អន្តរជាតិ
រដ្ឋអាស៊ានពីរ កំពុងស្ថិតក្រោមការពិនិត្យ និងវាយតម្លៃក្នុងដំណាក់កាលទី២ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ
× អគ្គរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃ៥ ធ្នូ បានចេញរបាយការណ៍មួយស្តីសកម្មភាពរបស់ខ្លួន ក្នុងការបំពេញតួនាទីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ដែលរងការរំលោភបំពានដោយសាររដ្ឋាភិបាល ឬអាជ្ញាធរក្នុងស្រុករបស់ពួកគេ។ របាយការណ៍នោះ ក៏មានបញ្ជាក់ពីរដ្ឋមួយចំនួន ដែលរួមទាំងរដ្ឋអាស៊ាន ដែលកំពុងស្ថិតក្រោមការបន្តវាយតម្លៃ មុនឈានដល់ការចោទប្រកាន់នៅនីតិវិធីបន្តបន្ទាប់។
លោកស្រីអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda តាមរយៈរបាយការណ៍សកម្មភាពប្រចាំឆ្នាំ២០១៨ កម្រាស់៧៦ទំព័រ បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់អង្គភាពយុត្តិធម៌មួយនេះក្នុងការស្វះស្វែងវែកមុខរកជនបង្កនៃរបបដឹកនាំរបស់មេដឹកនាំពិភពលោកពីក្រោយ នៃអំពើអមនុស្សធម៌ ហិង្សា និងការទុក្ខបុកម្នេញនានា។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្នុងចំណោមប្រទេស ដែលស្ថិតនៅក្នុងរបាយការណ៍របស់លោកស្រីអគ្គរដ្ឋអាជ្ញា ក៏មានរដ្ឋអាស៊ានចំនួនពីរផងដែរ ដែលរដ្ឋបាលរបស់លោកស្រី កំពុងតែបន្តចាត់ការ។ រដ្ឋទាំងពីរនោះ រួមមាន ហ្វីលីពីន និងមីយ៉ាន់ម៉ា។
តាមរបាយការណ៍ដដែលនោះ រដ្ឋអាស៊ានទាំងពីរនេះ កំពុងស្ថិតក្រោមការពិនិត្យ និងវាយតម្លៃពីអង្គភាពរបស់លោកស្រី ដល់ដំណាក់កាលទី២ហើយ ពោលគឺ គិតចាប់ពីលោកស្រី បានប្រកាសពីយុត្តាធិការក្នុងការចាត់ការលើសំណុំរឿងសិទ្ធិមនុស្ស នៃរដ្ឋទាំងពីរមក ក្រុមតំណាងរបស់អង្គការ មិនដែលមានបំណងបោះបង់ការចោទប្រកាន់វិញឡើយ។
គួរជម្រាបផងដែរថា ស្ថានភាព ដែលធ្វើឲ្យតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ត្រូវពិនិត្យលើមីយ៉ាន់ម៉ា ពាក់ព័ន្ធទៅនឹងបញ្ហាជនភៀសខ្លួនជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា ដែលបានផ្ទុះចេញពីរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា ដែលរបាយការណ៍សិទ្ធិមនុស្សជាច្រើន បានរាយការណ៍ថា មានការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ រាប់បញ្ចូលទាំងការបង្ខំឲ្យចាកចេញពីទីកន្លែងបង្កដោយអាជ្ញាធរ។
ដោយឡែកសម្រាប់ស្ថានភាពហ្វីលីពីនវិញ តុលាការ បានចង្អុលបង្ហាញត្រង់ៗទៅលើបុគ្គល ដែលជាប្រមុខដឹកនាំប្រទេស។ នោះគឺ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដែលតុលាការ សម្រេចពិនិត្យលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ថាអាចធ្លាក់ចូលបទល្មើសប្រឆាំងមនុស្សជាតិ។ ការបន្តពិនិត្យលើមេដឹកនាំប្រទេសរូបនេះ ធ្វើឡើងទាំងលោក ឌូទើតេ បានប្រកាសដកហ្វីលីពីនចេញពីសមាជិកភាពរបស់តុលាការរួចទៅហើយ៕
Tag:
ហ្វីលីពីន
មីយ៉ាន់ម៉ា
ICC
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com