ONE Championship
កីឡាជាតិ
ជាតិ
ជ័យជម្នះ​ដ៏​អស្ចារ្យ​! រតនា ផ្តួល Abro នៅ​ទឹក​ទី​២ សុ​វណ្ណា​រី ធ្វើ​ឲ្យ Iryna តដៃ​លែង​រួចត្រឹម​ទឹក​ទី​១
08, Dec 2018 , 11:08 am        
រូបភាព
ដោយ:
អ្នកលេង​គុន​ខ្មែរ​ជើង​ខ្លាំង ចាន់ រតនា បាន​ផ្តួល​ម្ចាស់​ខ្សែក្រវាត់​កូនកាត់​ឥណ្ឌូណេស៊ី​-​ទី​ម័​រ​ខាង Abro Fernandes ក្នុង​ទឹក​ទី​២ នា​ព្រឹត្តិការណ៍ ONE: Destiny of Champions នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ ចំណែក​កីឡាការិនី ឯក សុ​វណ្ណា​រី ផ្តួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១​។



​ទោះបី​ខកខាន​ឡើង​សង្វៀន​គុន​ចម្រុះ MMA ជាង​១​ឆ្នាំ​ក៏ដោយ តែ​អ្នក​ស្នង​គុន​ខ្មែរ ចាន់ រតនា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នៅ​សង្វៀន Axiata Arena ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​រូបគេ​ផ្តួល​ម្ចាស់​ខ្សែក្រវាត់​ពីរ​សាសន៍​ឥណ្ឌូណេស៊ី​-​ទី​ម័​រ​ខាងកើត Abro Fernandes ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៣​លើស​ង្វៀន MMA សម្រាប់ ចាន់ រតនា តែ​វា​ជា​បរាជ័យ​លើកដំបូង​សម្រាប់ Abro ក្នុងចំណោម​ការប្រកួត​៨​លើក​របស់គេ​។

​នា​ការប្រកួត ONE: Destiny of Champions កាលពី​យប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ខ្សែក្រវាត់​ឥណ្ឌូណេស៊ី​-​ទី​ម័​រ​ខាងកើត Abro Fernandes ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ទឹក​ទី​១ តាមរយៈ​ការប្រើ​ស្នៀត​ចាប់​ផ្តួល​និង​ឃ្លេ​មកលើ រតនា ដែល​ព្យាយាម​រើ​ពី​ការ​សន្ធាប់​របស់​រូបគេ​។ ឯ រតនា បាន​ប្រើ​កណ្តាប់ និង​ជើង​ទាត់​យ៉ាង​ល្អ​មកលើ​កីឡាករ​រូបនេះ​ផងដែរ​។

​ឈានដល់​ទឹក​ទី​២​កីឡាករ​ទាំង​ពីរបាន​ព្យាយាម​ប្រើ​ស្នៀត​ពិសេស​រៀងៗ​ខ្លួន ក្នុងនោះ Abro បន្ត​ព្យាយាម​ប្រើ​ស្នៀត​ចាប់​ផ្តួល ឯ រតនា ព្យាយាម​ប្រើ​កណ្តាប់ដៃ​និង​ជើង​។ Abro បាន​ប្រើ​ស្នៀត​គ្រោះថ្នាក់​មួយ​មកលើ ចាន់ រតនា តាមរយៈ​ការចាប់​ផ្តួល​រួចហើយ​ឃ្លេ ក ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​គិតថា រតនា អាច​នឹង​ចាញ់​ដោយសារ​ស្នៀត​នេះ​។ តែ​អ្វីៗ​ត្រូវបាន​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​អ្នកលេង​គុន​ខ្មែរ​មកពី​បាត់ដំបង អាច​បំបែក​ស្នៀត​នេះ​បាន​។



ក្រោយ​រើរួច​ពី​ស្នៀត​គ្រោះថ្នាក់ ចាន់ រតនា បាន​ព្យាយាម​វាយ​សន្ធាប់​យ៉ាងខ្លាំង​មកលើ Abro តាមរយៈ​ការ​កណ្តាប់ដៃ និង​ស្នៀត​ជើង​ចំៗ​មកលើ​កីឡាករ​ឥណ្ឌូណេស៊ី​។ នៅ​ចុង​ទឹក​ទី​២ រតនា ដែល​ព្យាយាម​វាយ​សន្ធាប់​បាន​ប្រើ​ជង្គង់​ស្តាំ​ទៅលើ​ផ្ទៃមុខ Abro ធ្វើ​រូបគេ​ដួល​ក្តារ​សង្វៀន បន្ទាប់មក រតនា បាន​ឡើង​ជិះ​ពីលើ និង​ប្រើ​កណ្តាប់ដៃ​វាយ​រហូត​អាជ្ញាកណ្តាល​បញ្ឈប់​តែម្តង​។​



សម្រាប់​ការប្រកួត​នៅ​យប់​នោះដែរ កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី បាន​ផ្ដួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១ តាមរយៈ​ការប្រើ​កណ្តាប់ដៃ​វាយ​លើ​ផ្ទៃមុខ​ធ្វើ​ឲ្យ​កីឡាការិនី​អ៊ុយ​ក្រែ​ន​បាត់បង់​ការគ្រប់គ្រង​។ នេះ​ជា​ជ័យជម្នះ​លើកដំបូង​លើស​ង្វៀន MMA របស់ ឯម សុ​វណ្ណា​រី ដែល​ទើប​បង្ហាញខ្លួន​លើកដំបូង​៕   


Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ចាន់ រតនា​
  NOE Championship
  ឯម សុ​វណ្ណា​រី
© រក្សាសិទ្ធិដោយ thmeythmey.com