កីឡាអន្តរជាតិ
អន្តរជាតិ
Emery មិនបញ្ជូនកីឡាករសំខាន់ៗពេលប៉ះ Poltava ព្រោះបារម្ភពីសន្តិសុខនៅអ៊ុយក្រែន
× លោក Unai Emery អ្នកចាត់ការទូទៅ Arsenal នឹងដាក់កីឡាករយុវជនទៅក្នុងក្រុមរបស់លោកដើម្បីប្រកួតជាមួយ Vorskla Poltava ក្នុងក្របខណ្ឌ Europa League នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆកានេះ។ លោក Emery ចង់រក្សាកីឡាករសំខាន់ៗដើម្បីប្រជែងក្នុងលីគសម្រាប់ការប្រកួតទល់នឹងក្រុមខ្លាំង Tottenham Hotspur និង Manchester United និងបារម្ភពីសុវត្ថិភាពកូនក្រុមនៅក្នុងទឹកដីអ៊ុយក្រែនដែលកំពុងមានបញ្ហានយោបាយ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបញ្ជាក់ថាកីឡាករសំខាន់ៗមួចចំនួនដូចជា Pierre-Emerick Aubameyang, Mesut Ozil និង Lucas Torreira ជាដើមនោះនឹងមិនបានធ្វើដំណើរទៅប្រទេសអ៊ុយក្រែនសម្រាប់ជំនួបនេះឡើយ។ ផ្ទុយទៅវិញកីឡាករដែលមិនសូវមានឈ្មោះល្បីរបស់របស់ក្រុមកាំភ្លើងធំដែលរួមមាន Charlie Gilmour, Zech Medley និង Dejan Iliev ត្រូវជំនួសតំណែងរបស់ពួកគេ។
«យើងត្រូវផ្តល់ឱកាសដល់កីឡាករវ័យក្មេង។ កីឡាករទាំងអស់បានធ្វើការជាមួយពួកយើងនៅគ្រប់វគ្គទាំងអស់ និងលេងក្នុងការប្រកួតកំដៅសាច់ដុំមុនរដូវកាលផងដែរ។ អ្វីដែលសំខាន់យើងចង់ផ្តល់ឱកាសឱ្យពួកគេនៅយប់នេះ»។ លោក Emery បញ្ជាក់បន្ថែមដូច្នេះ។
បើតាមការយល់ឃើញរបស់ក្រុមអ្នកសារព័ត៌នៅលើពិភពលោក អតីតអ្នកចាត់ការ Paris Saint-Germain និង Sevilla រូបនេះអាចនឹងព្រួយបារម្ភពីសុវត្ថិភាពរបស់កីឡាករ ខណៈក្រុមមានពិន្ទុគ្រប់គ្រាន់ដើម្បីឈានទៅវគ្គបន្តរួចរាល់ហើយដែរ។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចផ្លាស់ប្តូរទីលានប្រកួតរវាងក្រុមទាំងពីរក្នុងពូល E នេះ ពីកីឡដ្ឋាន Oleksiy Butovsky របស់ក្រុម Poltava ទៅកាន់កីឡដ្ឋានជាតិ (NSC) ដែលស្ថិតក្នុងក្រុងគៀវវិញ ដោយសារតែបញ្ហាសន្តិសុខ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន។
អ្នកនយោបាយនៅអ៊ុយក្រែននៅសប្ដាហ៍នេះបានអនុម័តលើសំណើមួយដើម្បីណែនាំច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុតចំពោះការវាយប្រហារ បន្ទាប់ពីរុស្ស៊ីបានបាញ់រះ និងឃាត់ទុកនាវាចម្បាំងអ៊ុយក្រែន៣គ្រឿងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
មួយវិញទៀត Arsenal ក៏ចង់ទុកជើងកីឡាករសំខាន់ៗមួយចំនួនផងដែរដើម្បីលេងតទល់នឹងក្រុម Tottenham ចុងសប្តាហ៍នេះ និងធ្វើដំណើរទៅជួម Manchester United ក្នុងក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី៦ ខែធ្នូ៕
Tag:
បាល់ទាត់
Arsenal
Europa League
Vorskla Poltava
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com