ជាតិ
ក្រសួង​អប់រំ គ្រោង​ចំណាយ​ជាង​៩០​លាន​ដុល្លារ ដើម្បី​កែ​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​
08, Dec 2018 , 8:49 am        
រូបភាព
លោក ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ( រូបភាព ពី AKP)
លោក ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ( រូបភាព ពី AKP)
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​ចំណាយ​ថវិកា​សរុប ៩២,៥​លាន​ដុល្លារ សម្រាប់​ដាក់ឱ្យ​ដំណើរការ គម្រោង​កែលម្អ​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ចំនួន ៥​កន្លែង ដើម្បី​ពង្រឹងគុណភាព និង​កែលម្អ​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ទី​ភ្នា​ក់​សារព័ត៌មាន​ជាតិ​(AKP)​។​

 
​ថវិកា​នេះ បានទទួល​ការគាំទ្រ​ពី​ធនាគារពិភពលោក​ចំនួន​៩០​លាន​ដុល្លារ និង​២,៥​លាន​ដុល្លារ​ទៀត ជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ គម្រោង​នេះ នឹងត្រូវ​អនុវត្តន៍ នៅ​គ្រឹះស្ថានសិក្សា​ចំនួន​៥ គឺ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង​។​
 
AKP បាន​ស្រង់​សម្តី លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថា គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​នេះ ផ្ដោត​សំខាន់​លើ​ការលើកកម្ពស់​ការពង្រឹង​គុណភាព​,​សមត្ថភាព​បង្រៀន និង​ការរៀន​, ការធ្វើ​ទំនើបកម្ម​កម្មវិធីសិក្សា និង​បង្កើត​គុណវុឌ្ឍិ​គ្រូបង្រៀន​, ការសាងសង់​អគារសិក្សា​,​អន្តេ​វា​សិ​ដ្ឋា​ន​,​ការកែលម្អ​ធនធាន សម្ភារ ដើម្បី​គាំទ្រ​ដល់​ការបណ្តុះបណ្តាល និង​ការពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ​ផ្ទៃក្នុង​។​
 
​លោក បាន​បញ្ជាក់ថា គម្រោង​នេះ បានចាប់ផ្ដើម​រៀបចំ​ប្រព័ន្ធ​ពិនិត្យ​តាមដាន និង​វាយតម្លៃ ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ ព្រមទាំង​ធនធានមនុស្ស សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។ ក្រៅពីនេះ គម្រោង ក៏​នឹង​រៀបចំ​កែលម្អ​ការស្រាវជ្រាវ​ផ្នែក STEM និង​ផ្នែក​កសិកម្ម​ផ្តោតលើ​ការលើកកម្ពស់​គុណភាព ព្រមទាំង​ការឆ្លើយតប​នៃ​ការស្រាវជ្រាវ តាមរយៈ​ការផ្តល់            ហិរញ្ញប្បទាន​ដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​កំណត់​ក្នុង​គម្រោង សម្រាប់​ការសាងសង់​បន្ទប់ពិសោធន៍ និង​ការបំពាក់​សម្ភារ បរិក្ខារ​ជាដើម​។​
 
​លើសពីនេះ​ទៀត គម្រោង​នេះ​ក៏​នឹង​ជួយ​ពង្រឹង​ផ្នែក​អភិបាលកិច្ច និង​ការគ្រប់គ្រង​គម្រោង     ផ្តោត​លើក​ការពង្រឹង​ប្រព័ន្ធ​អនុវិស័យ​ឧ​ត្ត​មសិ​ក្សា និង​ការគ្រប់គ្រង​សម្របសម្រួល​គម្រោង​។​
 
​យោងតាម​របាយការណ៍​របស់​ក្រសួង​អប់រំ និស្សិត​កំពុង​សិក្សា​នៅ​ឧ​ត្ត​ម​សិក្សា​មាន​ចំនួន​២០៧.៤៣៤​នាក់ ស្រី​ជិត​៥០​ភាគរយ​។ ក្នុងនោះ និស្សិត​ថ្នាក់​បរិញ្ញាបត្ររង​មាន ២០.៥៧០​នាក់ ស្រី​៥១​ភាគរយ​។ និស្សិត​ថ្នាក់​បរិញ្ញាបត្រ មាន​១៦៥.៣៥៩​នាក់ ស្រី​ជិត​៤៨​ភាគរយ​។  និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន ២១.៤៩៤​នាក់ ស្រី​ជាង​២១​ភាគរយ និង​និស្សិត​ថ្នាក់បណ្ឌិត​មាន​១.២២២​នាក់ ស្រី​៥.១៦​ភាគរយ​។ និស្សិត​អាហារ​រូបករណ៍ មាន​ចំនួន​២៦.១៩២​នាក់ ស្រី​ជិត​៥០​ភាគរយ ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧​។​
 
​ដោយឡែក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទូទាំងប្រទេស​មាន​១២១​គ្រឹះស្ថាន មាននៅ​ក្នុង​រាជធានី​-​ខេត្ដ​ចំនួន​២០​។ ក្នុងនោះ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ មាន​៧៣ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ មាន​១៣ និង​ឯកជន​មាន​ចំនួន​៦០៕
 
 

Tag:
 អប់រំ​
  ថវិកា​
  ស្វាយរៀង​
 ​បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com