ជាតិ
ពីនេះ ពីនោះ
«​សុ​» បង្កប់ន័យ «​ល្អ​» ឯ «​ទុ​» បង្កប់ន័យ «​អាក្រក់​»
21, Dec 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​សុ​» និង «​ទុ​» ជា​និបាតសព្ទ ដែល​មានន័យ​ផ្ទុយគ្នា​។ ជាទូទៅ «​សុ​» បង្កប់ន័យ​ល្អ ឯ «​ទុ​» បង្កប់ន័យ​អាក្រក់​។



«​សុ​» គឺជា​និបាតសព្ទ ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​ខាងដើម​នៃ​ពាក្យ​ណាមួយ​។ ជាទូទៅ ពាក្យ​ណា ដែល​ផ្សំ​ដោយ «​សុ​» នៅ​ខាងដើម ពាក្យ​នោះ តែងមាន​អត្ថន័យ​ល្អ ឬ​សេចក្តី​បែប​វិជ្ជមាន​។ 
 
«​សុ​» អាច​ប្រែ​បាន​ច្រើនយ៉ាង ដូចជា ល្អ​, ប្រពៃ​, ត្រឹមត្រូវ​, ប្រសើរ​, ក្រអូប​, ស្អាត​, ពីរោះ​, ស្រួល និង ស្រណុក ជាដើម​។  
 
​ពាក្យ​ដែលមាន «​សុ​» នៅ​ខាងដើម មានដូចជា សុក្រឹតភាព (​ភាព​នៃ​វត្ថុ​ដែល​គេ​ធ្វើ​ហើយដោយ​ប្រពៃ​), សុគតិ (​ដំណើរ​ដ៏​ល្អ​), សុគន្ធ (​ក្លិន​ក្រ​អួ​ប​), សុចរិត (​ការប្រព្រឹត្ត​ល្អ​), សុច្ឆន្ទៈ (​បំណងល្អ​, ឆន្ទៈ​ល្អ​), សុជីវធម៌ (​ការរស់នៅ​ដោយ​ល្អ​), សុទិដ្ឋិនិយម (​ការយល់ឃើញ​បែប​វិជ្ជមាន​ចំពោះ​អ្វីមួយ ឬ ការយល់ឃើញថា​អ្វីៗ​ក្នុង​លោក​សុទ្ធតែ​ល្អ និង ប្រសើរ​សុខ​ស្រួល​), សុផល (​ផល​ល្អ​, ផ្លែ​ល្អ​), សុភាព (​ភាវៈ​ល្អ​), សុភាសិត (​ពាក្យពីរោះ​, ពាក្យ​ត្រឹមត្រូវ​, ឱវាទ​ត្រឹមត្រូវ​), សុយាត្រា (​ការ​ទៅដោយ​ស្រួល​, ដំណើរ​ទៅ​ស្រួល​), សុរក្សា (​ការរក្សា​ដោយ​ប្រពៃ​), សុរូប (​រូបល្អ​), សុលក្ខណៈ (​លក្ខណៈ​ល្អ​), សុវិជ្ជា (​វិជ្ជា​ល្អ​), សុ​វិសុទ្ធិ (​បរិសុទ្ធិ​ល្អ​), សុវោហារ (​វោហារ​ល្អ​), ។​ល​។ 
 
​ចំណែក «​ទុ​» ក៏​ជា​និបាតសព្ទ​ដែរ​។ ពាក្យ​ណា ដែល​ផ្សំ​ដោយ «​ទុ​» នៅ​ខាងដើម ពាក្យ​នោះ តែងមាន​អត្ថន័យ​អាក្រក់ ឬ​សេចក្តី​បែប​អវិជ្ជមាន​។ 
«​ទុ​» អាច​ប្រែ​បាន​ច្រើនយ៉ាង ដូចជា អាក្រក់​, ក្រ​, កម្រ​, លំបាក​, អវិជ្ជមាន​, ខូច ។​ល​។ 
 
​ពាក្យ​ដែលមាន «​ទុ​» នៅ​ខាងដើម មានដូចជា ទុគ្គតិ (​ដំណើរ​ទៅ​អាក្រក់​), ទុគតិ​ភាព (​កន្លែង​កើត​នៃ​សត្វ​ដែលមាន​គតិ​អាក្រក់​), ទុច្ចរិត (​ដំណើរ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត​), ទុច្ឆន្ទៈ (​ឆន្ទៈ​អាក្រក់​), ទុជ៌ន (​ជន​អាក្រក់​), ទុទិដ្ឋិនិយម (​ការយល់ឃើញ​បែប​អវិជ្ជមាន​ចំពោះ​អ្វីមួយ ឬ​ការយល់ឃើញថា​អ្វីៗ​ក្នុង​លោក សុទ្ធតែ​មិនល្អ​), ទុព្ភាសិត (​សម្តី​អាក្រក់​, ពាក្យ​គំរោះគំរើយ​), ទុព្វចបុគ្គល (​បុគ្គល​ដែល​គេ​ទូន្មាន​បាន​ដោយ​លំបាក​), ទុព្វិជ្ជា (​វិជ្ជា​អាក្រក់​), ទុយ៌ស (​ដំណើរ​ខូច​យស​) ។​ល​។ 
 
​ការបកប្រែ និបាតសព្ទ «​ទុ​» និង «​សុ​» ខាងលើ ត្រូវ​ឲ្យ​សមស្រប​ទៅតាម​លក្ខណៈ​នៃ​វត្ថុ ឬ សភាវៈ​អ្វីមួយ​។ ជារួម «​សុ​» អាច​ប្រើ​បែបណា​ក៏បាន ឲ្យ​សិ្ថ​ត​ក្នុង​អត្ថន័យ​បែប​វិជ្ជមាន ហើយ «​ទុ​»  សិ្ថ​ត​ក្នុង​អត្ថន័យ​បែប​អវិជ្ជមាន​។ 
 
​ការបកស្រាយ​នេះ គឺ​យោងទៅតាម​វចនានុក្រម សម្តេច ជួន ណាត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com