សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងប្រើរូបមន្តប្រកួតថ្មីក្នុងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ដើម្បីបង្កើនការប្រកួតឲ្យមានភាពស្វិតស្វាញ និងទាក់ទាញជាងមុន។ ម្យ៉ាងទៀត ឲ្យស្របតាមច្បាប់ និងបទបញ្ជាថ្មីរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ។ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានអត្តពលិកចំនួន១១៩នាក់មកពី៨ក្លិបសមាគមចូលរួម ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគារដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបាននិយាយថា សហព័ន្ធនឹងយករូបមន្តថ្មី ដែលទើបទទួលបានពីសហព័ន្ធកីឡាចំបាប់អន្តរជាតិមកអនុវត្តក្នុងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨។ ការផ្លាស់ប្តូររូបមន្តប្រកួតមួយចំនួននេះគឺ ដើម្បីបង្កើនឲ្យការប្រកួតមានភាពស្វិតស្វាញ និងទាក់ទាញជាងមុន។
«យើងនឹងមានការបន្ថែមច្បាប់ និងបទបញ្ជាការប្រកួតថ្មីខ្លះ និងកាត់បទបញ្ជាចាស់ខ្លះចោល ដើម្បីធ្វើឲ្យការប្រកួតរបស់យើងស្របតាមច្បាប់ និងបទបញ្ជាការប្រកួតមួយចំនួនរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ ដែលទើបផ្លាស់ប្តូរ ពិសេសធ្វើឲ្យការប្រកួតនេះ កាន់តែមានភាពស្វិតស្វាញ និងតានតឹងជាងមុន»។ នេះជាការរៀបរាប់របស់លោក ធិន វិចិត្រ។
រូបមន្តប្រកួតថ្មី ដែលនឹងយកមកអនុវត្តនោះ គឺបើក្នុង១វិញ្ញាសាមានអត្តពលិកចូលរួមចាប់ពី៦នាក់ឡើង ត្រូវបែងចែកការប្រកួតជា២ពូល ហើយយកអ្នកលេខ១ និងលេខ២ក្នុងពូលនីមួយៗឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ។ ប៉ុន្តែបើ១វិញ្ញាសា មានតែ៥នាក់ចុះក្រោម ត្រូវប្រកួតវិលជុំ រួចកំណត់យកចំណាត់ថ្នាក់តែម្តង។
សម្រាប់លោក ធិន វិចិត្រ ការប្រកួតជើងឯកថ្នាក់ជាតិ ក្រៅពីផ្តល់ឱកាសឲ្យកីឡាករបានបង្ហាញសមត្ថភាព គឺដើម្បីជ្រើសរើសកីឡាករវ័យក្មេងមានទេពកោសល្យឲ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ លោកបញ្ជាក់ថា សហព័ន្ធនឹងមិនជ្រើសរើសកីឡាករមានអាយុច្រើនឲ្យចូលរួមក្នុងក្រុមជម្រើសនោះទេ ទោះបីឈ្នះក៏ដោយ។
អគ្គលេខាធិការរូបនេះបានបន្ថែមថា សហព័ន្ធនឹងថ្លឹងទម្ងន់រៀងរាល់ថ្ងៃក្នុងអំឡុងពេលប្រកួត ពោលគឺថ្លឹងនៅម៉ោង៧ព្រឹក ហើយប្រកួតនៅម៉ោង១០។ ការធ្វើបែបនេះ គឺដើម្បីចៀសវាងកុំឲ្យកីឡាករសម្រកទម្ងន់លើសលប់មុនការប្រកួត ដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងអំឡុងពេលប្រកួត។
បើតាមលោក ធិន វិចិត្រ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ គ្រោងចំណាយថវិកាប្រមាណ៦០លានរៀល ខណៈក្រសួងអប់រំយុវជននិងកីឡាបានផ្តល់កញ្ចប់ថវិកាត្រឹមតែ៣៦លានរៀលតែប៉ុណ្ណោះ។ ដូច្នេះថវិកា ដែលនៅខ្វះនឹងក្លាយជាបន្ទុករបស់សហព័ន្ធ។ ត្រង់ចំណុចនេះ លោក វិចិត្រ បានអះអាងថា លោក Casey Barnett អនុប្រធានសហព័ន្ធ តែងតែឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដើម្បីបំពេញថវិកាដែលនៅខ្វះ។
ការប្រកួតឆ្នាំនេះ មានអត្តពលិកចំនួន១១៩នាក់ចូលរួម ដោយពួកគេប្រកួតតំណាងឲ្យក្លិបចំនួន៨រួមមានក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, យាយព្រីងមានរិទ្ធិ, រិទ្ធីសែនខេត្តកំពង់ឆ្នាំង, ឃ្លាំងមឿងខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, បារមីម៉ឺនឯក និងក្លិបប្រយ៉ាបមានរិទ្ធិ។ អត្តពលិកទាំងនេះ ប្រកួតប្រជែងលើ១៨វិញ្ញាសា ដែលកើនឡើង២វិញ្ញាសាបើធៀបនឹងឆ្នាំមុន៕