អន្តរជាតិ
ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នឹង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់​ក្នុង​មួយឆ្នាំ​
09, Dec 2018 , 9:44 pm        
រូបភាព
​ការសម្រេច​គោលដៅ​កាត់បន្ថយ​ការបំពុល​បរិយាកាស​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ នឹង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​មួយ​លាន​នាក់ និង​កាត់បន្ថយ​ការខាតបង់​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​នៅត្រឹម​ឆ្នាំ ២០៥០ ។  នេះ​ជាការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក​តាមរយៈ​របា​យ​ការណ៍​របស់ខ្លួន​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​។


 
​របាយការណ៍​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​លោក (WHO) ដែល​ចេញផ្សាយ​នៅ​កិច្ចប្រជុំ​អាកាសធាតុ​លើក​ទី ២៤ (COP24) នៅ​ក្រុង Katowice ប្រទេស​ប៉ូឡូញ ថ្ងៃ ៥​ខែធ្នូ​បានផ្តល់​អនុសាសន៍​ថា ការសម្រេច​ឲ្យ​បាន​នូវ​ការប្តេជ្ញាចិត្ត​ក្រោម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នឹង​ទប់ស្កាត់​ការស្លាប់​របស់​មនុ​ស្សរា​ប់​លាន​នាក់ និង​ខាតបង់​សេដ្ឋកិច្ច​ធំធេង​ផង​។​
 
​របាយការណ៍​នេះ​បាន​កត់សម្គាល់ថា ចំណុច​ទាក់ទង​គ្នា​រវាង​ការប្រែប្រួល​អាកាសធាតុ និង​ការបំពុល​ខ្យល់អាកាស​គឺ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​។ ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល​ផង និង​ជាដើម​ហេតុ​នៃ​ការបំពុល​ខ្យល់អាកាស​ផង​។​
 
​ចំណែក ការដុត​ផូស៊ីល​ឥន្ធនៈ​ដើម្បី​បង្កើត​ថាមពល ការដឹកជញ្ជូន រោងចក្រ​ឧស្សាហកម្ម​សុទ្ធសឹង​ជា​ប្រភព​សំខាន់​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ដែល​បង្កើត​ការប្រែប្រួល​អាកាសធាតុ និង​ប្រភព​ចម្បង​នៃ​ការបំពុល​បរិយាកាស​នេះដែរ​។ ហើយ​ការប្រែប្រួល​អាកាសធាតុ​នេះ​ក៏​បង្កើត​ផលប៉ះពាល់​ផ្សេងទៀត​ដល់​សុខភាព​តាមរយៈ​ការកើនឡើង​នៃ​រលក​កម្តៅ​, ព្យុះ​, ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ផងដែរ​។ 
 
​យោងតាម​អង្គការ​សុខភាព​ពិភពលោក គ្រាន់តែ​ការបំពុល​បរិយាកាស​តែមួយ​នឹងធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៧​លាន​នាក់​ទូទាំង​ពិភពលោក និង​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ ៥,១១ ទ្រី​លាន​ដុល្លារ​ថែមទៀត បើ​ពិភពលោក​មិន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ទេ​។​
 
​ជុំវិញ​បញ្ហា​នេះ វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភព​បាន​ពន្យល់ថា កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ប្រហែលជា​កិច្ចព្រមព្រៀង​ដែលមាន​សក្តានុពល​លើសគេ​ក្នុង​សតវត្ស​នេះ​ក្នុងការ​ថែរក្សា​សុខុមាលភាព​ពិភពលោក​ជាពិសេស​ទប់ស្កាត់​ការកើនឡើង​នៃ​អ្នករងគ្រោះ​ដោយសារ​ការបំពុល​បរិយាកាស​នេះ​។ 
 
​វេជ្ជបណ្ឌិត​រូបនេះ​បន្តថា ការកាត់បន្ថយ​ការដុត​ផូស៊ីល​ឥ​ន្ធៈ និង​បន្ថយ​កម្រិត​ឧស្ម័ន​កាបូ​និ​ច​ទៅ​បរិយាកាស​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ទេ ប៉ុន្តែ​វា​ជួយ​កែប្រែ​ស្ថានភាព​បំពុល​បរិយាយ​កាស​នៅ​ទូទាំង​ពិភពលោក​ដែរ​។ ដូច្នេះហើយ វេជ្ជបណ្ឌិត​រូបនេះ​សង្កត់ធ្ងន់ថា ប្រជាជាតិ​ទាំងអស់​មិនអាច​ពន្យារ​ពេល​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នោះឡើយ បើសិនជា​មិន​ចង់​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ​ដ៏​ធំ​ដែល​មិន​នឹកស្មាន​ដល់​។​
 
