ជាតិ
សណ្ឋាគារមួយនៅសៀមរាប រៀបចំវាលស្រែឲ្យភ្ញៀវទទួលបានពិសោធន៍ដកស្ទូង
× សៀមរាប៖ ប្រហែលមានភ្ញៀវទេសចរបរទេសមិនច្រើនទេ ដែលបានស្គាល់បទពិសោធន៍ស្ទូងស្រូវ នៅពេលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ សណ្ឋាគារមួយនៅខេត្តសៀមរាប បានបង្កើតវាលស្រែមួយកន្លែង ឲ្យភ្ញៀវទេសចរដែលមកស្នាក់នៅក្នុងសណ្ឋាគារខ្លួនចុះស្ទូងដោយផ្ទាល់ ដើម្បីបានរៀនពីរបៀបធ្វើស្រែរបស់ពលរដ្ឋខ្មែរ។
លោកស្រី ឈា ផល្លី ប្រធានផ្នែកទទួលភ្ញៀវ និងគេហកិច្ច នៃសណ្ឋាគារ ហ៊ីលឡក់ បានឱ្យដឹងថា ការរៀបចំនេះ គឺដើម្បីឱ្យភ្ញៀវស្គាល់ និងយល់ពីរបៀបធ្វើស្រែរបស់ប្រជាជនខ្មែរ ក៏ដូចជាយកទេសភាពស្អាត ចេញពីវាលស្រែផងដែរ។ លោកស្រីបន្ថែមថា សណ្ឋាគារតែងអញ្ជើញភ្ញៀវដែលមកស្នាក់នៅចុះស្ទូង (ពេលរដូវស្ទូងម្ដងៗ) ហើយភ្ញៀវតែងតែរីករាយជាមួយសកម្មភាពនេះ។
បើតាមលោកស្រី ផល្លី សណ្ឋាគាររបស់ខ្លួន បានចំណាយដី ៤០០០ម៉ែត្រការ៉េធ្វើវាលស្រែនេះ ដែលមិនត្រឹមតែផ្តល់ពិសោធន៍ធ្វើស្រែ ទៅដល់ភ្ញៀវទេសចរនោះទេ ប៉ុន្តែទិដ្ឋភាពវាលស្រែ ក៏ជួយបង្កើនភាពស្រស់ស្អាតនៅក្នុងសណ្ឋាគារ និងបរិយាកាសស្រស់ស្រាយដល់ភ្ញៀវដែលមកស្នាក់នៅផងដែរ។
ក្រៅពីវាលស្រែ នៅក្នុងបរិវេណសណ្ឋាគារដដែលនេះ ក៏មានរៀបចំសួនច្បារ,វាលស្មៅ និងដាំដើមឈើចម្រុះផងដែរ។ លើសពីនេះ សណ្ឋាគារក៏បានរៀបចំសួនបន្លែខ្នាតតូចមួយ ដែលមានដាំបន្លែចម្រុះ ដូចជាស្ពៃ, ជី,ប៉េងបោះ និងត្រសក់ សម្រាប់ប្រើប្រាស់ក្នុងសណ្ឋាគារផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com