ជាតិ
ស៊ីម៉ាក់​ចាប់ដៃ​អង្គការ​ការពារ​សត្វព្រៃ​ប្រឆាំង​ការលក់​និង​បរិភោគ​សត្វ​ឆ្កែ​
03, Dec 2018 , 9:59 pm        
រូបភាព
​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់​សម្រេច​ចាប់ដៃ​សហការ​ជាមួយ​អង្គការ​សង្គ្រោះ និង​ការពារ​សត្វព្រៃ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ប្រឆាំង​ការជួញដូរ​និង​ការបរិភោគ​សាច់​សុនខ​នៅ​កម្ពុជា​។ វា​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​លើកកម្ពស់​វប្បធម៌ ប្រពៃណី និង​សីលធម៌​ស្រលាញ់​សុនខ​។​


 
«​ខ្ញុំ​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​ជំនាញ​នៃ​អង្គការ​ប្រឆាំង​ការជួញដូរ​សុនខ​នៅ​កម្ពុជា​។ អង្គការ​នេះ​បាន​បំពេញការងារ​នៅ​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​ការប្រមូល​សុនខ​អនាថា និង​ជួយ​ព្យាបាល​សុនខ​តាម​ទីវ​ត្ត​អារាម​ជាដើម ព្រមទាំង​ជួយ​គិតគូរ​ឲ្យ​អ្នករកស៊ី​លក់​សាច់​សុនខ ប្តូរ​មុខរបរ​ថ្មី​»​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា​។​


ទំព័រហ្វេសប៊ុករបស់លោក ហេង រតនា
 
​ស៊ីម៉ាក់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត Kathrine Polak ប្រធាន​ក្រុម​សម្ព​ន្ធ័​អន្តរជាតិ​ការពារ​សត្វ (VIER PFOTEN International) និង​លោកស្រី​វេជ្ជបណ្ឌិត Martina Mayr នាយក និង​ស្ថាបនិក​អង្គភាព​សង្គ្រោះ​សត្វ​កម្ពុជា ដើម្បី​សហការគ្នា​សម្របសម្រួល​ការងារ​ស​ត្វ​សុនខ​នៅ​ក​ម្ព​ជា ក៏ដូចជា​ជំរុញ​ការផ្សព្វផ្សាយ​ប្រឆាំងនឹង​ការជួញដូរ​និង​បរិភោគ​សាច់​សុនខ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​លោក​ធ្លាប់​លើកឡើងថា​ស្ថានភាព​ការជួញដូរ​និង​ហូប​សាច់សត្វ​សុនខ​កម្ពុជា អាច​បង្ក​ឲ្យ​មាន​បញ្ហា​៤​សំខាន់ៗ​ដូចជា បាត់បង់​វប្បធម៌​ទំនៀមទម្លាប់​និង​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជន​ខែ្មរ ដែល​ផ្តាំ​ត​កូនចៅ​ដោយ​ហាម​មិន​ឲ្យ​បរិភោគ​សាច់​សុនខ​ឡើយ រហូតដល់​យល់ថា​ជា​ទង្វើ​នាំ​ឲ្យ​ចង្រៃ​ដល់​ខ្លួនឯង​និង​គ្រួសារ​។ បើ​គ្មាន​វិធានការ​ទេ ប្រពៃណី​និង​វប្បធម៌​ដ៏​ប្រពៃ​ថ្លៃថ្នូរ​នេះ​នឹង​រលាយ​សាបសូន្យ​មិនខានឡើយ​។ 


ទំព័រហ្វេសប៊ុករបស់លោក ហេង រតនា
 
​លោក​និយាយថា​៖«​មាន​ផលប៉ះពាល់​ដល់​សុខភាព​សាធារណ​: មាន​ប្រភេទ​ជំងឺឆ្លង​ផងដែរ (​នេះ​បើ​យោងតាម​ការវាយតំ​លៃ​មន្ត្រី​ជំនាញ​សុខភាព​មកពី​ប្រទេស​អូស្ត្រាលី ហើយ​អង្គភាព​ស៊ីម៉ាក់​នឹង​សហការ​រយៈ​ពី​ឆ្នាំ​២០១៩-២០២០​ជាមួយ​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន​ដើម្បី​តាមដាន​ជំងឺ​សត្វ​សុនខ​នៃ​អង្គភាព​ស៊ីម៉ាក់​»​។ 
 
​លោក​បន្តថា ភាព​អ​សីល​ម៌​ចំពោះ​គុណបំណាច់​សត្វ​សុនខ​បម្រើ​មនុស្សជាតិ ជាពិសេស​សត្វ​សុនខ​ហិត​មីន សុនខ​រក្សា​សន្តិសុខ​(​សំរាប់​សន្តិសុខ​គ្រួសារ និង​សាធារណៈ​) សុនខ​ប្រឆាំង​ភេ​វរ​កម្ម សុនខ​ប្រឆាំង​គ្រឿងញៀន និង​សុនខ​ការពារ​ព្រំដែន​ជាដើម​។​
 
​លោក​បញ្ជាក់ថា​នេះ​ជា​ពេលវេលា​យ៉ាង​សមស្រប​សំរាប់​ប្រជា​ជនក​ម្ព​ជា​និង​អ្នកអនុវត្ត​ច្បាប់​និង​ចូលរួម​លុបបំបាត់​ភាព​អសកម្ម​ក្នុងសង្គម​ខែ្មរ​និង​រួមគ្នា​លើក​កំពស់​ប្រពៃណី និង​សីលធម៌​សង្គម​ខែ្មរ​យើង​៕ 

Tag:
 ស៊ីម៉ាក់​
 ​សុនខ​
 ​ហេង រតនា​
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com