ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​៖ ការរក​ច្រក​ឲ្យ​អ្នក​ជាប់​បម្រាម​ចូលធ្វើ​នយោបាយ​វិញ ជាការ​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​
03, Dec 2018 , 6:03 pm        
រូបភាព
លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋសភា
លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋសភា
​រដ្ឋសភា កំពុង​សិក្សា​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ការធ្វើ​នយោបាយ អាច​ត្រឡប់មក​ធ្វើ​នយោបាយ​ឡើងវិញ​។ តំណាងរាស្ត្រ​៨៧​រូប ជា​អ្នក​ស្នើឡើង​។

 
​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​
 
​ហេតុដូច្នេះ អ្នក​ដែល​ត្រូវ​ហាមឃាត់ នឹង​អាច​ត្រឡប់មក​ធ្វើ​នយោបាយ​វិញ លុះត្រាតែ​ផុតកំណត់​ដែលមាន​រយៈពេល​៥​ឆ្នាំ​។ ប៉ុន្តែ ពេលនេះ រដ្ឋសភា កំពុងតែ​សិក្សា​ត្រង់ចំណុច​នេះ ដែល​អាច​បញ្ចូល​នូវ​ខ្លឹមសារ​ថ្មី ដោយ​កំណត់ថា នាយករដ្ឋមន្ត្រី អាច​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ទូល​សុំ​ព្រះ​ឲ្យ​ផ្តល់​នីតិសម្បទា​ដល់​អ្នក​ជាប់​បម្រាម ហើយ​អាចធ្វើ​នយោបាយ​វិញ មុន​ការកំណត់​របស់​តុលាការ​។ 
 
​នៅ​ចំពោះមុខ​ក្រុមអ្នកកាសែត​ក្នុង​សន្និសីទ នា​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​គម្រោង​នៃ​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​នេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ពីមុន យើង​ដូចជា​ខ្វះចន្លោះ ដោយ​មិនបាន​គិតគូរ​ដល់​ពួគគាត់ (​អ្នក​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​)​។ ឥឡូវ យើង​គិតដល់​ពួកគាត់ គឺថា បើ​អ្នកនោះ ត្រូវ​នាយករដ្ឋមន្ត្រី​វាយតម្លៃថា មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ​ទេ នាយ​រដ្ឋមន្ត្រី​អាច​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា ហើយ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​»​។ 
 
​លោក ឡេង ប៉េងឡុង បានធ្វើ​សន្និសីទ​ពី​រឿងនេះ បន្ទាប់ពី​រដ្ឋាភិបាល ចេញ​សេចក្តីថ្លែងការណ៍​។ សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល បាន​ញ្ជា​ក់ថា ការចាប់ផ្តើម​សិក្សា​និង​គម្រោង​កែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ជាពិសេស​ស្មារតី​បង្រួបបង្រួម​ជាតិ​។​
 
​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​និង​មន្ត្រី​១១៨​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល ដកសិទ្ធិ​នយោបាយ​រយៈពេល​ឆ្នាំ​៥​ឆ្នាំ​៕ 
 

Tag:
 ច្បាប់​នយោបាយ​
  វិសោធនកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com