ុន្តែ​អ្នកស្រី កុសល នៅតែ​ឆ្លៀត​ប្រកបមុខរបរ​បន្ថែម​ផងដែរ​។ អ្នកស្រី កុសល និយាយ​ដូច្នេះ​ថា​៖«​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មីង​ចេះតែ​ខំ​រក​ទៅ ណាមួយ​មីង​សព្វថ្ងៃ ជួល​ផ្ទះ​គេ​ផង អ៊ីចឹង​មីង​ខំ​សន្សំ​លុយ ដើម្បី​ឲ្យ​កូន​រៀន​ផង និង​សម្រាប់​បង់ថ្លៃ​ផ្ទះ ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​ផង​»៕ 

Tag:
 នំ​លំអង​ចេក​
 ​សាំង កុសល​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com