អន្តរជាតិ
ប្រធានាធិបតីមីយ៉ាន់ម៉ា សម្រេចឲ្យមានអង្គភាពទប់ស្កាត់អំពើពុករលួយតាមស្ថាប័នសាធារណៈនីមួយៗ ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ឈរជាមួយលោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី (រូបភាព៖ Myanmar Times)
× រដ្ឋាភិបាលក្រុងណៃពិដោរ បានសម្រេច និងអនុម័តឲ្យមានការបង្កើតអង្គភាពតាមដាន និងទប់ស្កាត់អំពើពុករលួយ នៅក្នុងអង្គភាពនានារបស់រដ្ឋាភិបាល។ ការសម្រេចឲ្យមានបែបនេះ គឺជាផ្នែកមួយ នៃគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីផ្តល់លទ្ធភាពឲ្យអង្គភាព អាចដោះស្រាយសំណុំរឿងតូចៗបានទាន់ពេល ខណៈសំណុំរឿងស្មុគស្មាញ ត្រូវបញ្ជូនទៅគណៈកម្មាធិការប្រឆាំងអំពើពុករលួយ។
លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint នៅថ្ងៃ ៩ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលោក បានសម្រេចយល់ព្រម បង្កើតអង្គភាពទប់ស្កាត់អំពើពុករលួយរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋាភិបាលនីមួយៗ។ សេចក្តីថ្លែងការណ៍នេះផងដែរធ្វើឡើងស្របពេលដែលមានការប្រារព្ធទិវាប្រឆាំងអំពើពុករលួយសាកលដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ The Irrawaddy។
លោកប្រធានាធិបតី បានលើកឡើងថា អំពើពុករលួយ ពិតជាគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងស្តង់ដារ នៃការរស់នៅរបស់ប្រជាជន ហើយក៏ជាឧបសគ្គក្នុងការវិនិយោគបរទេស និងការកាត់បន្ថយភាពក្រីក្រី ដែលបញ្ហានេះហើយ លោក អះអាងថា ជាហេតុផល ដែលរដ្ឋាភិបាល សន្យាប្រយុទ្ធប្រឆាំងអំពើពុករលួយជាមួយនឹងឆន្ទៈនយោបាយយ៉ាងមុតមាំ។
តាមការបញ្ជាក់បន្ថែមរបស់ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយ លោក Aung Kyi ការបង្កើតនេះ នឹងបង្កើនការទទួលខុសត្រូវនៅក្នុងស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសាធារណៈឲ្យកាន់តែខ្លាំងឡើងៗក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ប្រមុខគណៈកម្មាធិការរូបនេះ បានសង្កត់ធ្ងន់ថា អង្គភាពទប់ស្កាត់អំពើពុករលួយ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ នៅក្នុងស្ថាប័ននីមួយៗ ហើយការបង្កើតនេះ ក៏មិនប៉ះពាល់លើសមត្ថកិច្ចរបស់គណៈកម្មាធិការផងដែរ ដ្បិតអង្គភាពទប់ស្កាត់អំពើពុករលួយ អាចការបានត្រឹមតែសកម្មពុករលួយតូចប៉ុណ្ណោះ។ សម្រាប់អ្នកសម្រេចបានការងារតាមដាននេះបានល្អ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានជារង្វាន់លើកទឹកចិត្តផងដែរ។
មុនពេលនៃការប្រកាសរបស់លោកប្រធានាធិបតី ប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយ ក៏បានប្រកាសជាចំហក្នុងការចាត់វិធានទៅលើមន្ត្រីស៊ីសំណូក ឬប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពដោយមិនរើសមុខឡើយ៕
Tag:
មីយ៉ាន់ម៉ា
ពុករលួយ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com