ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជាថ្មី​ម្តងទៀត សម្តេច ហ៊ុន សែន ប្រកាស​ឈប់​ឆ្លើយតប​លោក សម រង្ស៊ី​
27, Nov 2018 , 6:57 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងសារក្នុងពិធីបិទមហាសន្និបាតរបស់ស.ស.យ.ក​ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបពីស.ស.យ.ក
សម្តេច ហ៊ុន សែន ថ្លែងសារក្នុងពិធីបិទមហាសន្និបាតរបស់ស.ស.យ.ក​ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបពីស.ស.យ.ក
សម្តេច ហ៊ុន សែន ហាក់​ធុញទ្រាន់​នឹង​ការ​ឆ្លើយឆ្លង​ជាមួយ​លោក សម រង្ស៊ី​។ ម្យ៉ាងទៀត សម្តេច ហ៊ុន សែន យល់ថា បើ​បន្ត​ឆ្លើយឆ្លង គឺ​ដូចជា​ផ្តល់​តម្លៃ​ឲ្យ​លោក សម រង្ស៊ី​។


 
​ធ្វើជា​អធិបតី​ជាមួយ​ភរិយា ក្នុង​ពិធី​បិទ​មហាសន្និបាត​លើក​ទី​៤​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) សម្តេច ហ៊ុន សែន បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា រាល់ថ្ងៃ លោក ប្រឹង​ទិតៀន​រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច រួមទាំង​វាយប្រហារ​ទៅកាន់​សម្តេច​ផ្ទាល់ តាម​សារព័ត៌មាន​ផង​និង​តាម​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង ពីព្រោះ​ខ្លាច​ប្រជាជន​កម្ពុជា បំភ្លេច​ខ្លួន​ចោល​។ 
 
​នៅ​ចំពោះមុខ​យុវជន​របស់​ស​.​ស​.​យ​.​ក ដែលមាន​កូនប្រុស​ពៅ គឺ​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន ​សម្តេច ហ៊ុន សែន និយាយ​សំដៅទៅ​លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នកឯង ជាម​នុស្ស ដែល​គេ​លែង​យកចិត្តទុកដាក់​ហើយ អ៊ីចឹង​វិធី​តែមួយ គឺ​អ្នក​ឯក​ឆ្កឹះ​ខ្ញុំ ឲ្យ​និយាយ​ជាមួយ​អ្នកឯង​។ ខ្ញុំ​ឈប់​និយាយ​ជាមួយ​អ្នកឯង​។ ដល់​អ៊ីចឹងទៅ គាត់​ក៏​ស្ងាត់​»​។  
 
​ការប្រកាស​នេះ គឺ​បន្ទាប់ពី​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី បាន​ឆ្លើយឆ្លង​គ្នា​ពីរ​-​បី​ដង​រួចមក ពី​រឿង​យក​លោក កឹម សុខា ធ្វើជា​ល្បែងភ្នាល់​យកឈ្នះ​-​ចាញ់​។ លោក សម រង្ស៊ី ហ៊ាន​អះអាងថា យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ លោក កឹម សុខា នឹងត្រូវ​ដោះលែង តែបើ​ពុំ​ដូច្នេះ​ទេ លោក ស្ម័គ្រចិត្ត​ដើរចូល​ស្រុក ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​។ 
 
​ក្រោយ​លោក សម រង្ស៊ី អះអាង​ដូច្នេះ សម្តេច ហ៊ុន សែន ក៏​ចេញមុខ​មក​ត​ទាល់​។ សម្តេច ហ៊ុន សែន ប្រាប់​មហាជន​ថា នឹង​ចុះ​ចេញពី​តំណែង បើ​លោក កឹម សុខា ពិតជា​ត្រូវ​ដោះលែង​ដូច​ការអះអាង​របស់លោក សម រង្ស៊ី​។ តែបើ​លោក កឹម សុខា មិនត្រូវ​ដោះលែង​ទេ សម្តេច ហ៊ុន សែន ទាមទារ​ឲ្យ​លោក សម រង្ស៊ី ធ្វើតាម​ការសន្យា​របស់​ខ្លួន​។ 
 
​ការយក​លោក កឹម សុខា មក​ធ្វើជា​ល្បែង​បែបនេះ បានធ្វើ​ឲ្យ​អ្នក​ទាំងពីរ រង​ការរិះគន់​ដូចគ្នា ពី​មជ្ឈដ្ឋាន​មួយចំនួន ជាពិសេស​ក្រុម​អ្នកប្រឆាំង​។ អ្នកខ្លះ សម្តែង​ក្តី​អាណិត​ចំពោះ​លោក កឹម សុខា ហើយ​ចាត់ទុក​លោក ថា​ជា​ជនរងគ្រោះ​៕  

Tag:
 ​ហ៊ុន សែន​
  សម រង្ស៊ី​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com