ជាតិ
សេដ្ឋកិច្ច
​លោក ប៊ុន បារាំង​៖ កម្ពុជា នាំ​អំបិលពី​ចិន ព្រោះ​គុណភាព​ល្អ ហើយ​តម្លៃថោក​
04, Dec 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ អំបិល​ដែល​កម្ពុជា​បាន​នាំចូល​ពី​ប្រទេស​ចិន​ចំនួន​៥​ពាន់​តោន កាលពី​ថ្មីៗ​នេះ និង​គ្រោង​នាំចូល​សរុប​២​ម៉ឺន​តោន ដើម្បី​មក​បំពេញតម្រូវការ​ក្នុងស្រុក​នាពេលនេះ ព្រោះ​អំបិល​ចិន មានគុណ​ភាពល្អ​ដូច​អំបិល​កម្ពុជា​ដែរ និង​មានតម្លៃ​ថោក​ជាង​អំបិល​ប្រទេស​ផ្សេងៗ ពិសេស​ប្រទេសជិតខាង​។​

 
​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា អំបិល​ដែល​ផលិត​នៅ​ចិន​មានគុណ​ល្អ និង​តម្លៃ​ទាប​ជាង​ច្រើន បើ​ធៀប​គ្នា​រវាង​ប្រទេស​ថៃ និង​វៀតណាម​។ លោក​បាន​បញ្ជាក់ថា​៖ «​អំបិល​ដែល​ផលិត​ចេញពី​ទឹកសមុទ្រ​ដូចគ្នា រវាង​ចិន និង​ថៃ មានតម្លៃ​ខុសគ្នា​៦០​ដុល្លារ ក្នុង​មួយ​តោន​។  ដោយ​អំបិល​ចិន​មានតម្លៃ​៩០​ដុល្លារ និង​អំបិល​ថៃ​មានតម្លៃ​១៥០​ដុល្លារ ក្នុង​មួយ​តោន​»​។​
 
​ប្រធាន​សហគមន៍​រូប​នេះ បាន​បន្តថា «​អំបិល​ប្រទេស​ថៃ​ក៏​យើង​នឹង​នាំចូល ១​ម៉ឺន​ផងដែរ សម្រាប់​បំរើ​លើ​វិស័យ​ឧស្សាហកម្ម​នានា ក្នុងស្រុក​។ ដូចជា ការផលិត​ទឹកកក និង​ប្រឡាក់​ស្បែក​គោ​-​ក្របី​ជាដើម ប៉ុន្តែ​មិន​ប្រើប្រាស់​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​បានឡើយ​។  អំបិល​ប្រភេទ​នេះ មានតម្លៃ​៧០​ដុល្លារ​ក្នុង​មួយ​តោន ដែល​ផលិត​ចេញពី​រ៉ែ​»​។​
 
​ការ​នាំចូល​អំបិល​ជា​លើក​ទី​២​នេះ  សហគមន៍​ផលិត​អំបិល បាន​ត្រៀម​ថវិកា​មិន​ក្រោម ៣​លាន​ដុល្លារ​អាមេរិក​ឡើយ សម្រាប់​ការមកដល់​កម្ពុជា​។ នេះ​បើតាម លោក ប៊ុន បារាំង​។ 
​ជាមួយគ្នានេះ លោក ក៏បាន​អះអាង​ផងដែរ​ថា​៖ «​នៅពេលដែល​យើង​ផលិត​អំបិល​បាន​វិញ យើង​នឹង​ប​ឈ្ឈ​ប់​ការនាំ​ចូល​ពី​បរទេស​។ គ្មាន​នរណាម្នាក់​ក្នុង​សហគមន៍​យើង​ចង់​នាំ​អំបិល​គេ​ចូល​នោះទេ ប៉ុន្តែ​ការ​ដោយសារតែ​កម្ពុជា​ជួប​បញ្ហា​អាកាសធាតុ​មិនល្អ ដោយមាន​ភ្លៀង​ធ្លាក់​ច្រើនពេក ក្នុងអំឡុងពេល​ផលិត និង​ប្រមូល​ផល ទើប​យើង​សម្រេច​នាំចូល​ពី​បរទេស ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​»​។ 
 
​សូមជម្រាបថា ក្នុង​មួយឆ្នាំៗ កម្ពុ​ជាមាន​តម្រូវការ​អំបិល​ប្រើប្រាស់ ប្រមាណ​១០​ម៉ឺន​តោន​។ ហើយ​បច្ចុប្បន្ន​ស្រែអំបិល​នៅ​កំពត​-​កែប មាន​ផ្ទៃដី​ជាង​៤៦០០​ហិកតា​។ គួរ​រម្លឹក​ផងដែរ កម្ពុជា​បាន​នាំ​អំបិល​ចូល​ជា​លើក​ទី​១ ក្នុង​ឆ្នាំ​២០០៨ ចំនួន​៦​ម៉ឺន​តោន ពី​ចិន​៕ 
 

Tag:
 អំបិល​
  ប៊ុន បារាំង​
  កំពត​-​កែប
© រក្សាសិទ្ធិដោយ thmeythmey.com