ជាតិ
កម្ពុជា នឹង​ពិចារណា​! បើ​អាមេរិក​ចង់​សុំ​ពិនិត្យ​តំបន់ ដែល​សង្ស័យ​មាន​មូលដ្ឋានទ័ព​ចិន​
28, Nov 2018 , 11:29 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​នៅតែ​ប្រកាសថា គ្មាន​មូលដ្ឋានទ័ព​ចិន នៅក្នុង​ប្រទេស​កម្ពុជា ដូច​ការចុះផ្សាយ​របស់​កាសែត ASIA Time  និង​ការសង្ស័យ​របស់​អាមេរិក​ឡើយ​។ ហើយ​បើ​អាមេរិក មិន​ជឿជាក់​លើ​កម្ពុជា​នោះ អាមេរិក​អាចដាក់​លិខិត​ស្នើសុំ​ពិនិត្យ​ទីតាំង​ដែល​ខ្លួន​សង្ស័យថា មាន​មូលដ្ឋានទ័ព​ចិន​បាន​។​


 
​បញ្ហា​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា នៅតែ​ស្ថិតក្នុង​មន្ទិលសង្ស័យ​របស់​អាមេរិក បើ​ទោះ​រដ្ឋាភិបាល​កម្ពុជា បដិសេដថា ជា​ព័ត៌មាន​មិន​ពិត​ក្តី​។ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ខ្លួន កម្ពុជា​ក៏​មិន​ហាម​អាមេរិក ដែលមាន​បំណង​ចង់​ពិនិត្យមើល​ទីតាំង​សង្ស័យ​មាន​មូលដ្ឋាន​កងទ័ព​ចិន​ដែរ​។​
 
​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​និយាយថា កម្ពុជា​នឹង​ពិចារណា​លើ​សំណើ​ណាមួយ​របស់​អាមេរិក បើសិនជា​អាមេរិក​ស្នើ​មក​រដ្ឋាភិបាល​កម្ពុជា​ត្រឹមត្រូវ ក្នុង​ការសុំ​ត្រួតពិនិត្យ​ទីតាំង​នោះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឈុំ សុជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងករណី​ដែល​គេ​(​អាមេរិក​) សុំ​(​ពិនិត្យ​)​ត្រូវ​ឲ្យ​មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​មក យើង​នឹង​ពិចារណា​មើល​តាម​ហ្នឹង​។ ប៉ុន្តែ​ខ្ញុំ​ជឿថា អាមេរិក​មិន​សុំ​(​ពិនិត្យ​)​ទេ​រឿង​ហ្នឹង ព្រោះ​អាមេរិក គេ​ផ្កាយរណប (Satellite) ដែល​អាច​មើល​ដល់​ក្រោម​ដី​ទៀត ហើយ​គេ​មើល​ពី​បញ្ច​កោណ​មក គេ​ឃើញ​អស់ហើយ គេ​មិនចាំបាច់​ចុះទៅ​មើល​ផ្ទាល់ បើសិនជា​គេច​ង់​ទទួលស្គាល់​ការពិត​»​។​
 
​សំឡេង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​៖



 
​រឿងរ៉ាវ​នៃ​មូលដ្ឋាន​ទ័ពជើងទឹក​ចិន ផ្ទុះ​ចេញពី​ការចុះផ្សាយ​របស់​សារព័ត៌មាន Asia Time ដែល​បានសរសេរថា លទ្ធភាព​នៃ​ការបង្កើត​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ចិន អាចធ្វើ​ទៅបាន​តាមរយៈ​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ​នៅ​ខេត្តកោះកុង ដែល​វា​នឹងមាន​ទំហំ​ធំ​គ្រប់គ្រាន់ សម្រាប់​ឲ្យ​កប៉ាល់ និង​នាវាចម្បាំង​ចិន​ចូល​ចត​បាន​។ បើតាម Asia Time ទីតាំង​ដែល​អាចបង្កើត​មូលដ្ឋាន​ទ័ពជើងទឹក​ចិន​នេះ គឺ​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន China's Tianjin Union Development Group (UDG) ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ទំហំ​ជាង ៤​ម៉ឺន ៥​ពាន់​ហិកតា រយៈពេល ៩៩​ឆ្នាំ ពី​រដ្ឋាភិបាល​កម្ពុជា តាំងពី​ឆ្នាំ​២០០៨ ដើម្បី​អភិវឌ្ឍ​សាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​ត្រូវបាន​គេ​ស្គាល់​ថា គម្រោង​អភិវឌ្ឍ​ឆ្នេរ​កម្សាន្ត​តារា​សាគរ​។ គម្រោង​អភិវឌ្ឍន៍​នេះ មាន​ទុនវិនិយោគ ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​ជាការ​ចុះផ្សាយ​ក្នុង​អត្ថបទ Asia Time  ដែល​បា​នស​ង្កត់​ធ្ងន់​ថា កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់ ។​
 
​ដោយសារតែ​ការចុះផ្សាយ​នេះ ទើប​អាមេរិក​មានការ​សង្ស័យ និង​មាន​ក្តីកង្វល់​មកលើ​ទំនាក់ទំនង​កម្ពុជា និង​ចិន​។ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​អាមេរិក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សរសេរ​លិខិត​ទៅ​អនុ​ប្រ​ធានា​ធ​ប​តី​អាមេរិក លោក មៃ ផេ​ន ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស ទាំង​កងទ័ពជើងគោគ ជើង​ទឹក ឬ​ជើង​អាកាស មក​តាំង​មូលដ្ឋាន​លើក​ទឹកដី​កម្ពុជា​ឡើយ​។ សម្ដេច ហ៊ុន សែន ក៏​ផ្ដាំ​បរទេស​ទាំងអស់ កុំ​យក​កម្ពុជា ធ្វើជា​ទីលាន​សាកល្បង​មនោគមវិជ្ជា និង​អាវុធ​ផងដែរ​៕
 

Tag:
 ឈុំ សុជាតិ​
  កងទ័ព​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com