កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ អង់គ្លេសត្រូវជួបហូឡង់ រីឯព័រទុយហ្គាល់ ប៉ះស្វីស នៅវគ្គ១/២ផ្តាច់ព្រ័ត្រ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងលេងតទល់ជាមួយហូឡង់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯព័រទុយហ្គាល់ ត្រូវជួបស្វីស នៃពានរង្វាន់ UEFA Nations League។ ទាំងពីរក្រុមនឹងត្រូវលេងនៅទី៥ និងទី៦ ខែមិថុនាឆ្នាំ ២០១៩។
ក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់នឹងបើកទ្វារកីឡដ្ឋាន Estadio do Dragao របស់ក្លិប Porto ដើម្បីទទួលភ្ញៀវស្វីសនៅថ្ងៃទី៥ ខែមិថុនា ខណៈអង់គ្លេស និងហូឡង់ត្រូវប្រកួតនៅថ្ងៃបន្ទាប់ នាទីក្រុង Guimaraes ប្រទេសព័រទុយហ្គាល់។ ការប្រកួតដើម្បីយកចំណាត់ថ្នាក់លេខ៣ និងផ្តាច់ព្រ័ត្រ Nations League ធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា។
ក្រុមតោកំណាចអង់គ្លេសដែលដឹកនាំដោយលោក Gareth Southgate អាចរកបានពិន្ទុនាំមុខគេក្នុងតារាងនាការប្រកួតក្នុងពូលទី៤ League A ដោយនាំមុខគូរប្រជែងអេស្ប៉ាញ និងក្រូអាស៊ី។ ចំណែកក្រុមរហស្សនាមទឹកក្រូចដែលមានលោក Ronald Koeman ជាគ្រូបង្វឹក បានប្រជែងឈ្នះម្ចាស់ជើងឯក World Cup បារាំង និង អាល្លឺម៉ង់ ដើម្បីក្លាយជាក្រុមល្អជាងគេក្នុងពូលទី១ League A។
ក្រុមជើងឯក Euro 2016 ព័រទុយហ្គាល់ដែលជាម្ចាស់ផ្ទះដឹកនាំការប្រកួតនេះ ទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីឈានទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយមុខអ៊ីតាលី និងប៉ូឡូង ក្នុងពូលទី៣ League A។ រីឯគូប្រជែងរបស់គេ ស្វីសបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលទី២ League A ដោយយកឈ្នះបែលហ្ស៊ិកដែលមាន៩ពិន្ទុដូចគ្នាតែនាំមុខគ្រាប់បាល់ស៊ុតបញ្ចូលទី និងអ៊ីស្លង់ដែលមានសូន្យពិន្ទុ។
ក្រុមដែលឈ្នះជើងឯកពាន Nations League នឹងទទួលបានប្រាក់រង្វាន់ ៨,៥៦លានដុល្លារអាមេរិក លេខ២ទទួលបាន ៥,១១លានដុល្លារ លេខ៣ បាន ៣,៩៦លានដុល្លារ និងចំណាត់ថ្នាក់ទី៤ បាន ២,៨១លានដុល្លារ៕
Tag:
បាល់ទាត់
Nations League
© រក្សាសិទ្ធិដោយ thmeythmey.com