អន្តរជាតិ
រដ្ឋាភិបាលរបបសឹកថៃ ត្រៀមអំណោយសម្រាប់ពលរដ្ឋខ្លួនពេលចូលឆ្នាំសកល
× រដ្ឋាភិបាលរបបសឹកថៃ នឹងមានកញ្ចប់អំណោយធំមួយសម្រាប់ប្រជាជនរបស់ខ្លួន នាពេលឆ្នាំថ្មីខាងមុខដ៏ខ្លីនេះ។ អំណោយនោះ មិនមែនជាការចែកជូនប្រជាជនទាំងអស់ទូទាំងឡើយតែជាគោលនយោបាយជួយដល់ប្រជាជនក្រី វិស័យពន្ធ និងកសិ-ឧស្សាហកម្ម។ ប៉ុន្តែរបបសឹក ក៏បានបញ្ជាក់ថាផងដែរ នេះ ក៏មិនមែនជាប្រភេទអំណោយលាយឡំជាមួយនឹងនយោបាយឡើយ។
គណៈរដ្ឋមន្ត្រីថៃ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា បានបើកភ្លើងខៀវសម្រាប់គ្រប់ក្រសួងទាំងអស់របស់រដ្ឋាភិបាលដើម្បីត្រៀមអំណោយ ដែលរដ្ឋាភិបាលចាត់ទុកថា ជាអំណោយសម្រាប់ចូលឆ្នាំថ្មីដល់ប្រជាជនថៃ។ អំណោយនោះគឺ គោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់ជួយប្រជាជន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃ៥ ធ្នូ។
តាមប្រភពព័ត៌មានដដែលនោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Puttipong Punnakanta បានអះអាងថា គម្រោងជាច្រើនរបស់ក្រសួងផ្សេងៗគ្នា នឹងត្រូវចូលជាធរមាននៅថ្ងៃចូលឆ្នាំថ្មី ពោលគឺឆ្នាំសកល២០១៩ ហើយ គម្រោងដែលរដ្ឋាភិបាលចាត់ទុកថា ជាអំណោយនេះ គឺជាទម្លាប់របស់រដ្ឋាភិបាលតែងតែធ្វើរាល់ពេលពិសេសមួយនេះ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ តាមអ្នកនាំពាក្យ ផែនការដែលរដ្ឋាភិបាលថៃចាត់ទុកថាជាអំណោយនេះ គឺជាការអនុវត្តគោលនយោបាយជួយស្រោចស្រង់ប្រជាជនក្រីក្រី, ផ្តល់ថវិកាបន្ថែមសម្រាប់ប្រជាជនចាស់ជរា, កាត់បន្ថយពន្ធលើទំនិញមួយចំនួន និងជួយឧបត្ថម្ភជនដល់អ្នកដាំដើមកៅស៊ូ និងកសិកម្មមួយចំនួនទៀតផងដែរ។
ខណៈការបោះឆ្នោតជាតិថៃលើកដំបូងក្នុងរយៈ ពេលបួនឆ្នាំ កាន់តែខិតជិតមកដល់ផងដែរនោះ អ្នកនាំពាក្យ ក៏បានសង្កត់ធ្ងន់ទៀតថា កញ្ចប់អំណោយចូលឆ្នាំនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីជួយប្រជាជននោះទេ ហើយក៏ជាសកម្មភាពសាមញ្ញរបស់ក្រសួង ដែលបានរៀបចំសម្រាប់ប្រជាជនប៉ុណ្ណោះ។
ជាក់ស្តែង លោកពន្យល់ថា ការចេញគោលនយោបាយជួយប្រជាជនក្រីក្រី គឺជាគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចថៃរយៈពេលវែងមកហើយ ដែលគោលនយោបាយនេះ មានគោលដៅសម្រាលបន្ទុកដល់ប្រជាជន និងធ្វើឲ្យសេដ្ឋកិច្ចមានលំនឹង ពោលគឺ គោលនយោបាយនេះ គ្មានចេតនាផ្សារភ្ជាប់ជាមួយនឹងនយោបាយអ្វីឡើយ។
គួរជម្រាបផងដែរថា រដ្ឋាភិបាលរបបសឹកថៃ មានលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា បានចាប់ផ្តើមដឹកនាំប្រទេសតាំងពីឆ្នាំ២០១៤មកម្ល៉េះ ពោលគឺ បន្ទាប់ពីលោកឧត្តមសេនីយ៍ បានធ្វើរដ្ឋប្រហារទម្លាក់អតីតនាយកមន្ត្រីស្របច្បាប់ថៃ យីងឡាក់ ស៊ីនណាវ៉ាត់។ នៅដើមឆ្នាំ២០១៩ខាងមុខនេះ ថៃ នឹងរៀបចំឲ្យមានការបោះឆ្នោតជាតិលើកដំបូង បន្ទាប់គ្រប់គ្រងដោយរបបសឹកជាងបួនឆ្នាំហើយ។ ការបោះឆ្នោតនេះ លោកប្រាយុទ្ធ ក៏ត្រូវបានរំពឹងថា នឹងមានវត្តមានផងដែរ ខណៈបក្សនយោបាយមួយរបស់ថៃ ក៏បានបង្ហើបពីចេតនាចង់ឲ្យលោក ឈរជាបេក្ខជននាយករដ្ឋមន្ត្រីផងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com