ជាតិ
វីដេអូ
ជនជាតិដើមភាគតិចលោក រ៉ូយ ទើប រកចំណូលបានជាង ២០លានរៀលក្នុង១ឆ្នាំ ពីដំណាំកាហ្វេសរីរាង្គ
× មណ្ឌលគិរី៖ រយៈពេល៥ឆ្នាំហើយ ដែលកសិករជនជាតិដើមភាគតិចព្នង លោក រ៉ូយ ទើប បានប្រកបរបរដាំកាហ្វេសរីរាង្គ។ ម្ចាស់ចម្ការកាហ្វេសរីរាង្គដែលស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីរូបនេះ អាចរកចំណូលបានជាង ២០លានរៀលក្នុង១ឆ្នាំពីរបរដាំកាហ្វេនេះ។ តាមរយៈការដាំកាហ្វេសរីរាង្គ បានធ្វើឲ្យជីវភាពគ្រួសារលោក រ៉ូយ ទើប ល្អប្រសើរ ដោយមិនមានការព្រួយបារម្ភចំពោះទីផ្សារ ព្រោះកាហ្វេរបស់លោក ត្រូវបាននាំចេញទៅកាន់បរទេស។
លោក រ៉ូយ ទើប ជាកសិករជនជាតិដើមភាគតិចព្នង រស់នៅភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោក រ៉ូយ ទើប បានដាំកាហ្វេសរីរាង្គនេះ រយៈពេល ៥ឆ្នាំហើយ ដោយមុនដំបូងដាំក្នុងចំនួន ១០០ដើមបណ្ណោះ។ កសិករជាជនជាតិដើមភាគតិចរូបនេះ បានពង្រីកការដាំដុះដំណាំកាហ្វេសរីរាង្គកាន់តែច្រើន ហើយរហូតមកដល់ពេលនេះ លោក រ៉ូយ ទើប បានដាំកាហ្វេចំនួន ៨ ហិកតាផងដែរ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក រ៉ូយ ទើប ជនជាតិដើមភាគតិចដាំកាហ្វេសរីរាង្គនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៖
កាហ្វេសរីរាង្គរបស់កសិករជនជាតិដើមភាគតិចព្នងរូបនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសកូរ៉េ ដែលមានតម្លៃ១ម៉ឺនរៀលក្នុង១គីឡូ។ លោក រ៉ូយ ទើប លើកឡើងថា ដោយសារតែគុណភាពកាហ្វេរបស់លោកល្អហើយឆ្ងាញ់ ជាពិសេសការជឿជាក់លើកាហ្វេសរីរាង្គរបស់លោកដែលមិនបានប្រើប្រាស់ជីគីមី។ ទោះបីមានបទពិសោធន៍ច្រើនលើដំណាំកាហ្វេសរីរាង្គនេះក្ដី ក៏មានផលលំបាកសម្រាប់លោកខ្លះដែរ។
បើតាមលោក រ៉ូយ ទើប អ្នកជិតខាងរបស់លោកមួយចំនួន ដែលជាជនជាតិដើមភាគតិច ក៏បានងាកមកដាំកាហ្វេសរីរាង្គដូចលោកផងដែរ ដោយសារពួកគាត់យល់ថា ដំណាំកាហ្វេនេះ ធ្វើឲ្យជីវភាពធូរធារជាងមុន។ កសិករជនជាតិដើមភាគតិចព្នង ដែលរស់នៅខេត្តមណ្ឌលគិរីនេះ មានបំណងពង្រីកការដាំដុះបន្ថែម ព្រោះតម្រូវការកាហ្វេសរីរាង្គបច្ចុប្បន្នមានការគាំទ្រច្រើន។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel:
https://goo.gl/D6xQBv ៕