ជាតិ
ពីនេះ ពីនោះ
«ខ្លាឃ្មុំតូច» នៅកម្ពុជារងគ្រោះដោយការបាត់បង់ទីជម្រក,ការបរបាញ់ និងទាក់ចាប់ធ្វើអាជីវកម្ម
04, Dec 2018 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
«ខ្លាឃ្មុំតូច» ជាប្រភេទស្ថិតក្នុងក្រុមមានដោយកម្រ កំពុងរងគ្រោះដោយការបាត់បង់ទីជម្រក, ការបរបាញ់ និងទាក់ចាប់ ដើម្បីយកធ្វើអាជីវកម្ម។ នៅកម្ពុជា «ខ្លាឃ្មុំតូច» មានជាមធ្យម នៅភូមិភាគឦសាន, និរតី និងភូមិភាគខាងជើង ហើយគេក៏ឃើញវត្តមានវាផងដែរ នៅភូមិភាគអាស៊ីអាគ្នេយ៍ កោះស៊ូមាត្រា និងកោះបរណេអូ។




«ខ្លាឃ្មុំតូច» អាចរស់នៅតាមព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ «ខ្លាឃ្មុំតូច» ជាសត្វពូកែឡើងដើមឈើ ហើយវាក៏មានលក្ខណៈជីវសាស្ត្រដូចខ្លាឃ្មុំធំ ទាំងការបន្តពូជ និងការរកចំណីផងដែរ។ ប្រភេទចំណីអាហាររបស់វា មានដូចជា សត្វល្អិត,ផ្លែឈើ,រុក្ខជាតិ,ឃ្មុំ,ព្រួត,ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាបដូចជាមាន់ព្រៃជាដើម។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
 
បើតាមសៀវភៅខាងលើ ក្រញ៉ាំជើងមុខទាំងពីររបស់វា អាចកាយដំបូកកណ្តៀររហូតដល់ជម្រៅលិចខ្លួនបាត់។ ជាទូទៅ«ខ្លាឃ្មុំតូច» ញីបង្កើតកូនម្តងបានពី ១-២ក្បាលក្នុងមួយឆ្នាំ ហើយកូនរស់នៅជាមួយមេរហូតដល់ពេញវ័យ។ ភិនភាគរបស់«ខ្លាឃ្មុំតូច» វាជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក ដែលមានទម្ងន់ពី ២៧-៦៥គ.ក។ 
 
ដងខ្លួនរបស់វាគ្របដណ្តប់ទៅដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌ លឿ ងខ្ចីរាងអក្សរ (U) នៅខាងក្រោមក ត្រចៀកមូលខ្លី ហើយមានដានជើងប្រហាក់ប្រហែលទៅនឹងមនុស្សដែរ។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 

Tag:
 ខ្លាឃ្មុំតូច
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com