ក្រៅពី​ជួយ​បរិស្ថាន​បំពង់​បឺត​ច្នៃ​ពី​ស្លឹកគ្រៃ​ជួយ​បង្កើន​ឱជា​រស​ភេសជ្ជៈ​មួយកម្រិត
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពី​ជួយ​បរិស្ថាន​បំពង់​បឺត​ច្នៃ​ពី​ស្លឹកគ្រៃ​ជួយ​បង្កើន​ឱជា​រស​ភេសជ្ជៈ​មួយកម្រិត
09, Dec 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ កន្លងមក​គេ​ធ្លាប់​ឃើញ​បំពង់​បឺត ឬ​ទុយោ ច្រើន​ធ្វើ​ពី​បា្ល​ស្ទិ​ក ហើយ​ចុង​ក្រោយនេះ មានការ​ច្នៃ​បំពង់​ឫស្សី ធ្វើ​ទុយោ​ផងដែរ​។ វា​រៀង​ចំឡែក​បន្ដិច នៅពេល​បំពង់​បឺត​ត្រូវបាន​គេ​ច្នៃ​ចេញពី​គល់​ស្លឹកគ្រៃ​។ មើល​មួយ​ភ្លេ​ត គេ​ប្រហែល​គិតថា​វា​ពិបាក​ក្នុង​ការធ្វើ តែ​វា​មិន​ដូច្នោះ​ទេ​។ សណ្ឋាគារ​មួយ​នី​ទីក្រុង​សៀមរាប ត្រូវបាន​គេ​ចាត់ទុកថា​ជា​សណ្ឋាគារ​គំរូ​មួយ ដែល​ច្នៃ​បំពង់​ទុយោ​ពី​គល់​ស្លឹកគ្រៃ​។ គោលបំណង​នៃ​ការច្នៃប្រឌិត​នេះ គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ជួយ​បរិស្ថាន​។ បំពង់​បឺត​ពី​គល់​ស្លឹកគ្រៃ ក្រៅពី​ជួយ​ផ្នែក​បរិស្ថាន វា​ក៏​ជួយ​បង្កើន​ឱជា​រស​ដល់​ភេសជ្ជៈ​ដែល​បឺត​ចេញ​ទាំង​នោះបាន​មួយកម្រិត​ផងដែរ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​កន្លងមក គល់​ស្លឹកគ្រៃ​គឺជា​ប្រភេទ​បន្លែ​មួយបែប ដែល​ពលរដ្ឋ​ខ្មែរ​តែង​ប្រើ​ធ្វើ​គ្រឿង​សម្រាប់​បង់​សម្ល​ដើម្បី​បង្កើន​រសជាតិ​នៃ​ម្ហូបអាហារ​ផ្សេងៗ​។ វា​ហាក់​ចំឡែក​បន្ដិច​ដែរ នៅពេល​គេ​ច្នៃ​ស្លឹកគ្រៃ​ជា​បំពង់​ទុយោ​។ យ៉ាងណា គេ​អាចធ្វើ​វា​បាន​ដោយ​ជោគជ័យ និង​ដោយ​មោទកភាព​។​
 
​សណ្ឋាគារ មេ​ម៉​រ ផា​ឡែ​ស អាច​ចាត់ទុកថា​ជា​សណ្ឋាគារ​ដំបូងបង្អស់ ដែលមាន​គំនិត​ច្នៃ​គល់​ស្លឹកគ្រៃ​ជា​បំពង់​ទុយោ សម្រាប់​ដាក់ឱ្យ​ភ្ញៀវ​ប្រើប្រាស់​ក្នុង​សណ្ឋាគារ​របស់ខ្លួន​។ គេ​អាច​សាកល្បង​បឺត​បំពង់​ស្លឹកគ្រៃ ដែល​ធ្វើឱ្យមាន​អារម្មណ៍​ប្លែក​ម្យ៉ាង គឺ​វា​បាន​បង្កើន​រសជាតិ​នៅ​រាល់​ភេសជ្ជៈ​ទាំងឡាយ​។​


