ជាតិ
ក្រសួងទេសចរណ៍ រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​៩​ម៉ឺន​នាក់ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​
12, Dec 2018 , 7:59 am        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ក្រសួងទេសចរណ៍ រំពឹងទុក​ថា​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងតិច​៩​ម៉ឺន​នាក់​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​សាលា​ខេត្តកោះកុង កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​។


 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយថា ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​សម្របសម្រួល​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំងសងខាង ក្នុងការ​ទៅមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តកោះកុង និង​ខេត្ត​ត្រាត រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នេះ​ផងដែរ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយថា​៖«​ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ហើយ​មានបំណង​ចង់​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ ត្រូវយក​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​ប្រសិនបើ​មាន​កូនចៅ​ក្មេងៗ​ទៅជា​មួយ ត្រូវដាក់​រូបថត​រប​ស់​ពួកគេ​ទៅជា​មួយ​ផង ដើម្បី​បញ្ជាក់ជូន​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រកព្រំដែន​ចាំ​យាម​»​។​


 
​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកោះកុង ក៏បាន​សហការគ្នា​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួនទៀត សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ក្នុងឱកាស​បុណ្យ​សមុទ្រ​ផងដែរ ដូចជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ តំបន់​អេកូ​ទេសចរណ៍​ឆាយ​អា​រ៉ែ​ង តា​តៃ ព្រៃកោងកាង ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្លង រមណីយដ្ឋាន​ចេតិយ​ឃុន​ឆាង តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀតផង​ដែរ​។​
 
​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​និយាយថា ក្រុមការងារ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​តំបន់​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ក្នុង​ខេត្ត​សម្រាប់​ពិធីបុណ្យ​សមុទ្រ​រួចរាល់​ហើយ​។ 
 
«​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» ជា​ប្រធានបទ​ត្រូវបាន​លើកឡើង​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ដែល​នឹង​ប្រព្រឹត្ត​នៅក្នុង​ខេត្តកោះកុង នា​ថ្ងៃទី​១៤-១៥-១៦ ខែធ្នូ​ខាងមុខនេះ​៕

Tag:
 ក្រសួងទេសចរណ៍​
  បុណ្យ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com