ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វង សូត​៖ សៀវភៅ​ស្តីពី «​ការតស៊ូ​របស់​សម្តេច ហេង សំរិន​» ធ្វើ​ឲ្យ​អ្នក​ក្រោយ ស្គាល់​អ្នកស្នេហាជាតិ​
27, Nov 2018 , 8:59 am        
រូបភាព
​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​លើកឡើងថា សៀវភៅ ដែលមាន​ចំណងជើង​ថា «​ការតស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើងវិញ​» ដែល​រៀបរាប់​លម្អិត​ពី​ការតស៊ូ​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណ​ប្រជ​ជនកម្ពុជា អាចធ្វើ​ឲ្យ​អ្នកជំនាន់ក្រោយ បាន​ស្គា​ល់ពី​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ការតស៊ូ​របស់​ឥស្សរជន​ស្នេហា​ជាតិ ក្នុង​ស្រោចស្រង់​ប្រទេស ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​។

   
 
​លោក វង សូត បានបញ្ជាក់​បែបនេះ​ថា​៖«​ក្មេងជំនាន់ក្រោយ​កើតមក​ចំពេល​ស្រួល ស្រុក​មាន​សន្តិភាព អ៊ីចឹង​មិនដឹងថា​ចាស់ៗ​ពីមុន​លំបាក​ខ្លាំង​ប៉ុណ្ណា​ទេ​។ សៀវភៅ​នេះ បង្ហាញ​និង​រៀបរាប់​ពី​សង្គ្រាម​នៅ​កម្ពុជា ដែល​អាច​ឲ្យ​អ្នកអាន​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​»​។ 
 
​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​រៀបរាប់​ពី​សកម្មភាព​តស៊ូ​នានា​ក្នុង​ការកសាង​រណសិរ្ស​២​ធ្នូ រួមទាំង​ដំណើរការ​ទទួលបាន​ជោគជ័យ​នៃ​ការរំដោះ​ជាតិ​ពីរ​បប​ប្រល័យពូជសាសន៍​ផងដែរ​។ ការផ្សាយ​សៀវភៅ​នេះ ក៏​ដើម្បី​រម្លឹក​ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​២​ធ្នូ ឆ្នាំ​១៩៩៧ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។  
 
​លោក អះអាង​បែបនេះ​ថា​៖«​សម្ដេច ជា ស៊ីម និយាយថា តោះ​យើង​នាំគ្នា​ក៏​សាង​កម្លាំង​វាយ​ប៉ុល ពត​។ ហេតុអ្វី​បាន​វាយ​ឈ្នះ​? ទីមួយ​គឺ វៀតណាម​ជួយ ហើយ​គេ​ជួយ​ក៏មាន​ផលប្រយោជន៍​របស់គេ​ដែរ ហើយ​ទី​២ គឺមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ដោយ​គេ​ដឹងថា​ប៉ុល ពត ជា​អ្នក​ប្រល័យពូជសាសន៍ អ៊ីចឹង​ទៅដល់​ត្រឹមណា​មាន​ប្រជាជន​គាំទ្រ​ត្រង់​នុ៎ង​»​។ 


 
​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​សង្គមកិច្ច គឺធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​និង​ផ្សព្វផ្សាយ​សៀវភៅ ស្តីពី​ប្រវត្តិ​តស៊ូ​របស់​សម្តេច ហេង សំរិន ដែល​រៀបចំ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ សិស្ស​-​និស្សិត  បណ្ណារក្ស ភ្ញៀវ​ជាតិ​និង​អន្តរជាតិ រួមទាំង​អ្នកសារព័ត៌មាន​ប្រមាណ​១៥០​នាក់​។ 
 
​ក្នុង​សៀវភៅ «​ការតស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើងវិញ​» ដែល​បោះ​ពុ​ម្ភ​ជា​ភាសា​អង់គ្លេស បាន​រៀបរាប់​ពី​កំណត់ហេតុ និង​បេសកកម្ម​របស់​សម្តេច ហេង សំរិន ក្នុង​ដំណើរ​រំដោះ​ប្រទេសជាតិ​ចេញពី​របប ប៉ុល ពត រួមទាំង​ការចូលរួម​ស្តារ​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ ក្រោយ​សង្គ្រាម​។​
 
​សម្តេច ហេង សំរិន គឺជា​ប្រធាន​ស្ថាបនិក​ចលនា​មហាជន​ធំ​មួយ​ឈ្មោះថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែល​បាន​បង្កើតឡើង នៅ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨​។ ផ្តើមចេញពី​ខេត្តក្រចេះ​នោះ​ហើយ ដែល​សម្តេច ហេង សំរិន បានប្រកាស​ផែនការ​១១​ចំណុច ក្នុងការ​ផ្តួលរំលំ​រប​ប​ប្រល័យពូជសាសន៍​។ 


 
​សៀវភៅ ដែល​ទើប​ប្រែជា​ភាសា​អង់គ្លេស​ថា «The People’s struggle, Cambodia reborn» មាន​កម្រាស់​១៥០​ទំព័រ ចែកចេញជា​៤​ភាគ​សំខាន់ៗ​នៃ​ប្រវត្តិ​របស់​សម្តេច ហេង សំរិន មាន​មាន កុមារភាព​ដល់​ឆ្នាំ ១៩៧០, ដំណាក់កាល​សង្គ្រោះ​ជាតិ​ប្រឆាំង​បរទេស​ឈ្លានពាន​, ការ​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​, និង​ការខិតខំ​កសាង​ប្រទេស​ឡើងវិញ​។ 
 
​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នឹង​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​នៅ​ស្តូប​អនុស្សាវរីយ៍ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ 
​ធ្វើជា​អធិបតី​នៃ​ពិធី​សម្ភោ​ធ​សៀវភៅ​នេះ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ចែកជូន​សៀវភៅ​ប្រវត្តិសាស្ត្រ​នេះ​ដល់​អ្នកចូលរួម​។ សៀវភៅ «​ការតស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើងវិញ​» ត្រូវបាន​បោះ​ពុ​ម្ភ​ជា​ភាសា​ខ្មែរ​លើកទីមួយ កាលពី​ឆ្នាំ​២០១៣៕ 
 

Tag:
 ​ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com