ជាតិ
សម្ដេច ហ៊ុន សែន​៖ សូមកុំ​យក​បេតិកភណ្ឌ​មក​លូ​កឡំ​នឹង​រឿង​នយោបាយ​!
04, Dec 2018 , 4:20 pm        
រូបភាព
​សៀមរាប​៖ សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៤ ធ្នូ បាន​ចូលរួម​បើក​ពិធី​ខួប ២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​សណ្ឋាគារ សុខា​សៀមរាប​។ នៅ​ចំពោះមុខ​អ្នកចូលរួម​ដែលមាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ប្រមុខ​រាជរដ្ឋាភិបាល​បានលើកឡើង​ខ្លាំងៗ​ទៅនឹង​អាកប្បកិរិយា​មួយចំនួន​របស់​អន្ដរជាតិ​នាពេល​កន្លងមក ដែល​បាន​យក​បេតិកភណ្ឌ មក​លាយឡំ​នឹង​បញ្ហានយោបាយ​របស់​កម្ពុ​ជា​។

 
​ក្នុង​សន្ទរកថា​របស់​សម្ដេច ហ៊ុន សែន បានលើកឡើង​ជាច្រើន​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ ក៏ដូចជា​មានការ​ចូល​រួម​ពី​ស្ថាប័ន​អន្ដរជាតិ​មួយចំនួន​ផងដែរ​។ សម្ដេច​បន្តថា ក្រោយ​ដាក់​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ចុងឆ្នាំ ១៩៩២ ខេត្តសៀមរាប​នៅពេលនោះ​មិនទាន់​ចប់​សង្គ្រាម​នៅឡើយ គឺជា​រឿយៗ​ត្រូវបាន​ទ័ព​ខ្មែរក្រហម​លួច​វាយប្រហារ ដូច្នេះ​គេ​មិនគួរ​ភ្លេច​អតីតកាល​របស់​ខេត្តសៀមរាប​ដែល​គ្មាន​មនុស្ស​រស់នៅ ប្រែក្លាយជា​ទីក្រុង​ទេសចរណ៍​មួយ​ដ៏​ពេញនិយម​របស់​ទេសចរ​អន្ដរជាតិ​នាពេល​បច្ចុប្បន្ន​នេះឡើយ​។​


 
 
«​យើង​ពិតជា​កម្សត់​ណាស់ ព្រោះ​សូម្បីតែ​អង្គរវត្ត និង​ប្រាសាទ​ផ្សេងៗ​ទៀត ក៏ត្រូវ​ជាប់​ទណ្ឌ​កម្មន​យោ​បាយ​ដែរ​ដូច្នេះ​យើង​គ្មាន​ជំនួយ​ពី​បរទេស​ណាយ​កមក​អភិវឌ្ឍន៍​ឡើយ ចំណុច​នេះ​គួរ​ត្រូវ​ដក​ពិសោធន៍​មិន​គ្រាន់​សម្រាប់​បញ្ហា​កម្ពុជា តែ​គួរ​ត្រូវ​ដក​ពិសោធន៍​សម្រាប់​ពិភពលោក​ផងដែរ មិនគួរណា​ទុកឱ្យ​បេតិកភណ្ឌ​ប្រវត្តិសាស្ដ្រ​របស់​មនុស្សជាតិ​តាម​ប្រទេស​ផ្សេងៗ​ទៀត លូ​កឡំ​ទៅនឹង​ដោយ​បញ្ហានយោបាយ​ទេ​...»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់ស​ម្ដេច ហ៊ុន សែន មុននឹង​លើកឡើង​ពី​ដើមហេតុ​នៅពេល ព្រោះ​អង្គការសហប្រជាជាតិ​បន្ត​ទទួលស្គាល់​អាសនៈ​របស់​ខ្មែរក្រហម​។​
 
​ទាក់ទង​នឹង​បញ្ហា​បេតិកភណ្ឌ​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី​អះអាងថា វា​មិនមែនជា​រឿង​ងាយស្រួល​។ ជាការ​កត់សម្គាល់​រប​ស់ស​ម្ដេច កន្លងមក​មាន​អ្នកនយោបាយ​ញុះញង់​ឱ្យ​ពលរដ្ឋ​ទៅកាន់​កាប់​តំបន់​បេតិកភណ្ឌ ហើយ​នៅពេល​ទប់ស្កាត់​រាជរដ្ឋាភិបាល​ទទួល​ការ​រិះគន់ថា​បាន​រំលោភ​សិទ្ធិមនុស្ស​ទៅវិញ​។ ទោះយ៉ាងណា សម្ដេច ហ៊ុន សែន សុំឱ្យ​អន្ដរជាតិ​យល់​ពី​បញ្ហា​នេះ ហើយ​កម្ពុជា​បេ្ដ​ជ្ញា​ចិត្ត​ខ្ពស់​ថា នឹង​ថែរក្សា​តម្លៃ​បេតិកភណ្ឌ​ជាតិ​របស់ខ្លួន មិនឱ្យ​បាត់បង់​ឡើយ​។​
 
​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៣ ដែលជា​យន្តការ​អន្ដរជាតិ​ដើម្បី​គៀងគរ​ធនធាន​ថវិកា ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស ពី​សហគមន៍​អន្ដរជាតិ ដើម្បី​ធ្វើការ​ជួសជុល អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​នានា ក៏ដូចជា​ការអភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​។ គណៈកម្មាធិការ​នេះ បានរៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​ចំនួន ៣១​ដង និង​កិច្ចប្រជុំពេញអង្គ​ចំនួន ២៥​ដង​រួចមកហើយ ដែល​ថវិកា​រាប់រយ​លាន​ដុល្លារ​ត្រូវបាន​ប្រើប្រាស់ និង​អ្នកជំនាញការ​ជាតិ​រាប់រយ​នាក់ ទទួលបាន​ការបណ្ដុះបណ្តាល និង​បន្ដវេន​យ៉ាងរឹងមាំ ដើម្បី​ធានា​នូវ​ការអភិរក្ស​ប្រកបដោយ​ចីរភាព​នៃ​តំបន់​អង្គរ​៕
 

Tag:
 ICC-Angkor
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com