 «​ភស្តុតាង​គឺ​ច្បាស់លាស់​ណាស់​ដែលថា ការប្រែប្រួល​អាកាសធាតុ​កំពុង​បង្កើន​ផលប៉ះពាល់​ខ្លាំង​លើ​ជីវិត​មនុស្ស និង​សុខភាព​មនុស្ស​ទូទៅ​។ វា​គំរាមកំហែង​រាល់​សមាសធាតុ​ទាំងឡាយណា​ដែល​យើង​ត្រូវការ​ដើម្បី​រក្សា​សុខភាព​យើង​ឲ្យ​ល្អ​ក្នុងនោះ​មាន​ទឹកស្អាត​, ខ្យល់​បរិសុទ្ធ និង​ចំណីអាហារ​មាន​ជីវជាតិ​និង ទីជម្រក​ដែលមាន​សុវត្ថិភាព​។ វា​នឹង​បន្តធ្វើ​ឲ្យ​សុខភាព​ពិភពលោក​ដុនដាប​ពីថ្ងៃ​នេះ​ទៅដល់​រាប់​ទសវត្សរ៍​ខាងមុខ​ទៀត​។ យើង​មិនអាច​ពន្យារពេល​បន្តទៀត​ដោយ​មិន​ធ្វើ​សកម្មភាព​អ្វី​សោះឡើយ​»​។ នេះ​ជាការ​ពន្យល់​របស់​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus​។ 
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​គោលដៅ​ទប់ស្កាត់​ការកើនឡើង​កម្តៅ​នៃ​ភពផែនដី​ឲ្យ​ត្រឹម ២ អង្សា ហើយ​បើ​អាច​ឲ្យ​កាន់តែ​ទាប​ត្រឹម ១,៥​អង្សា​នៅត្រឹម​ឆ្នាំ ២១០០ ធៀប​នឹង​កម្រិត​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​។ កិច្ចព្រមព្រៀង​ដដែល​នេះ​ក៏​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍ​ទាំងអស់​កៀងគរ​ហិរញ្ញវត្ថុ​ឲ្យ​បាន ១០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០ ដើម្បី​ជួយ​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។    
 
​ដើម្បី​សម្រេច​គោលដៅ ប្រជាជាតិ​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​បាន​ប្តេជ្ញាចិត្ត​កៀងគរ​វិភាគទាន​ទាំង​ឯកជន​និង​សាធារណៈ​ឲ្យ​បាន​សរុប​១០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០ ដើម្បី​ជួយ​គាំទ្រ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ប្រទេស​ងាយ​រងគ្រោះ​ខ្លាំង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។​
 
​តាមពិតទៅ ការបញ្ចេញ​របាយការណ៍​ថ្មី​នេះ​ពី​ផលប៉ះពាល់​លើ​សុខភាព​ប្រជាជន​ដោយសារ​ការបំពុល​បរិយាកាស​នេះដែរ លើ​ត​ឡើង​ស្រប​ពេលដែល​ប្រជាជន​ជិត ២០០​ទូទាំង​ពិភពលោក​ប្រមូលផ្តុំ​គ្នា​នៅ​វេទិកា​អាកាសធាតុ​លើក​ទី ២៤ (COP24) ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​នៅ ទីក្រុង​Katowice ប្រទេស​ប៉ូឡូញ​ដើម​សប្តាហ៍​នេះ​។  គោលដៅ​សំខាន់​នៃ​កិច្ចប្រជុំ​ឆ្នាំនេះ​គឺ​បញ្ចប់​ការចរចា​បង្កើត​សៀវភៅ​ណែនាំ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥​ដែល​ផ្តោតលើ​ការតាមដាន វាយតម្លៃ និង​កំណត់​ពី​វិធីសាស្ត្រ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​នេះ​ដូចគ្នា​។ បើ​មានការ​បញ្ចប់​ការបង្កើត​សៀវភៅ​ណែនាំ​ត្រឹម​ឆ្នាំនេះ គេ​រំពឹងថា ការ​ព​ន្លឿ​ន​និង​បង្កើន​សកម្មភាព​ចូលរួម​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ដែរ​ដើម្បី​សង្គ្រោះ​ភពផែនដី​៕ 
 

Tag:
 ប្រែប្រួល​អាកាសធាតុ​
  បំពុលបរិយាកាស​
  COP24
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com