ជាតិ
ពលរដ្ឋ​ខ្មែរ​ជិត​៣០០០​នាក់ កំពុង​ជាប់ពន្ធនាគារ​នៅ​ថៃ​
07, Dec 2018 , 9:39 pm        
រូបភាព
​អ្នកទោស​ខ្មែរ​ចំនួន​២,៩១០​នាក់ កំពុង​ជាប់ពន្ធនាគារ​នៅក្នុង​ប្រទេស​ថៃ ក្នុងចំណោម​អ្នកទោស​ទាំងនោះ  អ្នកទោស បុរស​មាន​ចំនួន ២៦៤១​នាក់ និង​ស្ត្រី​ចំនួន​២៦៩​នាក់​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ដំ​ណឺង​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​។​


 
​ស្ថានទូត​ខ្មែរ ក៏បាន​ពន្យល់​ពី​ការផ្ទេរ​ទណ្ឌិត​មកជា​ប់​ឃុំខ្លួន នៅ​កម្ពុជា​វិញ គឺ​ត្រូវ​អនុវត្តតាម​កិច្ចព្រមព្រៀង ស្តីពី ការផ្លាស់ប្តូរ​អ្នកទោស រវាង​កម្ពុជា និង​ថៃ ដែលមាន​ដូចជា​៖ ទី​១-​បទល្មើស ដែល​អាច​ផ្ទេរ​អ្នកទោស បាន​លុះត្រា​បទល្មើស​នោះ ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​មួយឆ្នាំ​ទ្បើង​ទៅ , ២- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រា​ទណ្ឌិត​នោះ ត្រូវ​ជាប់ទោស​២/៣ នៃ​ទោស​រួម និង​ទី​៣-​ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រា​សា​ម៉ី​ខ្លួន​ស្នើសុំ​ជា​លាយ​លក្ខ​អក្សរ​។ 
 
«​មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ​មក​ជាប់ពន្ធ​គារ​នៅ​កម្ពុជា ដោយផ្ទាល់​មាត់​លុះដល់​ស្ថានទូត​ឲ្យ​ធ្វើ​ពាក្យស្នើសុំ​ផ្ទាល់មាត់ ដើម្បី​បញ្ជាក់ថា ខ្លួន​ស្ម័គ្រចិត្ត​មក​បន្ត​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែ​ជា​គាត់​មិន​ព្រមធ្វើ​លិខិត​ស្នើសុំ​ទាល់តែសោះ​។ ស្ថានទូត​មិនអាច​បង្ខិតបង្ខំ​ទណ្ឌិត​ឲ្យ​ផ្ទេរ​មក​កម្ពុជា​បានទេ បើ​សា​ម៉ី​ខ្លួន​មិន​ស្ម័គ្រចិត្ត​ផ្ទេរ​មក​កម្ពុជា​»​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។​
 
​ក្នុង​សេចក្តីជូនដំណឹង បាន​បន្ថែមថា កន្លងមក​ក៏មាន​អ្នកទោស​ជនជាតិ​វៀតណាម​ដែល​កំពុង​ជាប់ពន្ធនាគារ​ក្នុងប្រទេស​ថៃ បានស្នើ​សុំ​មក​ជាប់គុក​នៅ​កម្ពុជា​ផងដែរ​។ ប៉ុន្តែ​ក្នុងករណីនេះ​ស្ថានទូត​មិនអាច​ដោះស្រាយ​បានទេ ព្រោះ​មិនមែនជា​ជនជាតិខ្មែរ​។ 
 
​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ អះអាងថា ខ្លួន​បាន​ទៅ​ចុះសួរសុខទុក្ខ​ទណ្ឌិត តាម​មន្ទីរឃុំឃាំង​ជា​រៀងរហូត​។ ហើយ​ស្ថានទូត​ក៏​បានចេញ​លិខិតអនុញ្ញាត​ឲ្យ​សាច់ញាតិ​ទណ្ឌិត ទៅ​ជួប​សួរសុខទុក្ខ​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ប្រទេស​ថៃ សរុប​ចំនួន​២២​ច្បាប់​ទៀតផង​៕

Tag:
 ទណ្ឌិត​កម្ពុជា​
  ថៃ​
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com