ជាតិ
​​​ន​យោ​បាយ​ជាតិ​
NGO ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ
10, Dec 2018 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​រដ្ឋាភិបាល មានគំនិត​ផ្ទុយគ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​មន្ត្រី​រដ្ឋាភិបាល មើលឃើញ​ពី​ភាពល្អប្រសើរ​នៃ​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​ទៅវិញ​។​


 
​ដូច​រាល់​ឆ្នាំ​ដែរ ការឆ្លើយ​ឆ្លង​គ្នា​ពី​រឿង​សិទ្ធិមនុស្ស ត្រូវបាន​លើកឡើង​តាម​ការយល់ឃើញ​របស់​មន្ត្រី​រដ្ឋាភិបាល និង​អ្នកធ្វើការ​លើ​ផ្នែក​សិទ្ធិមនុស្ស​។ សម្រាប់​មន្ត្រី​រដ្ឋាភិបាល បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺមាន​ភាពប្រសើរឡើង បើ​ធៀប​ទៅនឹង​ប្រទេស​ធំៗ​នៅក្នុង​សាកលលោក​។ ចំណែក​មន្ត្រី​ធ្វើការ​លើ​ផ្នែក​សិទ្ធិមនុស្ស ឬ​អ្នកការពារ​សិទ្ធិសេរីភាព តែងតែ​លើកយក​ចំណុច​អវិជ្ជមាន​ទៅប្រាប់​ឲ្យ​រដ្ឋាភិបាល​កែលម្អ​។​
 
​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​ចូលរួម​បញ្ចេញមតិ​ខ្លួន ក្នុង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​និយាយថា សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពិតជា​មានការ​ធ្លាក់ចុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​មិន​ត្រឹមតែ​សហគមន៍ជាតិ​នោះទេ សូម្បីតែ​អន្តរជាតិ​ក៏បាន​មើលឃើញ និង​លើកឡើង​បញ្ហា​សិទ្ធិមនុស្ស​នេះ មក​និយាយ​ជាមួយ​រដ្ឋាភិបាល​ផងដែរ​។ បើតាម​លោក អំ សំអាត បញ្ហា​សិទ្ធិមនុស្ស ដែល​លោក​ឃើញ​ធ្លាក់​យ៉ាងគំហុក​នោះ គឺ​នៅក្នុង​ឆ្នាំ​២០១៧​តែម្ដង​។ 

​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ លោក អំ សំអាត (នៅខាងឆ្វេង) ។ រូបពីហ្វេសប៊ុកសម្ព័ន្ធសមាគមកសិករកម្ពុជា។
 
​ថ្លែង​ចំពោះមុខ​មន្ត្រី​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព និង​ប្រជាពលរដ្ឋ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​១០ ធ្នូ​នេះ លោក សំអាត បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ថ្មីៗ​នេះ​សហគមន៍​អឺរ៉ុប​បានលើកឡើង​ពី​បញ្ហា​នេះហើយ​ក៏បាន​ដាក់​ឱសានវាទ ១​ឆ្នាំ ដើម្បី​ឲ្យ​កម្ពុជា​ស្តារឡើងវិញ​ពី​លទ្ធិ​ប្រជា​ធិ​ប​ត្យ និង​ការ​គោរ​សិទ្ធិមនុស្ស ដោយ​គេ​ភ្ជាប់​លក្ខខណ្ឌ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បើ​មិនមាន​ការស្ដារ​ទេ គេ​ជូនដំណឹង​ក្នុងការ​ផ្ដាច់​»​។ 
 
​សម្រាប់​លោក រ៉ុង ឈុន ដែល​បាន​កាន់​ក្បាល​មេក្រូ និយាយ​ពី​ចំណុច​អវិជ្ជមាន​នៅក្នុង​ផ្នែក​នយោបាយ ដែលជា​ដើមចម​នាំ​ប៉ះពាល់​ដល់​បញ្ហា​សិទ្ធិមនុស្ស​នោះ ហ៊ាន​វាយតម្លៃថា បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​មានកា​រ​ធ្លាក់ចុះ​ដល់​ចំនុចសូន្យ​។ ការវាយតម្លៃ​បែបនេះ ក៏​ព្រោះតែ​លោក រ៉ុង ឈុន ផ្ដោតទៅលើ​ទឡ្ហីករណ៍ ដែល​រដ្ឋាភិបាល​បានធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សហជីព និង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​។ សម្រាប់​លោក រ៉ុង ឈុន ទង្វើ​របស់​រដ្ឋាភិបាល​បែបនេះ គឺជា​ការបិទ​សិទ្ធិសេរីភាព​សហជីព និង​សង្គម​ស៊ីវិល​។​
 
