ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹងថា នឹង​ជោគជ័យ​ក្នុងការ​ចូលរួម​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០២០ នៅ​អារ៉ាប់​
03, Dec 2018 , 8:59 am        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
​កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក ដែល​នឹង​រៀបចំ​នៅ​ទីក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់ ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​។​

 
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ថ្នាក់ដឹកនាំ​និង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​អារ៉ាប់ រួមទាំង​មេដឹកនាំ​ប្រទេស​និង​តំណាង​អង្គការ​អន្តរជាតិ​ថា​៖«​ឥឡូវនេះ កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ចូលរួម​ពិព័រណ៍​ពិភពលោក​នៅ​ឌុយ​បៃ ឆ្នាំ​២០២០ ហើយ​ប្រាកដ​ណាស់ យើង​នឹង​ទទួលបាន​ជោគជ័យ ដូច​ការចូលរួម​ពិព័រណ៍​ពិភពលោក នៅ​សៀង​ហៃ កាលពី​ឆ្នាំ​២០១០ និង​នៅ​អ៊ីតាលី ឆ្នាំ​២០១៥»​។ 
 
​លោក ប៉ាន សូរ​ស័ក្តិ បាន​ទៅ​ចូលរួម​កិច្ចប្រជុំ IPM លើក​ទី​៣ ដើម្បី​ជួបពិភាក្សា​និង​តាមដាន​វឌ្ឍនភាព​ការងារ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០ កាល​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​ទីក្រុង​ឌុយ​បៃ​។​
 
​លោក ក៏បាន​ជួបពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់ ជាមួយ​មេដឹកនាំ​ប្រទេស​និង​តំណាង​អង្គការ​អន្តរជាតិ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នោះ​ផងដែរ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាពិសេស​ធានាបាន​នូវ​ចំណែក​ទីផ្សារ​សម្រាប់​ទំនិញ​កម្ពុ​ជា នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល​។​
 
​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០ នឹងត្រូវ​រៀបចំឡើង​រយៈពេល ៦​ខែ ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “Connecting Minds, Creating the Future” ដើម្បី​លើកកម្ពស់​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕

Tag:
 ជាតិ​
  ពិព័រណ៍​ពិភពលោក​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com