សៀមរាប៖ ក្រុមហ៊ុនអឺរ៉ុប រំពឹងថា សហភាពអឺរ៉ុប នឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាឡើយ ។ ក្តីរំពឹងនេះ កើតឡើងស្របពេលរដ្ឋសភា កំពុងពិនិត្យមើលផ្លូវច្បាប់ ក្នុងការដកបម្រាមពីអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ១១៨នាក់ ឲ្យមានលទ្ធភាពធ្វើនយោបាយឡើងវិញ។
ដំណើរការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នៅតែជាក្តីកង្វល់របស់អ្នកវិនិយោគអឺរ៉ុបនៅកម្ពុជា។ នោះក៏ព្រោះតែប្រព័ន្ធអនុគ្រោះពន្ធ បានផ្តល់ផលប្រយោជន៍ដល់ពួកគេជាច្រើន ដូច្នេះបើសហភាពដកប្រព័ន្ធនេះចេញពីកម្ពុជា នោះវានឹងប៉ះពាល់ដល់ផ្នែកណាមួយនៃប្រយោជន៍របស់ពួកគេ។
លោក Pierre Andre Romano អគ្គនាយកក្រុមហ៊ុន Artisans Angkor ដែលបានបើកអាជីវកម្មលើវិស័យសិប្បកម្មកែច្នៃនៅខេត្តសៀមរាបជាង២០ឆ្នាំមកហើយ បាននិយាយថា ក្រុមហ៊ុនរបស់បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកកម្ពស់សិប្បកម្មខ្មែរឲ្យរស់ឡើងវិញនៃសិល្បៈចម្លាក់មួយនេះ តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់ប្រជាជនក្នុងស្រុក។ ហើយផលិតផលរបស់ក្រុមហ៊ុនលោក ក៏កំពុងប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាងកម្ពុជា ដូច្នេះលោក Pierre Andre ក៏មានក្តីព្រួយបារម្ភដែរ បើសិនជាសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
លោក Pierre Andre Romano អគ្គនាយកក្រុមហ៊ុន Artisans Angkorឈរជជែកគ្នាជាមួយ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar
ថ្លែងចំពោះមុខអ្នកកាសែត ដែលអមដំណើរទស្សនកិច្ចជាមួយឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោកអគ្គនាយកក្រុមហ៊ុន Artisans Angkorរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ផលិតផលរបស់យើងត្រូវបានផលិតដោយដៃ ដែលមានតម្លៃខ្ពស់បន្តិច ដើម្បីប្រកួតប្រជែងជាមួយទីផ្សារជិតខាង យើងកំពុងមានការបារម្ភថា ប្រសិនបើ EBA ត្រូវបានដកចេញ វានឹងប៉ះពាល់ដល់អាជីវកម្មរបស់យើង វានឹងបង្កើនការចំណាយបន្ថែមទៀត ហើយនឹងមានការពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារនេះផងដែរ»។
បើតាមលោក Pierre Andre ក្រុមហ៊ុនលោក បានផលិតរូបចម្លាក់ធ្វើពីថ្ម និងឈើ រួមទាំងវត្ថុផ្សេងៗទៀត ប្រមាណ៣០០,០០០ ក្នុងមួយឆ្នាំ និងផ្តល់ការងារឲ្យប្រជាជនកម្ពុជា ជាង១០០០នាក់ផងដែរ។
មិនខុសពីលោក Pierre Andre ឡើយ លោក Arjen LAAN នាយកប្រតិបត្តិក្រុមហ៊ុន PACTICS ដែលផ្ដោតទៅលើការផលិតក្រណាត់ជូតវ៉ែនតា និងផលិតផលធ្វើដំណើរ និងវ៉ាលីជាដើមនោះ ក៏ធ្លាប់បាននាំក្តីកង្វល់ខ្លួនប្រាប់ទៅលោក George Edgar ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា អំពីបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធផងដែរ។ ប៉ុន្តែបញ្ហានេះលោក Arjen ជឿជាក់ថា សហភាពអឺរ៉ុប នឹងពិចារណាលើបញ្ហានេះ ដោយនឹងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាឡើយ។
លោក Arjen LAAN នាយកប្រតិបត្តិក្រុមហ៊ុន PACTICS
«កាលពីខែមុននេះ ខ្ញុំបានជួបជាមួយឯកឧត្តមអគ្គរដ្ឋទូត ហើយបានជជែកគ្នាពីរឿងនេះដែរ ជាទូទៅមានការទំនាក់ទំនងគ្នាជាទៀងទាត់។ ហើយខ្ញុំបានជម្រាបក្តីព្រួយបារម្ភខ្ញុំទៅគាត់ ដូច្នេះខ្ញុំសង្ឃឹមថា ឯកអគ្គរដ្ឋទូត នឹងជ្រាបដឹងពីរឿងនេះ។ ហើយខ្ញុំមានទំនុកចិត្តថា EBA មិនត្រូវបានដកទេ ខ្ញុំមានទំនុកចិត្តបែបនេះ»។ នេះជាការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន PACTICS។
បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងអនុវត្តនីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ត្រូវប្រើរយៈពេល១ឆ្នាំ ដើម្បីប្រមូលព័ត៌មាន និងពិនិត្យវាយតម្លៃ មុននឹងសម្រេចចុងក្រោយ។ នីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ ត្រូវបានគេមើលឃើញថា វាកើតឡើងស្របពេលដែលកម្ពុជា កំពុងមានបញ្ហានយោបាយ។
ប៉ុន្តែស្ថានការណ៍នយោបាយនេះ មានភាពវិជ្ជមានច្រើន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីរដ្ឋសភា ប្រកាសពីជំហរពិនិត្យមើលផ្លូវច្បាប់ ក្នុងការដកបម្រាមពីអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ១១៨នាក់ ឲ្យមានលទ្ធភាពធ្វើនយោបាយឡើងវិញ។
នៅពេលអ្នកកាសែតសួរថា តើបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាអាចនឹងកើតឡើងទេ ខណៈដែលកម្ពុជា កំពុងរកដំណោះស្រាយនយោបាយបែបនេះ? ស្ថិតនៅក្នុងកាលៈទេសៈនេះ លោក George Edgar មិនទាន់ហ៊ានបកស្រាយ និងសន្និដ្ឋានច្បាស់ការណ៍ ដោយត្រឹមតែឃើញពីស្ថានភាពនយោបាយប្រែប្រួលនេះឡើយ ។ ប៉ុន្តែអ្វីដែលលោក Edgar អាចបង្ហើបបាននោះគឺថា ចំណុចសំខាន់នៃនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺអាស្រ័យលើស្ថានការណ៍នយោបាយកម្ពុជា។
តាមរយៈអ្នកបកប្រែ លោក George Edgar បាននិយាយចំពោះមុខអ្នកកាសែតនៅសៀមរាប ដូច្នេះថា៖«បច្ចុប្បន្នគឺនៅមានការ បន្តទំនាក់ទំនងគ្នា រវាងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបនិងមន្ត្រីជាន់ខ្ពស់ ពីខាងរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះកំពុងមានការពិភាក្សាពីបញ្ហាដែលត្រូវ បានលើកឡើងដោយសហភាពអឺរ៉ុប ហើយបញ្ហាទាំងអស់នេះគឺពាក់ព័ន្ធកិច្ចព្រមព្រៀង មួយដែលដាក់ចេញ នូវលក្ខខណ្ឌដល់ប្រទេស ដែលចង់បានEBAត្រូវបំពេញទៅតាម។ ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយពីបរិបទនេះទេ។ ប៉ុន្តែខ្ញុំគិតថា បរិបទនេះ ការប្រកាសរបស់រដ្ឋាភិបាល កាលពីម្សិលមិញ ការប្រកាសរបស់រដ្ឋសភាកាលពីម្សិលមិញ គឺជាផ្នែកមួយដ៏សំខាន់»។
EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។
មូលហេតុដែលកម្ពុជាអាចទទួលបានការអនុគ្រោះពន្ធ នាំចូលទំនិញទៅទីផ្សារអឺរ៉ុប ដោយសារតែកម្ពុជាស្ថិតនៅក្នុងប្រទេសអភិវឌ្ឍតិចតួច។ ហើយការទទួលបានប្រព័ន្ធអនុគ្រោះនេះ លុះត្រាតែកម្ពុជា អនុវត្តតាមអនុសញ្ញាចំនួន១៥ ដែលសហភាពអឺរ៉ុប បានកំណត់ ក្នុងនោះរួមមានការគោរពលើសិទ្ធិការងារកម្មករ និយោជិត និងសិទ្ធិមនុស្សជាដើម។ នេះជាការបញ្ជាក់របស់លោក George Edgar ដែលបានបន្ថែមថា បញ្ហាសិទ្ធិមនុស្ស និងបញ្ហាសិទ្ធិការងារ គឺជាចំណុចស្នូលនៃពាណិជ្ជកម្ម ដែលត្រូវបានសហភាពអឺរ៉ុប ផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះ។
ប្រសិនជាការត្រួតពិនិត្យ និងវាយតម្លៃលើកម្ពុជាថា មិនមានបញ្ហាអ្វីនោះទេ កម្ពុជានឹងអាចទទួលបានការអនុគ្រោះពន្ធដល់ឆ្នាំ២០២៧ តាមរយៈគោលការណ៍របស់សហភាពអឹរ៉ុប។ នេះបើតាមឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា ដែលធ្លាប់បញ្ជាក់កន្លងមក៕