ជាតិ
ព័ត៍មានសុខភាព
ក្រសួងសុខាភិបាល ហាម​ពលរដ្ឋ​ទិញ​ឱសថ​តាម​អន​ឡាញ​
29, Nov 2018 , 3:30 pm        
រូបភាព
​ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​មួយ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ដោយបាន​ប្រាប់​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការប្រើប្រាស់​ឱសថ​ជាច្រើន​ប្រភេទ​ដែល​កំពុង​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​។ តាម​ក្រសួងសុខាភិបាល ឱសថ​ទាំងអស់នោះ មិនបាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះឡើយ​។​

 
​ក្រៅពី​ប្រាប់​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ផ្សព្វផ្សាយ​លក់​ឱសថ​ខុសច្បាប់​បញ្ឈប់​សកម្មភាព​របស់ខ្លួន ក្រសួងសុខាភិបាល ក៏​គូស​បញ្ជាក់ដែរថា នឹង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ម្ចាស់​គណនី​ទាំងនោះ​។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ព័ត៌មាន ដែល​ទាក់​ទង់​នឹង​ផលិតផល​ឱសថ​ក្លែងក្លាយ និង​ខុសច្បាប់​នេះ​ផងដែរ​។​
 
​ក្នុង​សេចក្តីជូនដំណឹង​ដដែល ក្រសួង​បានបង្ហាញ​ផលិតផល​ឱសថ​ខុសច្បាប់ ដែលមាន​ដល់​ទៅ​២៥​ប្រភេទ​ឯណោះ មានដូចជា LiverDetox, liverDetox Plus, Difflam, Clearwayz, Hyssinol, Detox Genie Bladder Care, HAIRPRIN, CRANBERRY 25,000, Detox Genie LUNG DETOX, MUSASHI HIGH PROTEIN, SUPER SLEEP 2000, emuaid, DOUBLE BONDED PROTEIN, OEM SLIM, DROPS OF YOUTH, BLACKMORE NAILS, HAIR & SKIN, BLACKMORE FISH OIL 1000, Paw Paw Balm, GINKGO BILOBA 2000, OLIVE LEAF 3000, Nature’s Way VITA Kid Smart Gummies, Nature’s Way VITA Daily Fibres Gummies, CITRAVESCENT URINARY ALKALINISER, BILBERRY& LUTEIN, elevit និង​ឱសថ​ដទៃទៀត​។
 
​ពលរដ្ឋ​អាច​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល​តាមរ​យៈ លេខ​ទូរស័ព្ទ​៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០​៕

Tag:
 សុខាភិបាល​
 ​ឱសថ​
 ​អន​ឡាន​
© រក្សាសិទ្ធិដោយ thmeythmey.com