 
​លោក ហែម ចាន់​ដា​រ៉ា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​សណ្ឋាគារ មេ​ម៉​រ ផា​ឡែ​ស បានឱ្យដឹងថា ជាគោលការណ៍​របស់​មេ​ម៉េ គឺ​ធ្វើយ៉ាងណា​ចូលរួម​លុបបំបាត់ ឬ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដែល​ពិភពលោក​ទាំងមូល​កំពុង​ព្រួយបារម្ភ​។ បា្ល​ស្ទិ​ក ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន ហើយ​ជារឿយៗ គេ​តែង​ស្ដាប់ឮ​ចំពោះ​ការអំពាវនាវ​ឱ្យ​ត្បិត​ត្រៀត​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ​ពី​ក្រសួងបរិស្ថាន ក៏ដូចជា​ក្រសួងទេសចរណ៍​កម្ពុជា​ផងដែរ​។ 
 
​សម្រាប់​សណ្ឋាគារ មេ​ម៉​រ បាន​ផ្តើម​យុទ្ធនាការ​ប្រឆាំង​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ ហើយ​តែង​រិះរក​វិធី​ណា ជំនួស​ប្លា​ស្ទិ​ក​ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ចាន់​ដា​រ៉ា ទៅលើ​គោលជំហរ​របស់​សណ្ឋាគា​រ មេ​ម៉​រ​។​
 
​គំនិត​ច្នៃប្រឌិត​យក​ស្លឹកគ្រៃ​ជា​បំពង់​ទុយោ​នេះ ទទួលបាន​ការកោតសរសើ​រ​ជាច្រើន​ពី​សំណាក់​អ​ថិ​តិ​ជន ដែលជា​ភ្ញៀវ​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ​មេ​ម៉​រ​។ ពួកគេ​តែងមាន​ចម្ងល់​ពី​ការច្នៃ​នេះ និង​សុំ​រៀន​ពី​របៀប​ធ្វើ​ពី​ផងដែរ​។​
 
​លោក ចាន់​ដា​រ៉ា លើកឡើងថា ជាក់ស្ដែង​ការផលិត​គល់​ស្លឹកគ្រៃ​ជា​បំពង់​បឺត​នេះ មិន​ពិបាក​ដូច​ការគិត​ឡើយ​។ លោក​ពន្យល់ថា គេ​គ្រាន់តែ​យក​ស្រទាប់​ស្លឹកគ្រៃ​ចំនួន​ពីរ យកមក​ស៊ក​ថ្នេរ​ផ្ទុយ​បញ្ចូល​គ្នា នោះគេ​អាច​ប្រើប្រាស់​បានជា​ការ​ស្រេច​។​
 
​សម្រាប់​ស្លឹកគ្រៃ ដែល​សណ្ឋាគារ​មេ​ម៉​រ ប្រើប្រាស់​សម្រាប់​ការធ្វើ​បំពង់​បឺត គឺ​មួយចំនួន​ដាំ​ដោយ​ខ្លួនឯង និង​ខ្លះ​ជាវ​ពី​ពលរដ្ឋ​នៅ​តំបន់​ក្បែរ​នោះ​។ នេះ​ក៏​ស្របតាម​គោលការណ៍​លើកកម្ពស់​ផលិតផល​របស់​ពលរ​ដ្ឋ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួកគេ​ផងដែរ​។ តាម​ការបញ្ជាក់​របស់​លោក ចាន់​ដា​រ៉ា បរិមាណ​ប្រើប្រាស់​ប្រចាំថ្ងៃ គឺ​អាស្រ័យ​លើ​ភ្ញៀវ​ដែល​ស្នាក់​នៅតាម​ចំនួន​តិច ឬ​ច្រើន​។​
 
