ជាតិ
ខ្វះ​ជាតិ​កាល់ស្យូម​,​អត់ងងុយ​,​ហូប​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​សិស្ស​៧១​នាក់ ដួលសន្លប់​នៅ​វិទ្យាល័យ​ថ្មគោល​
08, Dec 2018 , 12:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៦-៧ ធ្នូ​នេះ មាន​សិស្ស​ចំនួន ៧១​នាក់ បាន​ដួលសន្លប់ ក្នុង​បរិវេណ​វិទ្យាល័យ​ថ្មគោល​។ ករណី​ដួលសន្លប់​នេះ បណ្ដាលមកពី​ខ្វះ​ជាតិ​កាល់ស្យូម អត់ងងុយ និង​ហូប​មិន​គ្រប់គ្រាន់​។ នេះ​បើតាម​លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ នាយក​វិទ្យាល័យ​ថ្មគោល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​


 
​លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ នាយក​វិទ្យាល័យ​ថ្មគោល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា នៅក្នុង​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​សិស្សានុសិស្ស​ភាគច្រើន​ជា​ស្ត្រី បានកើត​អាការ វិលមុខ ដួលសន្លប់​សុ​រប​ចំនួន ៧១​នាក់​។ នាយក​វិទ្យាល័យ​ថ្មគោល​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ហេតុការណ៍​មុនដំបូង​មាន​សិស្ស ២​នាក់ មាន​ជំងឺ​ប្រចាំកាយ ហើយ​មិន​ស្រួលខ្លួន ក៏បាន​ដួលសន្លប់​។ បន្ទាប់មក​សិស្ស​ផ្សេងៗ ដែល​បានឃើញ ក៏មាន​អាការ​វិលមុខ​ដួលសន្លប់​បន្តបន្ទាប់​គ្នា​តែម្ដង​»​។ 
 
​ករណី​ដួលសន្លប់​នេះ បាន​កើតឡើង​រយៈពេល ២​ថ្ងៃ ដោយ​ថ្ងៃទី ៦ ធ្នូ មាន​សិស្ស​ដួលសន្លប់​ចំនួន ២​នាក់ និង​ថ្ងៃទី ៧ ធ្នូ​ម្សិលមិញ មាន​សិស្ស​រហូតដល់ ៦៤ នាក់​បាន​ដួលសន្លប់ (​ពេលយប់​ទៅ​មន្ទីរពេទ្យ​ចំនួន​៥​នាក់​ផ្សេងទៀត ដែលមាន​អា​ការមិន​ស្រួល​)​។ រហូតមកដល់​ពេលនេះ មាន​សិស្ស​ចំនួន ៣​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ខណៈ​សិស្ស​ផ្សេងទៀត ចេញទៅ​ផ្ទះ​រៀងៗ​ខ្លួន​។ 
 
​លោក ហ៊ីង ស៊ុន​ថា​រិ​ទ្ធ បញ្ជាក់ថា តាម​ការស្រាវជ្រាវ​ជាបឋមរប​ស់​ក្រុមគ្រូពេទ្យ ករណី​ដួលសន្លប់​នេះ បណ្ដាលមកពី​ខ្វះ​ជាតិ​កាល់ស្យូម​, អត់ងងុយ និង​ហូប​មិន​គ្រប់គ្រាន់​។ នាយក​វិទ្យាល័យ​រូបនេះ បន្តថា នៅ​ព្រឹក​ថ្ងៃទី ៨ ធ្នូ​នេះ ខាង​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរអប់រំ​ខេត្ត រួមទាំង​អ្នកគ្រូ​លោកគ្រូ បាន​បើក​កិច្ចប្រជុំ​លើ​បញ្ហា​នេះ​ផងដែរ ដើម្បី​រក​ដំណោះស្រាយ​។ សូមបញ្ជាក់ថា នៅថ្ងៃនេះ សិស្ស​ទាំងអស់​ដែល​រៀន​នៅ​វិទ្យាល័យ​ថ្មគោល ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​១​ថ្ងៃ ក្រោយពី​មាន​ករណី​ដួលសន្លប់​នេះ​។ នេះ​បើតាម​នាយក​វិទ្យាល័យ​ថ្មគោល​ដដែល​៕
 

Tag:
 បាត់ដំបង​
  សន្លប់​
  សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com