ពីនេះ ពីនោះ
«អ្នកនាង»,«អ្នកស្រី»,«លោកស្រី» និង«លោកស្រីជំទាវ» សម្រាប់ប្រើខុសគ្នាដូចម្តេច?
× សាធារណជនពិតជាមិនទាន់បែងចែកឲ្យដាច់ពីគ្នានៅឡើយទេ អំពីរបៀបហៅទៅមនុស្សស្រី ថា«អ្នកនាង»,«អ្នកស្រី»,«លោកស្រី» និង«លោកស្រីជំទាវ» ។ តើពាក្យទាំងអស់នេះ សម្រាប់ប្រើលើស្ត្រីប្រភេទណាខ្លះ?
សៀវភៅអរិយធម៌ខ្មែរ ដែលនិពន្ធដោយអ្នកស្រី ត្រឹង ងា បានពន្យល់ថា «អ្នកនាង» ជាភាសាសុជីវធម៌ សម្រាប់ហៅទៅនារីក្មេងៗ ដែលមិនទាន់រៀបការ។ ពាក្យថា «អ្នកនាង»ក៏អាចហៅម្យ៉ាងទៀតថា «កញ្ញា» ផងដែរ។ សម្រាប់សម័យបច្ចុប្បន្ន គេនិយមប្រើពាក្យ«កញ្ញា» ជាង«អ្នកនាង»។ សូមកុំយល់ច្រឡំថា «អ្នកនាង» ថាជាស្ត្រីមេម៉ាយ។ ការពិត«អ្នកនាង» សំដៅលើនារីដែលនៅលីវ។
ចំពោះពាក្យ «អ្នកស្រី» គឺសំដៅលើស្ត្រីដែលរៀបការហើយ មានមុខនាទី ក្នុងក្រសួង ស្ថាប័ន ឬមានមុខរបរខ្លួនឯង។ និយាយឲ្យខ្លីទៅ ពាក្យអ្នកស្រី សំដៅលើមនុស្សស្រីដែលធ្វើការ។
រីឯ«លោកស្រី» គឺប្រើសម្រាប់ស្ត្រីដែលរៀបការជាមួយអ្នកដែលមានឋានន្តរសក្តិ មានមុខងារជាមន្ត្រីរាជការ ឬអ្នកមានមុខមាត់។ ប៉ុន្តែលោកស្រីទាំងនោះ មិនមានការងារ ឬមុខងារជាស្ត្រីធ្វើការងារក្នុងសង្គមឡើយ។
ចំណែក«លោកស្រីជំទាវ» សំដៅលើភរិយារបស់សមាជិកគណៈរដ្ឋមន្ត្រី ឬភរិយាជាមេផ្ទះ ឧត្តមសេនីយ៍ ជាដើម។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ត្រឹង ងា ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com