អន្តរជាតិ
ជប៉ុន​ជោគជ័យ​អនុម័ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី ដោយ​បើកទ្វារ​កាន់តែ​ធំ​ទទួល​ពលករ​បរទេស​
09, Dec 2018 , 10:29 pm        
រូបភាព
ក្រុមបក្សប្រឆាំងជប៉ុន ទាញក្បាលមេក្រូពីប្រធានសភា ក្នុងគោលបំណងផ្អាកការប្រកាសឲ្យចាប់ផ្តើម​បោះឆ្នោត អនុម័តច្បាប់អន្តោប្រវេសន៍ថ្មី នៅសភាជាន់ខ្ពស់ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព- Kyodo News
ក្រុមបក្សប្រឆាំងជប៉ុន ទាញក្បាលមេក្រូពីប្រធានសភា ក្នុងគោលបំណងផ្អាកការប្រកាសឲ្យចាប់ផ្តើម​បោះឆ្នោត អនុម័តច្បាប់អន្តោប្រវេសន៍ថ្មី នៅសភាជាន់ខ្ពស់ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព- Kyodo News
ដោយ:
​សភា​ជាន់ខ្ពស់​ជប៉ុន (Upper house) នៅ​ថ្ងៃ​សៅរ៍​ទី​០៨ ខែធ្នូ បានអនុម័ត​ច្បាប់​អន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស់​មួយ ដោយ​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​រាប់ម៉ឺន​នាក់  មក​រស់នៅ និង​បម្រើការ​ក្នុងប្រទេស​ខ្លួន​។  ច្បាប់​ថ្មី​នេះ  នឹង​បើកទ្វារ​ជប៉ុន​កាន់តែ​ធំ​ទូលាយ  ក្នុង​គោលដៅ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម  ដែល​កើតចេញពី​ការថយចុះ​នៃ​កំណើត​ប្រជាជន និង​ការកើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់ជរា​។​

 
​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ថ្មី  ដែល​ទើបតែ​ត្រូវបាន​សភា​ជាន់​ទាប​សម្រេច​អនុម័ត កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា​កន្លងទៅ  ជា​ចុងក្រោយ ត្រូវបាន​អនុម័ត​នៅក្នុង​ព្រឹទ្ធសភា​ជប៉ុន ក្នុង​សំឡេងគាំទ្រ ១៦១ ទល់នឹង ៧៦​។ ក្រោម​ប្រព័ន្ធ​អន្តោប្រវេសន៍​ថ្មី​នេះ  រដ្ឋាភិបាល​ជប៉ុន​មាន​គោលដៅ​ទទួលយក​ពលករ​បរ​ទេស​ប្រមាណ ៣៤៥ ០០០ នាក់ ក្នុង​វិស័យ​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម  រួមមាន សំណង់ កសិកម្ម  សេវ​កម្ម​ដឹកជញ្ជូន ថែទាំ​សុខភាព និង​វិស័យ​ផ្សេងៗ​ទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បានបញ្ជាក់​ទៅកាន់​សភា​ជប៉ុន​កាលពី​ថ្ងៃទី ០៦ ខែធ្នូ​ថា​៖ «​យើង​មានបំណង​ចាប់ផ្តើម​ច្បាប់​ថ្មី​នេះ ក្នុង​ខែមេសា ឆ្នាំ​២០១៩ ដោយសារតែ​យើង​ត្រូវការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ថ្មី​មួយ  ក្នុង​គោលដៅ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម ដែល​កំពុង​ជួបប្រទះ​សព្វថ្ងៃនេះ​»​។ 
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ​នេះ​ត្រូវបាន​លេច​រូបរាង​ឡើង  ក្នុង​រយៈពេល​ប្រមាណ​ជាង​២​ខែ​ប៉ុណ្ណោះ ក្រោយពី​លោក​ស៊ីន​ហ្សូ អា​បេ បានប្រកាស​ស្នើ​គម្រោង​ប្រព័ន្ធ​អន្តោប្រវេសន៍​ថ្មី​នេះ ទោះបីជា​ក្រុម​បក្សប្រឆាំង​ទាមទារ​ឲ្យ​មាន​ការតស៊ូ​មតិ​លម្អិត​ជាង​នេះ​ក៏ដោយ​ក្តី​។​
 
​តាមពិតទៅ ជប៉ុន​មាន​ប្រពៃណី​រឹតត្បិត​ចំពោះ​ការទទួលយក​ពលករ​ទេស មក​ធ្វើការ​ក្នុងប្រទេស​ខ្លួន លើកលែងតែ ពលករ​មាន​ជំនាញ​ខ្ពស់ ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល​។ ប៉ុន្តែ​ចំពោះ​ប្រព័ន្ធ​ថ្មី​នេះ គេ​មើលឃើញថា វា​ជាការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​របស់​ក្រុង​តូ​ក្យូ​ទាក់ទង​នឹង​គោ​លន​យោ​យ​បាយ​អន្តោប្រវេសន៍​របស់​ខ្លួន​។​
 
 
​ប្រព័ន្ធគ្រប់គ្រង​ជនអន្តោប្រវេសន៍​របស់​ជប៉ុន​ថ្មី​នេះ  ដែល​ត្រៀម​ចូល​ជា​ធរមាន នា​ខែមេសា​ឆ្នាំ​ក្រោយនេះ នឹង​បង្កើតជា​ទិដ្ឋាការ​ប្រភេទ​ថ្មី​ចំនួន​ពីរ​សម្រាប់​ពលករ​បរ​ទេស​។ ទីមួយ​គឺមាន​សុពលភាព​៥​ឆ្នាំ​សម្រាប់​ពលករ​បរទេស ដែល​អាច​និយាយ​ភាសា​ជប៉ុន​បានល្អ និង​ស្ថិតក្នុង​វិស័យ​កំពុង​ខ្វះខាត​ខាងលើ​។  
 
​ហើយ​ទី​ពីរ​វិញ​នោះ​គឺ​សម្រាប់​ពលករ​មាន​ជំនាញ​ខ្ពស់ ដែល​ពួកគេ​ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​នាំ​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ថែម​ទៀតផង​។ ជាពិសេស សម្រាប់​ទិដ្ឋាការ​ប្រភេទ​ទី​ពីរ​នេះ រដ្ឋាភិបាល​ពុំបាន​កំណត់​ចំនួន​ការផ្តល់​ចំនួន​ទិដ្ឋាការ​ជាថ្មី​ឡើយ​។ នេះ​មានន័យថា ពួកគេ​អាចមាន​សិទ្ធិ​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន​ជា​រៀងរហូត​ថែម​ទៀតផង​។​
 
​យោងតាម​ក្រសួង​ការងារ​ជប៉ុន ចំនួន​ពលករ​បរទេស​ក្នុងប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ ១,២៨​លាន​នាក់ គិត​ត្រឹម​ចុងខែ​តុលា​នេះ ដែល​កើនឡើង​ពី​ចំនួន ៦៨​ម៉ឺន​នាក់ កាលពី​ឆ្នាំ​២០១២​។ ក្នុងចំណោម​ពលករ​បរទេស​ទាំងអស់ ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ​បំផុត​ដែល​ស្មើនឹង​៣៧​ម៉ឺន​នាក់ និង​តាម​ពីក្រោយ​ដោយ​វៀតណាម និង​ហ្វីលីពីន​៕
 

Tag:
 ជប៉ុន​
  ច្បាប់​អន្តោប្រវេសន៍​
© រក្សាសិទ្ធិដោយ thmeythmey.com