​ទាក់ទង​នឹង​វិធីសាស្ដ្រ​សម្អាត​វិញ លោក ចាន់​ដា​រ៉ា ប្រាប់ថា កន្លងមក​ពលរដ្ឋ​ខ្មែរ​តែង​យក​ស្លឹកគ្រៃ​យកទៅ​ធ្វើជា​គ្រឿងផ្សំ ដើម្បី​បង្កើន​ឱជា​រសក្នុង​ម្ហូប​នានា ហើយ​បើ​ទោះ​វា​ដុះ​លើដី​ក៏ពិតមែន តែ​វា​ជា​បន្លែ​មួយ​ដែល​ងាយស្រួល​សម្អាត​បំផុត​។ ចំពោះ​ការយក​ផលិត​ជា​បំពង់​បឺត គឺ​គេ​គ្រាន់តែ​យក​វា​ទៅ​លាង​សម្អាត​ទឹក​ធម្មតា ហើយ​ការប្រើប្រាស់​បានតែ​ម្ដង​ប៉ុណ្ណោះ​។​


 
​ក្រៅពី​បំពង់​បឺត​ពី​គល់​ស្លឹកគ្រៃ ក្នុងនោះ​សណ្ឋាគារ មេ​ម៉​រ ក៏បាន​ច្នៃ​ស្លឹកពោធិ៍​ធ្វើ​ទ្រនាប់​កែវ ជំនួស​ក្រដាស​ផ្សេងៗ​ផងដែរ​។ ក្រៅពី​ប្រើ​របស់​ដែលមាន​ស្រាប់​ពី​ធម្មតា វា​ក៏បាន​រួមចំណែក​កាត់បន្ថយ​ការចំណាយ​បាន​មួយកម្រិត​ផងដែរ​។ សម្រាប់​លោក ចាន់​ដា​រ៉ា ស្លឹកពោធិ៍​មាន​លក្ខណៈ​សិល្បៈ​ស្រាប់ ហើយ​ស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ​។​
 
​ក្នុង​ទស្សនៈវិស័យ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះដែរ ក្រៅពី​ផលិត​គល់​ស្លឹកគ្រៃ ទ្រនាប់​ស្លឹកពោធិ៍ នៅ​មេ​ម៉​រ គេ​អាច​ឃើញ​ចំណុច​មួយចំនួនទៀត​ដែល​បង្ហាញ​ពី​ការគិតគូរ​បរិស្ថាន​ផងដែរ​។ ក្នុង​បន្ទប់​ស្នាក់នៅ មានការ​រចនា​ឱ្យមាន​ពន្លឺ​គ្រប់គ្រាន់ ដោយ​មិន​ចាំ​ប្រើ​អគ្គិសនី​នៅពេល​ថ្ងៃ​។ ក្រៅពីនេះ សណ្ឋាគារ​នេះ​មាន​ម៉ាស៊ីន​ផលិត​ទឹកស្អាត​ដោយផ្ទាល់​ខ្លួន ដូច្នេះ​ពុំមាន​ដប​ទឹក​សុទ្ធ​សម្រាប់​ចរាចរណ៍​ក្នុង​នៅ​សណ្ឋាគារ​នេះឡើយ គេ​ប្រើ​កែវ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​នានា​។​
 
​ការច្នៃប្រឌិត​នានា​ក្នុងការ​ចូលរួម​ជួយ​បរិស្ថាន វា​ហាក់​ក្លាយជា​ការប្រកួតប្រជែង​មួយ​របស់​ម្ចាស់​សណ្ឋាគារ ពិសេស​នៅ​ខេត្តសៀមរាប​។ លោក ចាន់​ដា​រ៉ា យល់​ពី​ចំណុច​នេះ​ថា អតិថិជន​នឹង​មើល​ពី​ចំណុច​នេះ​ជា​អទិភាព មុននឹង​ពួកគេ​មក​ស្នាក់នៅ ពួកគេ​នឹង​សួរ​ខ្លួនឯង​ថា តើ​ការ​ស្នាក់នៅ​របស់​ពួកគេ បាន​ជួយ​អ្វីខ្លះ​ដល់​សង្គម និង​បរិស្ថាន​។ ត្រង់ចំណុច​នេះ​លោក​យល់ថា ចង់​មិន​ចង់ សណ្ឋាគារ​ទាំងអស់ នឹង​មើលឃើញ​ដោយ​ខ្លួនឯង និង​ចូលរួម​កាត់បន្ថយ​អ្វីដែល​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​ខ្លួនឯង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com