អន្តរជាតិ
អង្គភាព​ប្រឆាំង​ពុករលួយ​មី​យ៉ាន់​ម៉ា​៖ មានតែ​មេដឹកនាំ​ស្អាតស្អំ​ទេ ដែល​មិន​បណ្តោយ​ឲ្យ​អ្នក​ពុករលួយ​រួចខ្លួន
09, Dec 2018 , 2:23 pm        
រូបភាព
ដោយ:
​ប្រមុខ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា បាន​ប្តេជ្ញា​ចាត់​វិធាន​ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​ប្រទេស ជាមួយនឹង​សកម្មភាព​ពិតប្រាកដ​រហូតដល់​ប​ញ្ច​ប់​អាណត្តិ​នៃ​រដ្ឋាភិបាល ដែល​នៅសល់​ត្រឹមតែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ប្រមុខ​អង្គភាព​មួយ​នេះ ក៏​សន្យា​មិន​លើកលែង​ឲ្យ​បុគ្គល​ណាមួយ ដែល​ប្រព្រឹត្ត​បទល្មើស ហើយ​រួចខ្លួន​បានឡើយ​។​


 
​ក្នុង​វេទិកា​ជាតិ​ស្តីពី​ការបង្កើន​ការទទួលខុសត្រូវ​ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​នៅ​ថ្ងៃ​៦ ធ្នូ ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា លោក អ៊ុង យី (Aung Kyi) បាន​ទទួលស្គាល់ថា អំពើពុករលួយ​មី​យ៉ាន់​ម៉ា បាន​ចាក់​ឬ​ស​ក្នុងប្រទេស​ជា​យូរណាស់​មកហើយ ជាពិសេស​នោះ វា ក៏បាន​ក្លាយជា​ប្រព័ន្ធ រហូតដល់​ធ្វើ​ឲ្យ​ប្រជាជនមាន​ក្តីសង្ឃឹម​តិចតួច​ប៉ុណ្ណោះ​សម្រាប់​សេវា​ធារ​ណៈ​។ 
 
​តែ​យ៉ាងណាក៏ដោយ  ប្រមុខ​នៃ​អង្គភាព​ដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រូបនេះ បាន​អះអាង​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ នឹងធ្វើ​ឲ្យ​ការសន្យា​ប្រឆាំង​អំពើពុករលួយ​ក្លាយជា​ការពិត ដោយយោង​ទៅតាម​យុទ្ធសាស្ត្រ​ចង្អុលបង្ហាញ​។ ជាក់ស្តែង លោក បាន​លើក​ពី​ការបើក​ការស៊ើបអង្កេត​លើ​មន្ត្រី​ជន​ខ្ពស់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Irrawaddy​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នេះ ប្រមុខ​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​គ្មាន​បុគ្គល​ណាមួយ អាច​រួច​ផុតពី​ចំណាត់ការ​ប្រយុទ្ធ​នឹង​អំពើពុករលួយ​នេះ​បានឡើយ​។ ការធ្វើជា​មិនឃើញ​អំពើពុករលួយ ប្រៀបប្រដូច​ទៅនឹង​ការគាំទ្រ​ឲ្យ​មាន​អំពើពុករលួយ ឬ​គាំទ្រ​ជន​ប្រព្រឹត្ត​អំពើ​នោះ​។ ជា​អាជ្ញាធរ និង​អង្គភាព​របស់​រដ្ឋាភិបាល ត្រូវតែ​តាមដាន​អំពើពុករលួយ​ដោយ​ប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​ខ្ពស់ »​។ 
 
​លោក​បន្ថែមទៀតថា មានតែ​មេដឹកនាំ ដែលមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​នោះទេ ដែល​អាច​ធានាបាន​ថា អ្នកប្រព្រឹត្ត​អំពើពុករលួយ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​មិនអាច​លើកលែង​បានឡើយ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ការ​បោសសម្អាត​អំពើពុករលួយ គឺជា​គោលនយោបាយ​អាទិភាព​មួយ​ក្នុងចំណោម​ផ្សេងៗ ដែល​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។ កុំថាឡើយ ការទទួល​សំណូក សូម្បីតែ​អំណោយ​បន្តិចបន្តួច ក៏​លោកស្រី អ៊ុង​សាន ស៊ូ​ជី ហាម​មិនអាច​មន្ត្រីក្រោមឱវាទរ​បស់​លោកស្រី ទទួល​ដែរ​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com