អត្ថបទពាណិជ្ជកម្ម
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ប្រគល់​រង្វាន់​ដល់​ជ័យលាភី​ប្រកួត​រូបថត អបអរ​«​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​»
08, Dec 2018 , 4:29 pm        
រូបភាព
​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​អ្នកលក់​តាម​ដងផ្លូវ​ម្នាក់ កំពុង​ធ្វើ​នំក្រឡាន ដែលជា​នំ​ប្រពៃណី​របស់​ខ្មែរ ធ្វើ​ពី​អង្ករដំណើប ហើយ​ដុត​នៅក្នុង​បំពង់​ឫស្សី ត្រូវបាន​ជ្រើសរើស​ជា​រូបភាព​ឈ្នះ​គេ ក្នុងការ​ប្រកួត​ថតរូប ដើម្បី​អបអរ​«​ឆ្នាំ​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អឺរ៉ុប​» ដែល​ត្រូវ​បានរៀបចំ​ដោយ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។
 
​ម្ចាស់​ស្នាដៃ​ជ័យលាភី​នេះ គឺ លោក លាង វី​ល្លី បានទទួល​រង្វាន់​ធំ ជា​ម៉ាស៊ីនថតរូប​ដេ​ល​មានតម្លៃ​៧០០​ដុល្លារ ពី​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក George Edgar នៅក្នុង​កាលពី​ថ្ងៃ​តី ៧ ខែធ្នូ នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។ 
 
​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ​ថា គណៈកម្មការ​បាន​កោត​សរសើរ ចំពោះ​គុណភាព និង​អារម្មណ៍ ដែលមាន​នៅក្នុង​រូបថត​មួយ​សន្លឹក​នេះ ក៏ដូចជា​សេចក្តី​ពណ៌នា​ប្រកបដោយ​ភាព​ច្នៃប្រឌិត អំពី​នំក្រឡាន​ដែលជា​ផ្នែក​មួយ​សំខាន់ នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​របស់​កម្ពុជា ហើយ​ជា​អាហារ​ដែល​គេ​និយម​ចូលចិត្ត​ខ្លាំង​ទៀត​។ 


 
​បើតាម លោក George Edgar រូបថត​ជាង​៥០០​សន្លឹក ត្រូវបាន​ផ្ញើមក​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​នេះ ដែល​ភាគច្រើន​ជា​រូបថត​ដែល​បង្ហាញ​ពី​បេតិកភណ្ឌ​ផ្នែក​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​កម្ពុជា ពោលគឺ​រូបថត​ស្ដីពី​ប្រាង្គ​ប្រាសាទ ក៏ដូចជា​ទីវ​ត្ត​អារាម​នានា​ទូទាំងប្រទេស​។ ក្នុងនោះ​ក៏មានដែរ រូបថត​ស្ដីពី​ម្ហូបអាហារ ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​សិល្បៈ​សម្ដែង​ផ្សេងៗ​។ លោក George Edgar បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​ពិតជា​រីករាយ​ណាស់ ដែល​បានឃើញ​ប្រតិកម្ម​តប​របស់​ប្រជាជន ចំពោះ​កម្មវិធី​ប្រកួត​នេះ ហើយ​ពិតជា​រីករាយ បន្ទាប់ពី​បានឃើញ​នូវ​ទិដ្ឋភាព​ផ្សេងៗ នៃ​បេតិកភណ្ឌ​វប្បធម៌​ទាំងអស់នោះ​តាមរយៈ​រូបថត ដែលជា​ទឹកដៃ​របស់​ប្រជាជន​របស់​ប្រទេស ដែល​សម្បូរ​ទៅដោយ​បេតិកភណ្ឌ​វប្បធម៌​មួយ​នេះ​»​។​


 
​សមាសភាព​នៃ​គណៈកម្មការ​វាយតម្លៃ​រួមមាន វិចិត្រករ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​គឺ​លោក ឈឹម សុធី និង​កញ្ញា ចាន់ ឌី​ណា រួមជាមួយ​អ្នកដឹកនាំ​រឿង អ្នកស្រី សុទ្ធោ គូលី​កា ហើយ​និង​អ្នក​ថតរូប​អាជីព គឺ​លោក ម៉ក់ រេ​មី​សា លោក John McDermott លោក Roberto Traina និង​លោក Laurent Dambies​។  
 