«​ក្នុង​ឆ្នាំ​២០១៧ យើង​ឃើញ​មាន​អាជ្ញាធរ​បាន​ចាប់​អ្នកនយោបាយ​ជា​បន្តបន្ទាប់ ដាក់ពន្ធនាគារ ដូចជា​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់មក​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពលរដ្ឋ​គាំទ្រ​ជាង​៣​លាន​នាក់ នេះ​ជា​បញ្ហា​ចម្បង​។ បន្ទាប់មកទៀត​ការបោះឆ្នោត​នៅ​ថ្ងៃ​២៩ កក្កដា ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​ថ្កោលទោស​ថា ការបោះឆ្នោត​មិន​គោរព​ច្បាប់ មិន​គោរព​សិទ្ធិ​ប្រជាធិបតេយ្យ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​សមាគម គ្រូបង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន​។​

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ឈរកាន់ក្បាលមេក្រូថ្លែងចំពោះមុខសាធារណៈជន

​មិនមែន​មានតែ​ខាង​សង្គម​ស៊ីវិល និង​សហជីព​ទេ ដែល​ប្រារព្វ​សិទ្ធិមនុស្ស​នេះ ខាង​រដ្ឋាភិបាល ក៏​ប្រារព្វ​សិទ្ធិមនុស្ស​ដែរ​។ ប៉ុន្តែ​ផ្ទុយ​ពី​ចំណុច​អវិជ្ជមាន ដែល​ខាង​សង្គម​ស៊ីវិល​លើកឡើង​ខាង​លើនេះ ខាង​រដ្ឋាភិបាល បានមើលឃើញ​ពី​ភាពវិជ្ជមាន ក្នុងការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​កម្ពុជា​ទៅវិញ​។ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​និយាយថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន បើ​ប្រៀប​ជាមួយ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី រួមទាំង​ប្រទេសជិតខាង​ផងដែរ​។ 


លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (រូបពីហ្វេសប៊ុកលោក កែវ រ៉េមី)
 
​ត្រង់ចំណុច​នេះ លោក កែវ រ៉េមី បាន​និយាយ​ចំៗ​ថា នៅ​អូ​ស្រា្ត​លី ក៏មាន​បញ្ហា​សិទ្ធិមនុស្ស​ដែរ ពាក់ព័ន្ធ​នឹង​ការសុំ​សិទ្ធិ​ជ្រកកោន​ពី​ជនភៀសខ្លួន​។ ដោយឡែក សហរដ្ឋអាមេរិក​វិញ ក៏មាន​បញ្ហា​សិទ្ធិមនុស្ស​ច្រើន​ដូចគ្នា​។​
 
​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ ដែល​រៀបចំឡើង​នៅ​សាល​មហា​ស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១០ ធ្នូ​នេះ ប​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រូបនេះ បាន​និយាយថា​៖« ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​ទាក់ទង​បណ្តា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក គឺមាន​បញ្ហា​សិទ្ធិមនុស្ស​ទាំងអស់ គ្រាន់តែ​បញ្ហា​សិទ្ធិមនុស្ស​នេះ មាន​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​»​។

អត្ថបទទាក់ទង



លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
 
​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​នេះ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែ​មុន ក៏បាន​លើក​ទៅ​និយាយ​ជាមួយ​លោក កែវ រ៉េមី ដែរ​។ លោកស្រី ស្មី​ត បានស្នើ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រក​ផ្លូវ​ជំរុញ​ដំណើរការ​វឌ្ឍនភាព នៃ​សេរីភាព យុត្តិធម៌ ជាពិសេស​ការគោរព និង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​រឹងមាំ​។ សម្រាប់​លោកស្រី ស្មី​ត អ្វីដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​សហការ​ជាមួយ​លោកស្រី ឲ្យ​បាន​មុតមាំ​នោះ គឺ​ត្រូវការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បើតាម​អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ ផ្លូវ​ដែល​រដ្ឋាភិបាល​ត្រូវ​ដើរទៅ​មុខ​នោះ គឺ​ការធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស ដើម្បី​គេចចេញ​ពី​បញ្ហា​ប្រឈម​ប្រមុខ​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​៕

Tag:
 សិទ្ធិមនុស្ស​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com