​លោក Roberto Traina បាន​ថ្លែងថា​៖«​គណៈកម្មការ ពិតជា​មានការ​ស្ងើចសរសើរ​យ៉ាងខ្លាំង ចំពោះ​គុណភាព​របស់​រូបថត ដែល​បាន​បញ្ជូនមក ហើយ​យើង​ពិតជា​ពិបាក​សម្រេចចិត្ត​ណាស់ ក្នុងការ​ជ្រើសរើស​អ្នក​ដែល​ជាប់​ការ​ជម្រុះ​ចុងក្រោយ និង​អ្នក​ដែល​ត្រូវ​ឈ្នះ​ក្នុង​កម្មវិធី​នេះ​»​។ 
 
​ស្នាដៃ​រូបថត​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ជា​រូបថត​បង្ហាញ​ពី​ចម្លាក់​ព្រះ​កេស​មួយ ដែល​រុំ​ព័ទ្ធ​ដោយ​ស្លៃ​។ ម្ចាស់​ស្នាដៃរ​រូបថត​ជ័យលាភី​នេះ គឺ​លោក កែវ ដា​ណេ ដែល​ទទួលបាន​រង្វាន់​ម៉ាស៊ីនថតរូប​មានតម្លៃ ៦០០​ដុល្លារ​។ ចំណែកឯ​រូបថត​ដែល​ជាប់​ចំណាត់​លេខ​៣ គឺជា​រូបថត​របស់ លោក រើ​ន រួម ដែល​បង្ហាញ​មនុស្ស​អុជ​ធូប​នៅ​វត្ត​អារាម​។ ម្ចាស់​ជ័យលាភី​លេខ ៣​នេះ ទទួលបាន​ម៉ាស៊ីណថតរូប មានតម្លៃ ៥០០​ដុល្លារ​។​


 
​ក្រៅពីនេះ ស្នាដៃ​ថតរូប ១០​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​គណៈកម្មកា​រ ជ្រើសរើស​សម្រាប់​ជុំ​ជម្រុះ​នោះដែរ ហើយ​ម្ចាស់​ស្នាដៃ ក៏បាន​ទទួល​រង្វាន់ និង​វិញ្ញាបនបត្រ​សម្រាប់​រូបថត ដែលមាន​ការកោតសរសើ​រ​ខ្លាំង ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះដែរ​។​
 
​សូមបញ្ជាក់ថា រូបថត​ជ័យលាភី  និង​រូបថត​ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្ពស់ នឹងត្រូវ​យកទៅដាក់​តាំង​បង្ហាញ​ជុំវិញ​ប្រទេស ក្នុង​រយៈពេល​ប៉ុន្នា​ន​សប្តាហ៍​ខាងមុខ នៅតាម​ទីកន្លែង​នានា ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​បាត់ដំបង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុង​ខេត្តព្រៃវែង និង​បណ្ឌិតសភា​អាស៊ី​-​អូស្ត្រាលី ក្នុង​ខេត្តកណ្ដាល​។​


 
​សូម​រំឭកថា ការប្រកួត​រូបថត​នេះ ត្រូវបាន​រៀបចំឡើង​ដោយ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ជាការ​អបអរ​ឆ្នាំ​២០១៨ ដែលជា​«​ឆ្នាំ​នៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អឺរ៉ុប​»​នេះ ក៏ដូចជា​អបអរ​កម្មវិធី​ស្រដៀង​គ្នា​នេះ​រាប់រយ​កម្មវិធី​ផ្សេងទៀត ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​ទ្វីបអឺរ៉ុប និង​នៅ​ជុំវិញ​ពិភពលោក​។ គោលការណ៍​ណែនាំ​សម្រាប់​ការប្រកួត​នេះ តម្រូវ​ឲ្យ​បេក្ខជន​ផ្ដិត​យក​រូបភាព ដែល​ពណ៌នា​អំពី​បេតិកភណ្ឌ​វប្បធម៌ ក្នុង​គ្រប់​ទម្រង់​ទាំងអស់ រាប់​ចាប់ពី​សិល្បៈ ស្ថា​ប្យក​ម្ម តន្ត្រី សិប្បកម្ម ម្ហូបអាហារ និង​ប្រពៃណី​បុណ្យ​ឈប់សម្រាក​ជាដើម​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com